ម៉ាឡេស៊ី៖ ទោះបីជា រូបកាយស្លាប់មែនពិត តែនាងនៅតែបន្តរស់នៅ ក្នុងបេះដូង ក៏ដូចជាការចងចាំ របស់អ្នករាល់គ្នា ជាពិសេសមិត្តប្រុសសំណព្វចិត្ត ដែលតែងសរសេរសារ ក្តុកក្តួល បញ្ជាក់ពី ការស្រលាញ់ ចំពោះមិត្តស្រីកំសត់នេះ និងមនុស្សប្រាំនាក់ដទៃទៀត ដែលបាន ទទួលយកសរីរាង្គរបស់នាង បន្ទាប់ពីនាងស្លាប់ផងដែរ។

ជាអកុសល នារីកំសត់ឈ្មោះថា Carmen អាយុ ១៨ឆ្នាំ បានស្លាប់ នៅថ្ងៃអង្គារ៍ ទី២៥ កក្កដា កន្លងទៅនេះ បន្ទាប់ពីនាងបានដួលសន្លប់ និងដាច់សរសៃរឈាមខួរក្បាល នៅឯសាលា ពហុបច្ចេកទេស Nanyang ប្រទេសសឹង្ហបុរី ជាកន្លែងដែលនាងសិក្សា។


រូបភាព របស់នារីកំសត់ ដែលបានស្លាប់នោះ

ក្នុងគ្រាដែលCarmen សន្លប់មិនទាន់ដឹងខ្លួននៅឡើយ មិត្តប្រុសរបស់នាង ឈ្មោះថា Shaun Teh អាយុ ១៩ឆ្នាំ តែងសង្ឃឹមថា មិត្តស្រីខ្លួន នឹងអាចក្រោកពីការសន្លប់ស្តូកស្តឹង ហើយបន្តដំណើរ ជាមួយខ្លួនបាន តទៅទៀតនោះ បានចែកចាយរូបភាពរបស់នាង នៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន និងបានសរសេរសារ រៀបរាប់ពីការស្រលាញ់ ចំពោះនាងថា៖ «នារីដែលល្អ និងផ្អែមល្ហែមបំផុតក្នុងលោក។ ដល់ពេលត្រូវ ក្រោកហើយអូនសម្លាញ់! ងើបឡើង ហើយផ្តល់ ស្នាមថើបដ៏ផ្អែមល្ហែមឲ្យមកបង, អូខេ? ពួកយើងកំពុងតែធ្វើការបួងសួងឲ្យអូន។ បងស្រលាញ់ អូនខ្លាំងណាស់ អូនគឺជាអ្វីៗទាំងអស់របស់បង ហើយបងក៏មិនចង់បាត់បង់អូនដែរ។ ត្រូវតែខំប្រឹងក្នុងការប្រយុទ្ធនេះ និងរក្សាជំហរឹងមាំណាអូន»។

ទោះជាអស់រយៈពេលជាងមួយអាទិត្យ នាងនៅតែមិនធូរស្រាលក៏ដោយ ក៏បុរសជាសង្សារ នៅតែមិនអស់សង្ឃឹម ហើយបានបន្តចែកចាយរូបភាពផ្អែមល្ហែម របស់ពួកគេ និងចំនួនថ្ងៃ ដែលគិតពីពេលដែលពួកគេ បានស្គាល់គ្នាលើបណ្តាញសង្គម Instagram ផងដែរ។

នៅថ្ងៃដែល Carmen ស្លាប់ លោក Shaun បានបង្ហោះសារក្តុកក្តួល និងរំជួលចិត្តមួយទៀត ដែលទទួលបានជាង 500 like  និងសាររំលែកទុកជាច្រើន ពីសំណាក់មិត្តរបស់ពួកគេ ដោយបានបួងសួង ក៏ដូចជាលើកទឹកចិត្ត Shaun ឲ្យរឹងមាំឡើង។ យ៉ាងណាមិញ Carmen ស្លាប់មែនពិត តែនាងនៅតែគិតដល់អ្នកដទៃ ព្រោះនាងបានធ្វើការបរិច្ចាគ សរីរាង្គឲ្យទៅអ្នកដទៃ ដែលត្រូវការវា ចំនួន៥នាក់ផងដែរ។ ចំពោះសពរបស់នាង ត្រូវបានយកមកដល់ ព្រលានយន្តហោះ Penang នៅម៉ោង៨ល្ងាច ថ្ងៃទី០៣ កក្កដា និងធ្វើការបូជា រសៀលម៉ោង ២ ថ្ងៃទី ០៣ សីហា នេះ។

គួរបញ្ជាក់ឡើងវិញថា Carmen គឺជាកូនទោល ហើយនាងទទួលបាន អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ពីមជ្ឈមណ្ឌលជាតិផ្នែកបេះដូង នៅប្រទេសសឹង្ហបុរី កាលពី ២ខែមុន បន្ទាប់ពីនាងទទួលបាន 8As ក្នុងការប្រឡង SPM កន្លងទៅនេះ៕


ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]