ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ បុរស​ម្នាក់​ឈ្មោះ រស់ សុខុម អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ បាន​ចេញពីផ្ទះ​ទៅ ​រក​ខ្យង​យក​មក​ធ្វើ​ម្ហូប តែ​បែរជា​ត្រូវ​រន្ទះបាញ់​ស្លាប់ យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១ និង​៣០​នាទី​រសៀល ​ទៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ចំងាយ​ប្រហែល ​៥០០​ម៉ែត្រ​ពី​ភូមិ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល ​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ខាងលើ​ បាន​ចេញពីផ្ទះ​តែ​ម្នាក់ឯង ដើរ​កាត់​តាម​វាលស្រែ​មួយ ​ទៅ​វាលស្រែ​មួយ​ដើម្បី​រក​ខ្ច​ង​ នៅ​កាលពី​រសៀល​ថ្ងៃ​ខាងលើ បន្ទាប់​មក​មេឃ​ក៏​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ជា​ខ្លាំង ​ដោយ​មាន​ផ្លេកបន្ទោរ​ ខ្វាត់ខ្វែង​លើ​អាកាស ព្រម​ទាំង​ ផ្គរ​រន្ទះ​ទៀត​ផង ចៃដន្យ​បាន​បាញ់​ត្រូវ​បុរស​ឈ្មោះ សុខុម ស្លាប់​ដោយ ​មិន​មាន​អ្នក​ណា​ដឹង​ឡើយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច មិនឃើញ​ប្តី​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​មានការ​សង្ស័យ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ទេព សុខា  រួម​នឹង​សមាជិក​ក្រុមគ្រួសារ​ជា​ច្រើន​នាក់ ​បាន​នាំ​គ្នា​ចេញ​ទៅ​តាម​រក ក៏​បានឃើញ​ប្តី​ស្លាប់​នៅ​វាលស្រែ ដោយ​មាន​ស្នាម​ឆេះ ​រោល​សក់​ក្បាល និង​មួក​ផ្នែក​ស្តាំ មាន​ស្នាម​ផ្សែង​រោល ​មួយ​ចំហៀង​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ​ក៏​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ ពិនិត្យ​សព​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បុរស​នេះ​ពិតជា​បាន​ស្លាប់​ ដោយ​ត្រូវ​រន្ទះបាញ់​ស្លាប់ ​ពិតប្រាកដ​មែន ។ លោក​អធិការរង​នគរបាល ​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា សព​ត្រូវ​បាន​សាច់ញាតិ ​នាំ​យក​មក​ផ្ទះ​រៀបចំ​ ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​សំឡេង​ទួញ​សោក​ របស់​ប្រពន្ធ និង​កូន​៤​នាក់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]