ភ្នំពេញ៖ ក្រុមចោរឆក់ ២នាក់ បទពិសោធន៍នៅខ្ចីវស្សា ក្រោយធ្វើ សកម្មភាពឆក់កាបូប សិស្សសាលាមេត្រូឌីស្ទ បានសម្រេចហើយ បែរជាភ័យស្លន់ស្លោបើកម៉ូតូទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀត បណ្តាលឲ្យដួលច្រងាប់ច្រងិល ត្រូវនគរបាលចាប់វៃខ្នោះតែម្តង។

ហេតុការណ៍ឆក់បានសម្រេច តែគ្រោះអាក្រក់ បណ្តាលឲ្យសមត្ថកិច្ចចាប់បាននេះ បានកើតឡើងព្រឹកព្រលឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមុខបណ្ណាល័យសម្តេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ីន ចន អាយុ ១៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ( ជាអ្នកឆក់) និងម្នាក់ទៀត ឈ្មោះ សៀវ រ៉ាវីន អា យុ១៦ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣២ ក្រុមទី៧ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ ( ជាអ្នកបើកម៉ូតូ) ។

ជនរងគ្រោះមានឈ្មោះ សុវណ្ណ រីយ៉ា អាយុ ១៧ឆ្នាំ ជាសិស្សសាលា មេត្រូឌីស្ទកម្ពុជា ស្នាក់នៅផ្ទះ លេខ៣០ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។  ក្រោយចាប់ខ្លួន សមត្ថកិច្ច បានដកហូតកាបូបស្ពាយ ដែលក្នុងកាបូបនោះ មានទូរស័ព្ទមួយគ្រឿងម៉ាក Samsung Galaxy ពណ៌ខ្មៅ និងសំភារៈសិក្សា ហើយក៏ប្រគល់ជូនជនរងគ្រោះ ភ្លាមៗផងដែរ។ ដោយឡែកជនសង្ស័យត្រូវ បាននាំខ្លួនទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]