បរទេស៖ រូបភាពរាងស្រអាប់ចំលែកមួយ មានទ្រង់ទ្រាយប្រៀបបីដូចជាមនុស្សស្រី ត្រូវបានគេ ថតចាប់បាន នៅលើភពព្រះអង្គារ កាលពីពេលកន្លងទៅនេះ។

រូបភាពចម្លែកគួរឱ្យសង្ស័យមួយនោះ ត្រូវបានថតបានដោយ មនុស្សយន្ត Curiosity Rover របស់អង្គការណាសា (NASA) ដែលជាប្រភេទមនុស្សយន្តមួយ​ មានសមត្ថភាពរុករករូងរណ្តៅធំៗ នៅលើភពព្រះអង្គារ ឬ ភពក្រហម។

យោងទៅតាមវេបសាយសារព័ត៌មាន UFO Sightings Daily បានឲ្យដឹងថា ទំរង់រូបរាងនោះ គឺជាភ័ស្តុតាង ដែលបង្ហាញឱ្យឃើញថា «មានជីវិតនៅលើភពនោះ» ។

យ៉ាងណាមិញ វាពិតជាពិបាកណាស់ ក្នុងការអះអាងថាតើរូបភាពនោះ ជារូបមនុស្សមានជីវិត ឬគ្រាន់តែជារូបសំណាក់យូរមកហើយ ដែលមានរូបរាងស្រដៀងទៅនឹងមនុស្ស ឬក៏យ៉ាងណា។

ផ្ទុយទៅវិញវេបសាយ UFO Sightings Daily បានសង្កត់ធ្ងន់ថា បើសិនជារូបនោះ គ្រាន់តែជារូបថ្ម ដែលមានរូបរាងដូចមនុស្ស គួរណាស់តែវាត្រូវរងនូវសំនឹក ឬការបំផ្លាញដោយបរិយាកាសនៅទីនោះ ជាមិនខានឡើយ ។ ដូចនេះ វាមានឱកាសច្រើន ដែលអាចជារូបរាងមនុស្សមានជីវិត។

គួរបញ្ជាក់ផងដែរថា បើតាមរូបភាពចាប់បានរបស់មនុស្សយន្ត​ Rover បង្ហាញថា រូបស្រដៀង មនុស្សស្រីនោះ មានកំពស់ប្រហែល ៨ ទៅ ១០ សង់ទីម៉ែត្រ ។ ប្រភពដដែលបានបន្តទៀតថា «វាគួរតែទាញនូវការចាប់អារម្មណ៍ពីប្រទេសនានាលើពិភពលោក ថាមានជីវិត នៅលើភពព្រះអង្គារនោះ»។

នេះគឺជាការរកឃើញថ្មីមួយទៀត បន្ទាប់ពី រូបក្តាមចំលែកមួយ ដែលគេថតបានដោយ អង្គការ NASA នៅលើភពព្រះអង្គារផងដែរ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះដែរ៕

ប្រភព៖ Mirror

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]