ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អាវុធហត្ថ​ខេត្ត ដឹកនាំ​សម្របសម្រួល​ ដោយ​លោក ហួត វិចិត្រ ព្រះ​រាជ​អាជ្ញារង ​អម​សាលា​​ដំបូង​ខេត្ត និង​​បញ្ជា​ផ្ទាល់​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​ កងរាជអាវុធហត្ថ ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ ​ឡោម​ព័ទ្ធ​ និង​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ជនសង្ស័យ ​ជា​មេខ្លោង​ក្រុម​ចោរប្លន់ ​អាជីវករ​លក់​មាស-​ដូរ​លុយ​នៅ​ផ្សារ​ចិន ​ក្រុងព្រះសីហនុ ។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​កាលពី​រសៀល​ ថ្ងៃ​ទី​០៣ សីហា ២០១៥ នៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ ​ជា​លទ្ធផល​គឺ ឃាត់ខ្លួន​បាន​ ជនសង្ស័យ​ម្នាក់​ឈ្មោះ ណាំ វ៉​ន ហៅ អួ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ជា​មេខ្លោង​នៃ​អំពើ​ប្លន់​អាជីវករ​ លក់​មាស-​ដូរ​លុយ​ នៅ​ផ្សារ​ចិន ក្រុងព្រះសីហនុ​កាល ពី​វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៥ កន្លង​ទៅ​នេះ និង​អំពើ​លួច-​ប្លន់​ជា​ច្រើន​ករណី​ទៀត​នៅ​ ខេត្ត​ព្រះ​សីហ​នុ និង​បណ្តា​ខេត្ត​ក្បែរ​ៗ​នេះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បាន ​វត្ថុ​តាង​មួយ​ចំនួន​ធំ ​ដែល​សង្ស័យ​ ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ផង​ដែរ ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​ ខេត្ត​ធ្វើការ​សាក សួរ និង​ស្រាវជ្រាវ​បន្ត​ដើម្បី ​ចាប់​បក្ខពួក​​បន្ថែម​​ទៀត ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]