ជប៉ុន៖ ក្រុមហ៊ុនតូយ៉ូតា បាននាំយកមក នូវមនុស្សយន្តថ្មី​ ដែលមានមុខងារ ជាអ្នកថែទាំអ្នកជម្ងឺ ដែលអាច ជួយសម្រួល និងបម្រើ ដល់អ្នកជម្ងឺ បានដូចជា ហុចសំភារៈ ថ្នាំពេទ្យ ទឹក និងតេឡេបញ្ជា ទូរទស្សន៍ ផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុន ផលិតរថយន្ត ដ៏ធំមួយ របស់ប្រទេសជប៉ុន បានផលិតមនុស្សយន្ត ដែលមានឈ្មោះថា Human Support Robot ឬហៅកាត់ថា HSR មានកម្ពស់ ១៣៥សង់ទីម៉ែត្រ មានដៃតែមួយ អាចចាប់កាន់វត្ថុ និងរបស់តូចៗ ដែលមានទម្ងន់ ប្រហែល ១,២ គីឡូក្រាមបាន ដូចជា ថ្នាំពេទ្យ ដបទឹក តេឡេបញ្ជា រូបថត និងក្រដាស ទៅតាម​ការបញ្ជា របស់អ្នកប្រើប្រាស់។ HSR ក៏ត្រូវបានដាក់បង្ហាញ នៅក្នុងកម្មវិធី តាំងពិព័រណ៍មួយ ដែលស្តីពី សុខមាលភាព និងបច្ចេកវិទ្យា ថែទាំអ្នកជម្ងឺ នៅក្នុងក្រុង Yokohama ប្រទេសជប៉ុន ផងដែរ។

ជាការពិតណាស់ វិស្វករផលិតមនុស្សយន្តនេះ បានរំពឹងថា វានឹងអាច ជួយមើលថែ ដល់អ្នកជម្ងឺ ជាជនពិការ ក៏ដូចជា មនុស្សចាស់ជរាទូទៅ បានយ៉ាងមានប្រសិទ្ធភាព ផងដែរ។

ជាក់ស្តែង លោក Kouichi Ikeda ដែលជាវិស្វករ ដឹកនាំគម្រោងផលិតនេះ បានមានប្រសាសន៍ថា "វាមានសារៈសំខាន់ណាស់ ចំពោះមនុស្ស ដែលមានបញ្ហាឆ្នឹងខ្នង និងឈឺសន្លាក់ដៃជើង ដែលពិបាក ក្នុងការអោនងើប ចាប់កាន់ របស់របរអ្វីមួយ"។ លោកបានបន្តទៀតថា “ទោះបីជា HSR គ្រាន់តែធ្វើកិច្ចការ សាមញ្ញក៏ដោយ តែវាបានធ្វើឱ្យ អ្នកពិការ មានភាពសប្បាយ រីករាយ យ៉ាងខ្លាំង ផងដែរ។

មនុស្សយន្ត HSR ត្រូវបានបំពាក់ដោយ កាមេរ៉ាជាច្រើន ដើម្បីចង្អុលបង្ហាញ ផ្លូវជុំវិញខ្លួនវា រួមទាំងកាមេរ៉ា ពីរទៀត នៅលើក្បាល ដែលមានលក្ខណៈ ដូចភ្នែកអីចឹង។ អ្នកអាចប្រើប្រាស់ និងគ្រប់គ្រង មនុស្សយន្ត HSR នេះបាន តាមរយៈទូរស័ព្ទដៃទំនើប (Smartphone) ដោយគ្រាន់តែ ចុចលើរូបភាព ដែលបង្ហាញនៅលើ អេក្រង់ទូរស័ព្ទ ដែលចាប់ដោយកាមេរ៉ា នៅលើភ្នែក របស់មនុស្សយន្តនោះ ហើយយើងក៏អាច ធ្វើការបញ្ជា ឱ្យវាទៅយកវត្ថុអ្វីមួយ បានយ៉ាងងាយស្រួល ផងដែរ។

ជាងនេះទៅទៀត កាមេរ៉ានៅលើក្បាលរបស់វា អាចចាប់យករូបភាព និងបង្ហាញចេញជាវីដេអូ ដែលមានន័យថា គិលានុបដ្ឋាយិការ ដែលនៅឆ្ងាយ អាចពិនិត្យអ្នកជម្ងឺ ដោយមិនចាំបាច់ នៅទីនោះឡើយ ហើយក៏អាចបញ្ជាវា ឱ្យថ្នាំដល់អ្នកជម្ងឺ ផងដែរ។ ជាមួយគ្នានេះដែរ វាក៏អាចនិយាយ ទៅកាន់អ្នកជម្ងឺ នូវអ្វីដែលវា កំពុងធ្វើទៀតផង។

ចំណែកឯលោក Tadashi Hatakenaka អ្នកគ្រប់គ្រង និងជាវិស្វករ នៅឯមជ្ឈមណ្ឌល Yokohama Rehabilitation Centre ក៏បានមានប្រសាសន៍ ផងដែរថា “មនុស្សមានអារម្មណ៍ស្រណុក សុខស្រួលជាងមុន ក្នុងការប្រើ មនុស្សយន្ត HSR ឱ្យបំរើដល់ពួកគេ ជាជាងប្រើមនុស្ស”៕


ប្រភព៖ asiantown

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]