-អធិការស្រុកអូរយ៉ាដាវ ច្រានចោលការចោទប្រកាន់ និងចាត់ទុកថា មានអ្នកញុះញង់ នៅពីក្រោយ

រតនគិរី៖ ក្រោយពីមានរឿងអាស្រូវ របស់មន្ដ្រីនគរបាល ថ្នាក់អធិការ និងនាយការិយាល័យ នៅខេត្ដកំពង់ឆ្នាំង ជាមួយស្រីស្នេហ៍នោះ រហូតធ្លាក់ពីតំណែង និងបាត់បង់ជីវិត ឥឡូវនេះ ករណីស្រដៀងគ្នា បានកើតឡើង នៅឯស្នងការដ្ឋាន នគរបាលខេត្ដរតនគិរី វិញម្ដងនោះ គឺអធិការនគរបាល ស្រុកអូរយ៉ាដាវ លោក ជួប វណ្ណរក្ស បានរងការចោទប្រកាន់ ពីស្ដ្រីម្នាក់ ពីបទចាប់រំលោភ សេពសន្ថវៈចំនួន២ដង និងគំរាមបាញ់សម្លាប់ចោល ។

ចំពោះការចោទ ប្រកាន់នេះ អធិការនគរ បាលស្រុកអូរយ៉ាដាវ បានចេញមកបដិសេធ ដោយច្រានចោល ទាំងស្រុង ហើយអះអាងថា គឺជារឿងញុះញង់ មានអ្នកនៅពីក្រោយខ្នង បំណងសំខាន់ នោះចង់បាន តំណែងរបស់ លោកតែម្ដង ។

យោងតាមពាក្យបណ្ដឹង របស់អ្នកស្រី សេន ស៊ីលឹក ត្រូវជាម្ដាយរបស់ស្ដ្រីរងគ្រោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ប្ដឹងចូលទៅ កាន់ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដរតនគិរី ដោយចោទប្រកាន់លោក ជួប វណ្ណរក្ស និងបក្ខពួក ពីបទ «លួងលោមរំលោភសេពសន្ថវៈ និងគំរាមសម្លាប់» ដោយទាមទារ សំណងចំនួន២ម៉ឺនដុល្លារ ព្រមទាំងឱ្យ តុលាការចាត់វិធាន ការទៅតាមផ្លូវច្បាប់ ។

យោងតាមពាក្យ បណ្ដឹងខាងលើនេះបាន រៀបរាប់ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ កូនស្រីរបស់ខ្លួនឈ្មោះ នាង លីតតា អាយុ២១ឆ្នាំ ដែលមានស្មារតី មិនពេញលក្ខណៈ បានដើរចេញពីផ្ទះទៅរក ទិញអីហូប ស្រាប់តែជួប មន្ដ្រីនគរបាលស្រុក អូរយ៉ាដាវ ឈ្មោះច ប៊ុនសៃ ក៏បបួលនាង ទៅភោជនីយដ្ឋាន ជំនោររាត្រី ពេលទៅដល់ ភោជនីយដ្ឋាន ឈ្មោះ ច ប៊ុនសៃ បាននាំរូប នាងទៅជួបអធិការ នគរបាល ស្រុកអូរយ៉ាដាវ លោក ជួប វណ្ណរក្ស ដោយពេលនោះ លោក បានហៅអាហារ និងស្រាបៀរហើយឱ្យនាង ផឹករហូតស្រវឹង បាត់បង់ស្មារតី រួចក៏នាំកូន ស្រីរបស់ខ្លួនជិះរថយន្ដ ម៉ាកហាយឡេនឌ័រ ចូលទៅផ្ទះសំណាក់ «រតនៈជូលី» ។

ពេលដែល កូនស្រីរបស់ខ្លួន ដឹងខ្លួននៅក្នុង បន្ទប់ផ្ទះសំណាក់នោះ ស្រាប់តែ លោក ជួប វណ្ណរក្ស បានរំលោភបានសម្រេច មុនពេល ដែលដឹកនាង ត្រឡប់មកផ្ទះវិញ ។ ពាក្យបណ្ដឹងដដែលនេះបានបន្ដថា លុះ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១១និង១០នាទីយប់ នារីរងគ្រោះដោយសារតែខ្លាច អំណាចលោក ជួប វណ្ណរក្ស ក្រោយពីតេហៅ ឱ្យចូលទៅបន្ទប់ស្រាប់តែ អធិការរូបនេះបាន លើកកាំភ្លើងប្រុងបាញ់ សម្លាប់ចោលហើយ បានហៅនារីរងគ្រោះ ទៅដេកនៅលើប៉ៅអ៊ី ក្នុងបន្ទប់របស់គាត់ ហើយចាប់រំលោភម្ដងទៀត រហូតបានសម្រេចជាលើកទី២ រួចក៏ឱ្យ លុយ៥០ដុល្លារ ឱ្យត្រឡប់មកផ្ទះវិញ និងប្រាប់ឱ្យនាងទៅធ្វើការ នៅហាងខារ៉ាអូខេសប្បាយ សប្បាយនៅ ឯខេត្ដស្ទឹងត្រែង ។

ពាក្យបណ្ដឹង បានរៀបរាប់ទៀតថា នៅវេលាម៉ោង ៩និង៣០នាទីយប់ ខែមិថុនា ឆ្នាំ២០១៥ ខណៈដែលនារីរងគ្រោះ បានដើរចេញពីផ្ទះតាមការបញ្ជា របស់លោក ជួប វណ្ណរក្ស ពេលនោះ ក៏ត្រូវបានកូនចៅ របស់លោកឈ្មោះ ហាវ សុខហេន លើកក្ដារបន្ទះ មកវ៉ៃចំកែងជើង ខណៈដែលមន្ដ្រីនគរបាល ម្នាក់ទៀតឈ្មោះ ច ប៊ុនសៃ បានគំរាមបាញ់សម្លាប់ចោលទៀត ។

តាមម្ដាយស្ដ្រីរងគ្រោះ ដែលបានដាក់នៅ ក្នុងពាក្យបណ្ដឹងនោះ កូនស្រីរបស់ខ្លួនរហូត មកដល់ពេលនេះ ដែលរងការពីការចាប់រំលោភ និង គំរាមកំហែងអាយុជីវិត ធ្វើឱ្យរាងកាយ និងស្មារតីរបស់នាង ធ្លាក់ទ្រុឌទ្រោម និងមានជំងឺទៀតផង ។

ជុំវិញពាក្យបណ្ដឹងរបស់ម្ដាយស្ដ្រីរងគ្រោះ ខាងលើនេះ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដរតនគិរី លោក លីវ ស្រេង បានអះអាងថា លោកមិនទាន់បាន ពិនិត្យឃើញពាក្យ បណ្ដឹងនេះនៅឡើយទេ ទំនងជាស្ថិតនៅការិយាល័យ របស់លោកនៅឡើយ ហើយម្យ៉ាងទៀត នៅពេលនេះ លោកបានមកបង្រៀន សិស្សនៅ សាលាចៅក្រម ក្នុងរាជធានីភ្នំពេញ ទៀតផង។

ចំពោះពាក្យបណ្ដឹងពីសំណាក់ម្ដាយ និងស្ដ្រីរងគ្រោះ ខាងលើនេះ អធិការនគរបាល ស្រុកអូរយ៉ាដាវ លោក ជួប វណ្ណរក្ស បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ ដោយលោកអះអាងថា វាជាករណីមានអ្នក នៅពីក្រោយខ្នងញុះញង់ និងរៀបចំឱ្យធ្វើ ដែលមានគំនុំខ្លួនជាមួយលោក ហើយសម្រាប់ លោកផ្ទាល់ មិនដែលស្គាល់នារីរងគ្រោះ និងមិនបានចាប់រំលោភនោះឡើយ ពោលមានសាក្សី ជាច្រើននាក់ទៀត សម្រាប់ជួយមកបំភ្លឺ ។

យ៉ាងណាក៏ដោយលោក ជួប វណ្ណរក្ស មិន បានបញ្ជាក់អំពីគោលគំនិតសំខាន់ និងទិសដៅ ដែលអ្នកនៅពីក្រោយខ្នងធ្វើនេះ មានវាបំណងអ្វី ពិតប្រាកដនោះឡើយ ប៉ុន្ដែលោកបានព្រលយថា អាចជាប់ពាក់ព័ន្ធទៅនឹង ការចង់បានតំណែង ជាអធិការនគរបាល ស្រុកអូរយ៉ាដាវ ។

បើតាមអធិការនគរបាលរូបនេះ អ្នកដែលផ្ដើមគំនិត ដាក់ពាក្យបណ្ដឹងរូបលោក ដោយចោទប្រកាន់ពីបទចាប់រំលោភនោះ គឺ ឪពុកមារបស់នាងតាមរយៈគេឱ្យលុយកាក់ ប៉ុន្ដែរូបគាត់បាននឹង កំពុងរៀបចំដកពាក្យ បណ្ដឹងវិញហើយ ។

ដោយឡែក ម្ដាយរបស់នារីរងគ្រោះ អ្នកស្ដ្រី សេន ស៊ីលឹក បានច្រាន ចោលថា គ្មានអ្នក នៅពីក្រោយខ្នង និងអ្នកញុះញង់នោះឡើយ ពោលការដាក់ពាក្យបណ្ដឹងនេះ ចេញពីសណ្ដានចិត្ដ ពិតប្រាកដរបស់ខ្លួន ដែលលោកអធិការ បានបំពានសិទ្ធិកូនក្រមុំ ។

អ្នកស្រី សេន ស៊ីលឹត ក៏មិនទាន់មានគម្រោងដក ពាក្យបណ្ដឹងវិញទេ គ្រាន់តែ ឮព័ត៌មានថា មានគេបដិសេធ ប៉ុន្ដែអ្នកស្រី ក៏បានព្រលយថា បើសិនមានកិច្ចសន្យាត្រឹមត្រូវ ពីភាគីម្ខាង ទៀត អ្នកស្រី និងក្រុមគ្រួសារនិងពិចារណា ពីការដកពាក្យបណ្ដឹង ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើង ចំពោះអតីតអធិការ នគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា និងអតីតនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកំពង់ឆ្នាំង រហូតធ្លាក់ពីតំណែង និងបាត់បង់ជីវិត ព្រោះតែពាក់ព័ន្ធជាមួយស្រី ស្នេហ៍ ដូច្នេះករណី អធិការ ស្រុកអូរយ៉ាដាវ នេះ គួរត្រូវបានថ្នាក់លើ និងមន្ដ្រីតុលាការ ស៊ើបអង្កេតឱ្យបាន លំអិតចៀសវាងនាំ ឱ្យជនរងគ្រោះ ពិតប្រាកដ ក្លាយជាអ្នកទោស៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]