អាមេរិក៖ ម្តាយ និងកូនស្រី មានការភ្ញាក់ផ្អើល ពេលត្រឡប់មកដល់ផ្ទះវិញ ឃើញប៉ោងប៉ោង និងសារដែលខ្លួនបង្ហោះនៅទីបញ្ចុះសពប្តី បែរជានៅឯផ្ទះពួកគេទៅវិញ។


ប៉ោងប៉ោង និងសារដែលបានបង្ហោះ

ស្រី្តមេម៉ាយឈ្មោះ Sandy និងកូនស្រី ឈ្មោះ Saige នៅរដ្ឋ Oklahoma បានចំណាយពេល ក្នុងទិវាលោកឪពុក នៅឯទីបញ្ចុះសព មនុស្សជាទីស្រឡាញ់ របស់ខ្លួនឈ្មោះ លោក Johnny Seibold ដែលបានចែកឋាន ទៅកាលពីពេលថ្មីៗនេះ។ អ្នកទាំងពីរបាន បង្ហោះប៉ោងប៉ោងមួយ ដែលមានភ្ជាប់ជាមួយ សារមួយសន្លឹក ដោយសង្ឃឹមថា នឹងមានការឆ្លើយតបមកវិញ នៅពេលក្រោយ។

ក្រោយពីធ្វើអី្វៗ ចប់រួចរាល់អស់ហើយ ម្តាយ និងកូនស្រី បានត្រឡប់មកផ្ទះវិញ លើចំងាយផ្លូវប្រហែល ៤០គីឡូម៉ែត្រ។ ទើបក្រោយមកអ្នកទាំងពីរ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល ប៉ោងប៉ោងនិងសារ ដែលពួកគេបានបង្ហោះ នៅឯទីបញ្ចុះសពនោះ បានបង្ហាញខ្លួន នៅឯផ្ទះទៅវិញ។


លោក Johnny Seibold និងកូនស្រី Saige

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Sandy និងកូនស្រី Saige កំពុងបន្តការកាន់ទុកប្តី និងឪពុករបស់ខ្លួន លោក Johnny ដែលបានស្លាប់ ដោយជំងឺកាលពី ខែឧសភានេះនៅឡើយ។ អ្នកស្រីបានគិតថា ការបង្ហោះ ប៉ោងប៉ោងជាមួយសារ  នឹងអាចជួយដល់ ប្តីរបស់អ្នកស្រី ងាយស្រួលក្នុងការទាក់ទងមកវិញ។ អ្នកស្រីបាននិយាយថា៖ "ពួកយើងគិតថា ការបង្ហោះប៉ោងប៉ោង ទៅកាន់ឋានសួគ៌នោះ គឺជាគំនិងល្អមួយ"។ 

អ្នកស្រីបានឲ្យដឹងទៀតថា នៅពេលដែលកូនស្រីរបស់គាត់ បង្ហោះប៉ោងប៉ោងនោះ ខែ្សបូររបស់ប៉ោងប៉ោង បានទាក់ជាប់ជាមួយនឹង ខ្សែលួសបណ្តាលឲ្យវា មិនអាចហោះបាន។ គាត់ក៏បានបួងសួងថា៖ "សូមព្រះជួយឲ្យប៉ោងប៉ោង របស់នាងអាចហោះបានផង" ហើយប្រហែល ១នាទីក្រោយមក ក៏ស្រាប់តែមានខ្យល់ បក់កួចយកប៉ោងប៉ោងនោះ ទៅបាត់ទៅ។

ក្រោយពីត្រឡប់ពី ទីបញ្ចុះសព មកដល់ផ្ទះវិញនោះ នាង Saige បានដើរទៅកាន់ទី ដែលធ្លាប់ធ្វើការរួមគ្នា ជាមួយឪពុករបស់ខ្លួន ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ស្រាប់តែប្រទះឃើញ ប៉ោងប៉ោងនិងសារនៅទីនោះមិនគួឲ្យជឿ។

នាង Saige បាននិយាយថា៖ "ខ្ញុំចាប់ផ្តើមយំភ្លាម ខ្ញុំគិតថា វាជាសារផ្ញើរពីឪពុករបស់ខ្ញុំ"។

អ្នកស្រី Sandy ក៏បានបានប្រាប់ ឲ្យដឹងដែរថា កូនស្រីគាត់ និងគាត់ ពិតជាមិនចង់ជឿ អំពីរឿងនេះទេ ប៉ុន្តែអ្នកទាំងពីរ មានអារម្មណ៍ល្អណាស់ នៅពេលដឹងថា មនុស្សជាទីស្រឡាញ់ របស់ខ្លួនកំពុងនៅទីណានោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព NBC

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]