ខេត្តបាត់ដំបង ៖ នគរបាល​ចរាចរ​មួយ​រូប​នៅ​ក្រុង​បាត់ដំបង​ប្រាប់​កោះសន្តិភាព​ថា មាន​ដឹង​ទេ​... យប់មិញ រថយន្ត​កញ្ញា​សា​សា បាន​​បុក​ជាមួយ​រ៉ឺ​ម៉ក​ដឹក​ទឹកកក​ឡើង​កំ​ពិត​មុខ​រថយន្ត​ខ្លួនឯង​ទៅ​មុខ​លែង​​រួច ។

កោះសន្តិភាព​បាន​ធ្វើការ​តប​វិញ​ថា ដឹង​តិច​ៗ​ដែរ ប៉ុន្តែ​មិនសូវ​ច្បាស់​ទេ កំពុង​តាមដាន ត្រូវ​បាន​មន្ត្រី​នគរបាល​ចរាចរណ៍​​ដដែល​ប្រាប់​បន្ថែម​ថា ក្រោយ​ពេល​បុក​គ្នា​ភ្លា​ម កញ្ញា​សា​សា​ដែល​ជិះ​រថយន្ត​មាន​គ្នា​២​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាម​ៗដែរ ដោយ​រថយន្ត​គ្នា​​ឯង​មួយទៀត ហើយ​ស្លាក​លេខ​រថយន្ត ក៏​ត្រូវ​បាន​ដោះ​ចេញពី​រថយន្ត​ដែរ ។ រឿង​គ្រោះថ្នាក់​នេះ មិន​បាន​អូស​បន្លាយ​វែង​ឆ្ងាយ​ទេ ព្រោះ​រវាង​ភាគី​ទាំង​២ បាន​ដោះស្រាយ​គ្នា​បញ្ចប់ មិន​ពិបាក​ឱ្យ​នគរបាល​ដោះស្រាយ​ឡើយ ។

ប្រភព​ជឿជាក់​ដដែល​និយាយ​ថា ក្នុង​រាត្រី​ថ្ងៃអាទិត្យ ទី​២ សីហា កញ្ញា​សា​សាបើករថយន្ត​ទំនើប​មួយ ពណ៌​.​ស មាន​គ្នា​ជាតា​រា​ពី ៥ ទៅ​៦​នាក់ ដោយ​រថយន្ត​២​គ្រឿងបាន​ទទួលទាន​អាហារ​នៅ «​តោ​២» ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​មួយ​ឆ្អែត​ហើយ ក៏​បាន​ណាត់​កក់​សា​ឡុ​ង​នៅ​ក្លិប​កម្សាន្ត​មួយ​ឈ្មោះ «​ស្តា​ឡាយ​» ។ ម៉ោង​១១​យប់ ក៏​នាំ​គ្នា​ចេញដំណើរ​ពី​ហាង​តោ​២ ឆ្ពោះទៅ​ក្លិប​កម្សាន្ត​ស្តា​ឡាយនោះ ។

រថយន្ត​២​គ្រឿងក៏​ចេញដំណើរ ដែល​រថយន្ត​កញ្ញា​សា​សាជិះ​គ្នា​២​នាក់ បើក​តាម​ក្រោយ ។ ពេល​រថយន្ត​មក​ដល់​ចំណុច​កែង​ផ្លូវ​មុខ​គ្លីនិក​វិសាល​សុខ កណ្តាល​ក្រុង​បាត់ដំបង ក៏​បុក​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកទឹកកក​មួយ​គ្រឿង រុញ​រ៉ឺ​ម៉ក​ត្រឡប់ត្រឡិន​កំ​ពិត​មុខ​រថយន្ត​ទំនើប​ពណ៌​.​ស ។ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​ៗ រថយន្ត​មិត្តភក្តិ ដែល​បើកមុខ ​ក៏​បាន​បក​ក្រោយមក​ដោះស្រាយ​បញ្ហា​
ភ្លាម​ៗ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរ​ប្រាប់​ថា កញ្ញា​សា​សាត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាម​ៗ ស្រវឹង​គួរសម ព្រោះ​ក្នុង​បំណង កុំឱ្យ​អ្នកកាសែត មក​ថត​ទាន់ មិនដឹង​ថា នាង​របួស ឬ​អត់​ទេ គឺ​អ្នកកាសែត​ម៉ោង​១១​យប់​នោះ ចេញដំណើរ​ទៅ​ថត​មិន​ទាន់​មែន ។ ឯ​កម្មវិធី​​​កម្សាន្ត​នៅ​ក្លិប​ស្តា​ឡាយ ក៏​ត្រូវ​លុប​ចោល​ដែរ ព្រោះ​វា​ស៊យ​ពី​កណ្តាល​ទី​ទៅ​ហើយ ។

ម៉ោង​០២​ជាង​បន្តិចមុននេះ​ ​ថ្ងៃ​ទី​០៣ សីហា ​កោះសន្តិភាព​បាន​ទូរស័ព្ទ​ជួប​កញ្ញា​សា​សា​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​នាង​អត់​លើក​ទេ ។ លុះ​ទូរស័ព្ទ​លើ​ទី​២ស្រាប់តែ​លែង​ចូល ប្រៀប​ដូច​បិទ​ទូរស័ព្ទ​តែ​ម្តង ។ ដោយសារ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ពុំ​មាន​ព័ត៌មាន​ផ្សេង​ទៀត​ឡើយ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]