ភ្នំពេញៈ បន្ទាប់ពីគេហទំព័រ Looking TODAY បានធ្វើការចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «សុខ ពិសី ផ្ទុះសំឡេងរិះគន់ថា កែសម្ផស្សខ្លាំងពេក បែរជាអាក្រក់មើលជាងមុន» ម្ចាស់សាម៉ីខ្លួន កញ្ញា សុខ ពិសី បានប្រញាប់ប្រញាល់ ចេញមុខប្រតិកម្មទាំងហួសចិត្ត និងការរិះគន់នោះថា នាងមិនបានចាយទុន កែសម្ផស្ស ដូចការរិះគន់និង លើកឡើងនោះទេ។

តារាចម្រៀងសំឡេងស្រទន់ កញ្ញា សុខ ពិសី បានថ្លែងប្រាប់គេហទំព័រ Looking TODAY ថា សម្រាប់ការរិះគន់ដែលថា នាងចាយទុនកែកុនសម្រស់ ខុសប្លែកពីទម្រង់មុខដើមនោះ មិនមែនជាការពិតទេ ព្រោះថានាងមិនបានកែកុនសម្រស់ទេ មូលហេតុដែលធ្វើឲ្យទម្រង់មុខ នាងហាក់មានការខុសប្លែក ពីមុនគឺដោយសារតែអ្នកផាត់មុខតែប៉ុណ្ណោះ មិនមានហេតុផលអ្វីផ្សេងទេ ។

តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនបានកែសម្រស់យកផ្ទៃមុខ ទៅប៉ះជាមួយចុងកាំបិទទេ ហើយមួយទៀតមូលហេតុ ដែលខ្ញុំមានភាពស្រស់ស្អាត ប្លែកពីមុន ដោយសារតែបច្ចេកទេសរបស់អ្នក Make Up ប៉ុណ្ណោះ ដោយគាត់មានការតុបតែងមុខ ឲ្យខ្ញុំបែបប្លែក ខុសពីមុនធ្វើឲ្យស្អាតជ្រុល នាំមានការយល់ច្រឡំ បែបនេះតែម្តងទៅ...»។

នៅក្នុងនោះដែលតារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ជាធម្មតាសម្រាប់អ្នកសិល្បៈ មិនអាចតម្រូវ ចិត្តមហាជនគ្រប់ស្រទាប់ទេ ពោលគឺតែងតែមានអ្នកស្អប់ និងស្រលាញ់យើងវាជារឿងធម្មតា ទន្ទឹមនឹងមានការរិះគន់ពីទស្សនិកជនមួយផ្នែកនោះ នាងក៏បានទទួលបានការគាំទ្រ និងសរសើរពីអ្នកគាំទ្រជាច្រើន នៅលើបណ្តាញ Facebook ផងដែរ ទៅលើការផ្លាស់ប្តូរស្ទីលថ្មី ទាំងការតុបតែងខ្លួននិងការ Make up ធ្វើឲ្យនាងមានភាពស្រស់ស្អាតបែបនេះ។

នាពេលកន្លងមកនាង ទទួលស្គាល់ថា ការតុបតែងខ្លួនរបស់នាង គឺនិយមតែស្ទីលដដែលៗ ហេតុអីហើយបានជាមើលទៅ មិនមានការប្រែប្រួល តែដោយសារតែពេលនេះ ទីផ្សាររបស់នាង មានច្រើនសន្ទុះនៃការគាំទ្រ ក៏មានកាន់តែច្រើន នាងក៏សម្រេចផ្លាស់ប្តូរខ្លួនឯង បែបនេះតែម្តងទៅ។

កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីនាងចេញមុខបកស្រាយ នឹងធ្វើឲ្យទស្សនិកជន លែងយល់ច្រឡំមកលើនាងតទៅទៀត ហើយមួយវិញទៀត នាងក៏រំពឹងថារឿងរិះគន់ ទៅលើការកែកុន សម្រស់និងបញ្ចប់ត្រឹមប៉ុននេះ ព្រោះថាគ្រប់យ៉ាងនាងបាន បកស្រាយអស់ហើយ៕




















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី