ភ្នំពេញ ៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ បានចុះ ទៅពិនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀង ទាំងភ្លៀងកំពុងធ្លាក់ នៅតំបន់ផ្សារកណ្តាល ខណៈប្រព័ន្ធលូថ្មី បាន និងកំពុងរៀបចំឡើង នៅតាមដងផ្លូវ ជុំវិញផ្សារកណ្តាល ដើម្បីបង្ហូរទឹក ចាក់ចូលទន្លេ កាន់តែលឿនជាមុន ។

លោក ចាប ឌីណា ប្រធានផ្សារកណ្តាល ដែលស្ថិត នៅទីនោះ ជាមួយ លោកអភិបាល បានថ្លែងថា តាមរយៈប្រព័ន្ធលូថ្មី ដែលត្រូវបានរៀបចំនេះ គឺ បាននាំទឹកហូរ ទៅចាក់ចូល ក្នុងទន្លេយ៉ាងលឿន ដែលនាំឲ្យ ជំនន់ទឹកភ្លៀង ឆាប់ស្រកចុះ យ៉ាងឆាប់រហ័ស បើទោះភ្លៀងធ្លាក់ខ្លាំង បែបនេះក៏ដោយ ។

បើតាមប្រធានផ្សាររូបនេះ លោកអភិបាលខណ្ឌ និងលោក បានដឹកនាំក្រុមការងារ  របស់ខ្លួន ជួយកកាយសំរាម និងកាកសំណល់ផ្សេងៗ ចេញពីក្នុងលូ ជៀសវាង ការរាំងស្ទះ ក្នុងការនាំទឹកចេញ។

នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌដូនពេញ បាន ណែនាំ និងជំរុញឲ្យក្រុមការងារ រៀបចំប្រព័ន្ធលូ ឲ្យបានឆាប់រួច ពីព្រោះភ្លៀងចាប់ផ្តើម ធ្លាក់ ជាបន្តបន្ទាប់ ដូច្នេះវាអាចជួយកាត់បន្ថយ ការជន់លិច បានយ៉ាងខ្លាំងនារដូវវស្សានេះ ។

លោក គួច ចំរើន ក៏បានប្រាប់ទៅ ប្រធានផ្សារកណ្តាល ឲ្យបន្តណែនាំ និងប្រាប់បង ប្អូនអាជីវករ និង ប្រជាពលរដ្ឋ យកចិត្តទុក ដាក់លើការ ចោលសំរាម ពោលមិនត្រូវចោល នៅក្នុងប្រព័ន្ធលូ នោះឡើយ នាំឲ្យកកស្ទះ ក្នុងការនាំទឹកចេញ ។

លោករំពឹងថា ក្រោយប្រព័ន្ធលូរៀបចំរួចរាល់ នៅតំបន់នេះ នោះ ស្ថានភាពទឹកលិចផ្លូវ ដែលតែងតែកើតឡើងជាប្រវត្តិសាស្រ្ត អាចនឹង ប្រែប្រួល មានន័យថា បើទោះបីលិច ក៏លិចក្នុងរយៈពេលដ៏ខ្លីដែរ ។

សូមបញ្ជាក់ថា រយៈពេល ប៉ុន្មានម៉ោង ដែលមានភ្លៀងធ្លាក់ នៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ បានធ្វើឲ្យ ទឹកលិចផ្លូវ ជាច្រើនកន្លែង ដែលមិនអាចធ្វើចរាចរណ៍បាន និង មានការ កកស្ទះយ៉ាងខ្លាំង ហើយផ្លូវក្រោមដី នៃស្ពានអាកាស ស្តុបទួលគោក ត្រូវបានទឹកហូរចូល មិនអាច ធ្វើដំណើរឆ្លងកាត់បាននោះទេ៕





លោកអភិបាលខណ្ឌ និងសហការី កាយសំរាម កុំឲ្យស្ទះប្រព័ន្ធលូ បង្ហូរទឹក











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]