ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​១​គ្រឿង​ ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស្លែ មាន​ដឹកឈើ​ពេញ បាន​បង្ក​គ្រោះថ្នាក់ ​ចរាចរណ៍​ដ៏​រន្ធត់ ដោយ​បាន​ទៅ​បុក​ជាមួយ នឹង​ម៉ូតូ​ចំនួន​២​គ្រឿង កាលពី​វេលា​ម៉ោង​ ០៧ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​​ចំណុច​មុខ ​ស្ថានីយប្រេងឥន្ធនៈ​របស់ ​ឈ្មោះ​ស៊ីវ យាំង ភេទ​ប្រុស ក្នុងភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ បណ្តាល​ឱ្យ​មនុស្ស​ ៣​នាក់​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​៦​នាក់ ហើយ​ត្រូវ​បាន ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ចំណែក​អ្នកបើកបរ​ រថយន្ត​ដឹកឈើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

លោក​វរសេនីយ៍ត្រី​សូ សា​រ៉ាត់ នាយការិយាល័យ​នគរបាល​ចរាចរ​ ផ្លូវគោក​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​បាន​បើក​ចេញពី​កើត​មក​លិច តាម​បណ្តោយ​ផ្លូវជាតិ​ មាន​ផ្ទុក​ឈើ​ពេញ​បើកបរ​ ដោយ​ឈ្មោះ​ឡុ​ង វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្ទៃ​ទី​២ ឃុំ​កក់ ស្រុក​ពញាក្រែក ដឹក​មនុស្ស​២​នាក់ ក្នុង​នោះ​មាន​១-​ឈ្មោះ​ជុន វ​ត្តី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​ប្រពន្ធ (​ស្លាប់​) ២-​ឈ្មោះ​កុយ ភ័ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ព្រូ (​របួសធ្ងន់​) នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ ​ចរាចរ​ផ្លូវគោក​ខេត្ត​បន្ត​ថា ស្រប​ពេល​ដែល ​រថយន្ត​នេះ​ដឹកឈើ​បើក​មក​ដល់​ត្រង់​ភូមិ​ដារ​ កណ្តាល ឃុំ​ដារ ដោយ​បាន​ប្រើប្រាស់​ ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ​ចំនួន​២​គ្រឿង ដែល​បើក​បញ្ច្រាសទិស​គ្នា គឺ​ម៉ូតូ​ទី​១​ម៉ាក​C 100 កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ប៉ា ណា​ក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ភូមិ​ទ្រៀក ឃុំ​ដារ ស្រុក​មេមត់ (​ស្លាប់​) ភ្លាម​ៗ​ឌុ​ប​គ្នា​ ២​នាក់​ទៀត មានឈ្មោះ​ភ​ន់ ខ្ញិ​ល ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ប្រពន្ធ​របួសធ្ងន់ និង​ឈ្មោះ​ណា​ក់ វ​ណ្ណា ភេទ​​ប្រុស អាយុ​៣​ឆ្នាំ ជា​កូន​ស្លាប់​នៅ​នឹង​កន្លែង ។ រួច​បាន​បាន​ជ្រុល​មក​បុក​ម៉ូតូ​ទី​២ ម៉ាក​គុប​មូល​ពណ៌​ ស្លែ​ពាក់​ស្លាក​លេខ​កំពង់​ចាម​1i-0854 បើកបរ​ដោយ​ឈ្មោះ​តុង ស្រស់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឆ្ង​ជើង ឃុំ​ដារ ស្រុក​មេមត់ រង​របួសធ្ងន់​ឌុ​ប​គ្នា​ពីរ​នាក់ ក្នុង​នោះ​មានឈ្មោះ​ទួន ស៊ី​ម ភេទ​ស្រី អាយុ​៣០​ឆ្នាំ របួសធ្ងន់ និង​ឈ្មោះ​តុង ថា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​អ្នក​ឌុ​ប​ទាំងអស់​គ្នា​របួសស្រាល ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]