ភ្នំពេញ ៖ គិតមកដល់ថ្ងៃនេះ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេង ប្រចាំផលិតកម្មថោន លោក ណាំ ប៊ុណ្ណា រ័ត្ន បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ ព្យាបាលរបួស អស់រយៈពេលមួយយប់មូយថ្ងៃរួចមក ឃើញថា ស្ថានភាពមុខរបួស ជាពិសេសត្រង់កន្លែងភ្លៅ ឆ្អឹងដងកាំបិត និងដៃ បានធូស្រាល ច្រើនគួរសម បន្ទាប់ពីគ្រូ ពេទ្យបានវះកាត់ អបឆ្អឹងដែករួចរាល់ ។

កាលពី ថ្ងៃទី២៥ខែកក្កដា ឆ្នាំ ២០១២ ខណៈណាំ ប៊ុណ្ណារ័ត្ន ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្រុងភ្នំពេញ គេសង្កេតឃើញមានមិត្តភក្តិជាសិល្បករ-សិល្បការិនីជាច្រើននាក់ ព្រមទាំងចាងហ្វាង ផលិតកម្ម ថោនផងនោះ បានមកសួរសុខទុក្ខ ដល់មន្ទីរពេទ្យយ៉ាងសស្រាក់សស្រាំ ដោយអ្នកខ្លះ បានសុខចិត្តផ្តល់ឈាម ទុកបម្រុង ឲ្យគ្រូពេទ្យពេល ត្រូវការឈាមបញ្ចូលជាបន្ទាន់ អ្នកខ្លះឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗជាពិសេស ចាង ហ្វាងផលិតកម្ម ក៏បានយកចិត្តទុកដាក់ទៅលើ ណាំ ប៊ុណ្ណារ័ត្ន យ៉ាងខ្លាំង ហើយក៏បានជួយចេញថ្លៃព្យា បាល ប្រហែលជាខ្ទង់១ពាន់ ដុល្លារផងដែរ ។

លោក ឯល ប៊ុណ្ណា ជាឪពុកបង្កើតរបស់ ណាំ ប៊ុណ្ណារ័ត្ន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ល្ងាចថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០១២ នេះថា ណាំ ប៊ុណ្ណារ័ត្ន មានកម្លាំងកំហែងឡើងវិញហើយ ដោយអាចញ៉ាំ បបរ និងចំនីផ្សេងបាន ។ ប៉ុន្តែនៅឈឺត្រង់មុខរបួស បន្ទាប់ពីវះកាត់ដាក់ឆ្អឹងរួច ។ លោក ឯល ប៊ុណ្ណា បាន និយាយថា "កូនខ្ញុំ បានធូរគ្រាន់បើហើយ អាចញ៉ាំបបរបាន បន្ទាប់ពីគ្រូពេទ្យ បានវះកាត់កន្លែងបាក់បែកអប ឆ្អឹងដែក តែមិនទាន់អាចដើរបានទេ ព្រោះនៅឈឺមុខរបួស ប៉ុន្តែប្រហែលជា ២ទៅ៣ថ្ងៃ ទៀត គ្រូពេទ្យអាច អនុញ្ញាតឲ្យចេញទៅផ្ទះបាន "។

លោក ឯល ប៊ុណ្ណា បានបន្ថែមទៀតថា "បើនិយាយទៅខាងម្ចាស់ផលិតកម្ម ក៏គាត់យកចិត្តទុកដាក់ មក សួរ សុខទុក្ខ និងបានឧបត្ថម្ភថវិកាខ្លះៗជួយថ្លៃចេញព្យាបាល ឯអ្នកសិល្បៈជាច្រើនទៀត ក៏បានទៅមើលជាបន្ត បន្ទាប់ ដោយអ្នកខ្លះថែមទាំង ផ្តល់ឈាមទុកនៅទីនោះ ដើម្បីទុកបញ្ចូលឲ្យណាំ ប៊ុណ្ណារ័ត្ន ពេលរូបគេខ្វះឈាម ហើយ គិតមកដល់ថ្ងៃនេះការចំណាយទៅលើការព្យាបាល គឺអស់ប្រហែលជាជាង២ពាន់ដុល្លារហើយ   ហើយ គ្រូពេទ្យក៏មិនឲ្យនៅយូដែរ ២ឬ៣ថ្ងៃទៀត គឺអាចចាកចេញទៅព្យាបាលបន្តនៅផ្ទះបាន "។

យ៉ាងណាមិញ លោក ឯល ប៊ុណ្ណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាអ្នកសិល្បៈទាំងអស់ ជា ពិសេសចាងហ្វាងផលិតកម្មថោន ដែលបានខ្នះខ្នែង ចូលរួមជួយយ៉ាងសស្រាក់សស្រាំ មិនគិតពីការនឿយ ហត់ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ពួកគេពិតជាចេះសាមគ្គីគ្នា ចេះស្រលាញ់រាប់អានគ្នា និងចេះជួយរំលែកទុក្ខ គ្នា ពេលអ្នកណាម្នាក់ ជួបហេតុការណ៍ អាក្រក់ណាមួយកើតឡើង ដែលធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្ដៅ ។
ក្រោយជាសះស្បើយ ណាំ ប៊ុណ្ណារ័ត្ន នឹងវិលទៅបន្តការងារសិល្បៈជាធម្មតាដូចដើម ព្រោះនៅក្នុងផលិតកម្ម ថោន តារាចម្រៀងរូបនេះ មានតួនាទីជាច្រើន ដូចជា គ្រប់គ្រងស្ទួឌីយោថតសម្លេង ដឹកនាំការសម្តែងខារ៉ាអូខេ និពន្ធបទភ្លេង និងទំនុកច្រៀង គ្រប់គ្រងការកាត់ត និងមើលការខុសត្រូវក្នុងផលិតកម្មជាច្រើនផ្នែកទៀត ដែល អាចនិយាយបានថា ណាំ ប៊ុណ្ណារ័ត្ន ជាសសរទ្រូងមួយយ៉ាងសំខាន់ សម្រាប់ផលិតកម្មថោន ដែលមិនអាចអត់ ធនធានមនុស្សរូបនេះបានឡើយ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]