ចិន៖ វាគឺជារឿង ដែលមិនគួរឲ្យជឿ ហើយក៏ជាសំណាង មួយផងដែរ ខណៈក្មេងប្រុស អាយុត្រឹមតែ ២ឆ្នាំម្នាក់ អាចនៅរស់រវើក ដោយមិនមាន រងរបួសធ្ងន់ធ្ងរ អ្វីឡើយ បន្ទាប់ពីត្រូវ រថយន្តមួយគ្រឿង ថយបុក និងកិនពីលើ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅក្នុងតំបន់ Xianyou នៃខេត្ត Fujian របស់ប្រទេសចិន ដែលវាផ្តើមចេញដំបូង នៅពេលដែល ក្មេងប្រុសម្នាក់ ដែលមានឈ្មោះថា Xiao Hai កំពុងឈរផឹកទឹក តែម្នាក់ឯង នៅក្បែរនឹងច្រកចេញមួយ។ បន្តិចក្រោយមក ក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ថយចេញពីផ្លូវនោះ បាន បុក និង កិនពីលើរូបគេ យ៉ាងស្តែងៗតែម្តង។ ដោយសារតែ អ្នកបើករថយន្ត មិនបានដឹងខ្លួនថា បានបើកកិនមនុស្ស ទើបរូបគេ បើកចេញ ពីកន្លែងកើតហេតុ ទៅដោយមិនបានដឹងថា ខ្លួនវិះតែនឹង សម្លាប់ជីវិតក្មេងម្នាក់ ទៅហើយ។


ក្មេងប្រុស Xiao Hai កំពុងតែត្រូវ ឡានថយបុក រួចកិនពីលើ

បើយើងមើលតាមវីដេអូ ដែលត្រូវបានថត ដោយកាមេរ៉ាសុវត្ថិភាព យើងនឹងឃើញថា Xiao ពិតជាត្រូវបាន រថយន្តថយបុក និងកិនពីលើ ប្រាកដមែន តែអ្វីដែលសំណាង គឺថាកង់ខាងមុខ របស់រថយន្ត មិនបានកិនត្រូវ រូបគេនោះឡើយ ដែលនេះអាចជា មូលហេតុនាំឲ្យ Xiao គេចផុតពីគ្រោះថ្នាក់ មួយនេះ។

យ៉ាងណាមិញ បន្ទាប់ពីត្រូវរថយន្តកិនរួច ភ្លាមៗនោះដែរ Xiao ក៏ចាប់ផ្តើម ងើបឡើងមកវិញ និងអង្គុយសន្សឹមៗ ហើយបន្តិចក្រោយមក ក៏មានបុរសម្នាក់ ដែលមានឈ្មោះ Lai Dehua ជាម្ចាស់ហាង ដែលមានទីតាំង នៅក្បែរនោះ ស្ទុះទៅលើកបី Xiao រួចក៏បាននាំគេ ទៅរកម្តាយ ដែលត្រូវជា អ្នកជិតខាង នឹងរូបគាត់ដែរ។

ដោយសារតែ Lai នៅចាំស្លាកលេខ រថយន្តនោះបាន គេក៏រាយការណ៍ ទៅកាន់ប៉ូលីស ដើម្បីធ្វើការ ស្ទាក់រថយន្ត និងនាំរូបគេ មកកាន់កន្លែងកើតហេតុវិញ។

ទោះបីជាយ៉ាងណាក៏ដោយ បុរសត្រកូល Wu ដែលជាអ្នកបើករថយន្តនោះ ក៏បាននាំ Xiao ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល។

គួរបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើការស្កេន និងពិនិត្យឈាម ព្រមទាំងសរីរាង្គ អស់ហើយនោះ ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា Xiao គឺមិនមានរបួស ធ្ងន់ធ្ងរ នោះឡើយ គឺគ្រាន់តែ មានការដាច់រយះសាច់ តិចតួច តែប៉ុណ្ណោះ៕

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]