ខេត្តស្ទឹងត្រែង ៖ ស្ពានឆ្លងកាត់ទន្លេ មេគង្គ​​​លើ​មក​​​ដល់​​បច្ចុប្បន្ន​​​ស្ថាបនា​សម្រេច​​បាន​​២០%ហើយ ចំណែកស្ពាន​បេតុង​ចំនួន២​កន្លែង​ទៀត​នៅក្នុងទីរួម​ខេត្តស្ទឹង​ត្រែង​​ ក៏នឹងសាង​សង់​រួចរាល់​នៅក្នុង​ខែវិច្ឆិកា ខាង​មុខ​នេះដែរ ។

ដោយសារចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា​ ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​បាន​អភិវឌ្ឍផ្នែក​ជាច្រើន​ក្នុងនោះ​ក៏មាន​ ផ្លូវថ្នល់​ ស្ពាន​ដែល​ជាសរសៃ​ឈាមសេដ្ឋ​កិច្ច​របស់ជាតិ និង​ជា​តម្រូវការ​ចាំបាច់បំផុត​របស់ប្រជាពល​រដ្ឋកម្ពុជា ។ បច្ចុប្បន្ន​រដ្ឋាភិបាល​បានជំរុញឱ្យក្រសួង​ក៏ដូច​ ជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​  ត្រូវ​អភិវឌ្ឍន៍ផ្លូវ​ ស្ពាន​គ្រប់ទីកន្លែង​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវ​​ការ​នេះ​។

ជាក់ស្តែង បន្ទាប់ពីស្ពានសេកុងបានដាក់ឱ្យ​ ប្រើប្រាស់ជាផ្លូវការរួចមកខេត្តស្ទឹងត្រែងបាន​ទទួលនូវផ្លូវមួយខ្សែមាន​ ចម្ងាយជាង​​១៤៣​​គីឡូម៉ែត្រ​ពីផ្លូវជាតិលេខ៧ ភូមិរាជានុកូល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុងស្ទឹងត្រែង​ ទៅដល់ផ្លូវ​ជាតិ​​លេខ៦២ ភូមិស្ថាពរ សង្កាត់​ប៉ាលហាល ក្រុងព្រះវិហារ ខេត្ត​ព្រះវិហារ និងស្ពានមួយ​ទៀត​ប្រវែង១.៧៣១ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ ឈ្មោះ​ថា ស្ពាន​ទន្លេ​មេគង្គ​ស្ទឹងត្រែង ។  ស្ពាន​​នេះ​​​​សាងសង់​ឆ្លង​កាត់​​​ទន្លេ​​​មេគង្គ​លើ​ ដែល​បាន​និង​កំពុង​សាងសង់ដោយ​ក្រុមហ៊ុនសៀង​ហៃគ្រុប  ខូអិលធីឌី ក្រោម​កម្ចីឥណទាន​ពីរដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិតចិន ​ដោយ​ចំណាយ​លើថវិកាសាងសង់១១៦,៥លាន​ដុល្លារអាមេរិក ​  ចាប់​ផ្តើមសាងសង់ក្នុងខែសីហា ឆ្នាំ​២០១១  និង​បញ្ចប់​ការ​សាងសង់​ជាស្ថាពរក្នុង​​រយៈ​ពេល​៤៥ខែ  ។

លោក ស គឹមណាត ប្រធានមន្ទីរ​សាធារណ​ការ​និងដឹកជញ្ជូន​ខេត្តមាន​​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ផ្លូវថ្នល់​និង​ស្ពាន​ដែលកំពុងសាង​សង់​សម្រេច​ជា​លទ្ធ​ផលបាន​ ២០%ហើយ​ ។ ជាមួយ​គ្នានេះ មន្ទីរ​សាធារណការ​និងដឹកជញ្ជូន​ខេត្ត​បានរុះរើ​ស្ពាន​ឈើចាស់​ឌ្រុទទ្រោម​ ចំនួនពី​រ​កន្លែង​ក្នុង​ខេត្ត​​និងសាងសង់​ជាស្ពានថ្មីអំពី​បេ​តុងឡើងវិញ   គឺស្ពានអូរដំណាក់​ ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​​​ត្រែង ក្រុងស្ទឹងត្រែង ​មាន​ទទឹង​១១​ម៉ែត្រ​ បណ្តោយ​៣៦ម៉ែត្រ និងស្ពាន​មួយ​កន្លែង​ទៀត​ស្ថិតក្នុង​ភូមិស្រះឫស្សី សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​​ត្រែង​ មានទទឹង​៨​ម៉ែត្រ បណ្តោយ​៣៦​ម៉ែត្រ ។

លោក ស គឹមណាត បញ្ជាក់ថា ស្ពាន​ទាំង​ពីរ​នេះ​សាងសង់ឡើងវិញ​ដោយមន្ទីរ​​សាធា​រណ​ការ​និង​ ដឹកជញ្ជូនខេត្ត ចាប់ផ្តើមសាង​សង់​ក្នុង​ខែមេសា ឆ្នាំ​២០១២ និងបញ្ចប់នៅខែវិច្ឆិកា  ២០១២​ខាង​មុខ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]