ខេត្ត​ស្វាយ​រៀង​ ៖ ជន​ជា​តិ​វៀត​ណាម​ជិត​១០០​នាក់​បាន​នាំ​គ្នា​ជួល​អង្រឹង​ដេក​នៅ​ក្នុង​រោង​ជាប់​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម​ខាង​ក្រោយ​ផ្សារ​រាត្រី​នៅ​ក្បែរ​អង្គ​ភាព​នគរ​បាល​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​បាវិត​ចម្ងាយ​១០០​ម៉ែត្រ​។ ជន​ជាតិ​វៀត​ណាម​ទាំង​នេះ​ត្រូវ​គេ​សង្ស័យ​ថា ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​គ្មាន​លិខិត​ឆ្លង​ដែន ហើយ​លួច​ចូល​មក​តាម​ច្រក​របៀង​នានា​ក្នុង​ក្រុង​បាវិត​ទៅ​លេង​ល្បែង​នៅ​ក្នុង​កាស៊ី​ណូក្រុង​បាវិត​ រួច​ពេល​យប់​ក៏​នាំ​គ្នា​ទៅ​ជួល​អង្រឹងដេក​ទម្រាំ​ដល់​ភ្លឺ​ពួក​គេ​នឹង​ចាក​ចេញ​ទៅ​ប្រទេស​វៀត​ណាម​វិញ ឬ​ក៏​ចាក​ចេញ​ទៅ​ទី​ណា​ក៏​គ្មាន​អ្នក​ណា​ដឹង​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​២​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២ សីហា ២០១៥ នៅ​ចំណុច​ក្រោយ​ផ្សារ​រាត្រីក្បែរ​ទី​ស្នាក់​ការ​អង្គ​ភាព​នគរ​បាល​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​បាវិត​ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត​ ក្រុង​បាវិត​។

បើ​តាម​ជន​ជាតិ​វៀត​ណាម​ម្នាក់​បាន​ឱ្យ​ដឹង​ថា គាត់​ឈ្មោះ​យឿង ហ្វាងយុង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់​នៅ​ទី​ក្រុង​ហូ​ជី​មិញ​​ ប្រទេស​វៀត​ណាម​។ ពួក​គេ​៥នាក់​បាន​មក​ប្រទេស​កម្ពុជា​៣​ថ្ងៃ​ហើយ​ គឺ​ចូល​តាម​ច្រក​របៀង​ក្នុង​ក្រុង​បាវិត ហើយ​បាន​បង់​ប្រាក់​ឱ្យ​ប៉ុស្តិ៍​ច្រក​របៀង​១៥​ម៉ឺន​ដុង​។

ពួក​គេ​ចូល​មក​កម្ពុជា​ក្នុង​គោល​បំណង​មក​លេង​ល្បែង​ក្នុង​កាស៊ី​ណូ​ក្រុង​បាវិត​។ ប្រភព​ដដែល​បន្ត​ថា ពួក​គេ​ចូល​លេង​ល្បែង​នៅ​ក្នុង​កាស៊ី​ណូ​នៅ​វេលា​ម៉ោង​៩ព្រឹក​រហូត​ដល់​ម៉ោង​២​យប់​ទើប​ពួក​គេ និង​អ្នក​មក​លេង​ល្បែង​ដទៃ​ទៀត​នាំ​គ្នា​ទៅ​ជួល​អង្រឹង​ដេក​រហូត​ដល់​ម៉ោង​៩​ព្រឹក​វិញ​ទើប​ចាក​ចេញ​ ហើយ​កន្លែង​ជួល​អង្រឹង​ដេក​នោះ​គ្រាន់​តែ​ទិញ​កាហ្វេ​ផឹក​ និង​ទិញ​បាយ​ ឬ​មី​ស្រុះមួយ​ចាន​អាច​ដេក​បាន​ហើយ​មិន​ចាំ​បាច់​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]