ភ្នំពេញ៖ ការប្រកួតព្រឹតិ្តការណ៍ "ជើងឯកយុវជន អាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ" ដែលមានប្រទេស ចំនួន១១ ចូលរួម បានឈានចូល ដល់ការប្រកួត ជើងទី២ គិតត្រឹម ថ្ងៃព្រហស្បតិ៍ ទី៣០ ម្សិលមិញនេះ។

ការប្រកួតត្រូវបានរៀបចំឡើង នៅឯពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលគូទី១ បានប្រកួត នៅវេលាម៉ោង ៣ និង ៣០នាទី ដែលជាការជួបគ្នា រវាងក្រុមជម្រើសជាតិ អាយុក្រោម១៦ឆ្នាំ របស់សិង្ហបុរី និងក្រុមជម្រើសជាតិ អាយុក្រោម ១៦ឆ្នាំ របស់ ហ្វីលីពីន ហើយជាលទ្ធផល សិង្ហបុរី បានយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ៤ ទល់នឹង ១។



ទិដ្ឋភាពមុនការប្រកួតចាប់ផ្តើម

សំរាប់គូទី២ ដែលប្រកួត នៅម៉ោង ១៨ និង ៣០នាទីល្ងាច ជាការប្រកួត រវាងក្រុមបាល់ទាត់ អាយុក្រោម ១៦ឆ្នាំ របស់ កម្ពុជា ប៉ះជាមួយនឹង ក្រុមជើងខ្លាំង នៅក្នុងពូល (B) គឺក្រុមបាល់ទាត់ អាយុក្រោម ១៦ឆ្នាំ របស់ អូស្ត្រាលី។

មុននឹងឈានដល់ការប្រកួតនេះ កាលពីថ្ងៃពុធ ក្រុមកីឡាករមាឌតូចៗ តែចិត្តធំ របស់កម្ពុជា បានយកឈ្នះ ទៅលើ ហ្វីលីពីន ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលជាការស៊ុតបញ្ចូលទី របស់កីឡាករ គឹមហេង ពាក់លេខ៦ នៅនាទី ទី៥៥។ សំរាប់ក្រុមមាឌធំៗ របស់ អូស្ត្រាលី ឯណេះវិញ ការប្រកួតទល់នឹង កម្ពុជា កាលពីម្សិលមិញនេះ គឺជាការប្រកួត ជើងទី១ របស់ពួកគេប៉ុណ្ណោះ។

នៅក្នុងការប្រកួត ក្រោមក្រសែភ្នែក អ្នកគាំទ្រ ជាង ២ម៉ឺននាក់ ដែលនាំគ្នា តស៊ូទស្សនា ក្រោមតំណក់ទឹកភ្លៀង ចាប់ផ្តើមបានតែ ២នាទីប៉ុណ្ណោះ អូស្ត្រាលីបានស៊ុតបញ្ចូលទី ពីចំងាយនាំមុខមុន ១គ្រាប់ ដោយកីឡាករ Dylan Pierias។

នៅតង់ទី១ អូស្ត្រាលីបានធ្វើការ គាបសង្កត់ កម្ពុជា យ៉ាងខ្លាំង រហូតបង្កើតឱកាស ស៊ុតជាច្រើនដង តែត្រូវជួយ សង្គ្រោះបាន ម្តងហើយម្តងទៀត ពីអ្នកចាំទី កម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ នៅចុងតង់ទី១ ពោលគឺនាទី ទី៣១ និងនាទី ទី៤៥ កីឡាករ Jacob Italiano និង Lachlan Brook បានស៊ុតបញ្ចូលទី កម្ពុជា ជាបន្តបន្ទាប់ រហូតទទួលបានលទ្ធផល នាំមុខក្រុមម្ចាស់ផ្ទះ កម្ពុជា ជាបណ្តោះអាសន្ន ក្នុងលទ្ធផល ៣ ទល់នឹង ០។

ចូលមកដល់តង់ទី២ ការប្រកួតកាន់តែ ក្តៅគគុកឡើង ស្របពេលដែល កម្ពុជា បានប្តូរទំរង់លេង ហើយមានឱកាសស៊ុត ទៅលើក្រុម អូស្ត្រាលី ជាច្រើនដង តែគ្មានសំណាង ធ្វើមិនបានសំរេចឡើយ។

យ៉ាងណាមិញ នៅពេលដែលកីឡាករ កម្ពុជា ហាក់ស្រុតចុះកំលាំង អូស្ត្រាលីបានបន្ថែមការ ស៊ុតបញ្ចូលទី បានសំរេច ១ គ្រាប់ទៀត ហើយលទ្ធផលនេះ មិនមានអ្វីប្រែប្រួលនោះទេ រហូតដល់ចប់ការប្រកួត អូស្ត្រាលី បានយកឈ្នះ ម្ចាស់ផ្ទះ កម្ពុជា ដោយលទ្ធផល ៤ ទល់នឹង ០ តែម្តង។


ពហុកីឡដ្ឋានជាតិមុន និងក្រោយភ្លៀងរាំង

គេសង្កេតឃើញថា បើទោះជាចប់ការប្រកួត ទៅហើយក្តី តែអ្នកគាំទ្រ នៅតែនាំគ្នា ឈរលើកទឹកចិត្ត កីឡាករកម្ពុជា ឲ្យតស៊ូប្រឹងប្រែង បន្ថែមទៀត រួមជាមួយនឹង ការស្រែកច្រៀងបទ "ដែនដីខ្មែរប្រែថាសុវណ្ណភូមិ" និងបទ "ពង្សាវតាខ្មែរ" ជាដើម។

អ្វីដែលគួរឲ្យសរសើរបំផុតនោះគឺ ក្រុមអ្នកគាំទ្រ បាននាំគ្នាដើររើសសំរាម ដែលរាយប៉ាយ តាមកន្លែងអង្គុយ យកទៅដាក់ ក្នុងធុងសំរាមគ្រប់ៗគ្នា ដែលនេះគឺជាសកម្មភាព និងទង្វើដ៏គំរូមួយ ដែលកាលពីមុន មិនធ្លាប់មានឡើយ។

គួរបញ្ជាក់ផងដែរ ថាបើទោះជាចាញ់ អូស្ត្រាលី ក៏ពិតមែន តែឱកាសឈានទៅកាន់ វគ្គបន្ត របស់ កម្ពុជា នៅមាននៅឡើយ ដោយ កម្ពុជា នៅសល់ការប្រកួត ចំនួន ២ប្រកួត បន្តទៀត គឺនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៥។ ក្រុមដែលមានរហស្សនាមថា "អ្នកចំបាំងក្រុងអង្គរ" មួយនេះ ត្រូវប៉ះជាមួយនឹង សិង្ហបុរី នៅវេលាម៉ោង ១៨ និង ៣០នាទី​ ហើយនៅ ថ្ងៃទី៥ ខែសីហា កម្ពុជា ត្រូវប៉ះជាមួយនឹង មីយ៉ាន់ម៉ា នៅម៉ោង ១៨ និង ៣០នាទី ដូចគ្នា។

ការប្រកួតទាំង២ នេះ សុទ្ធតែធ្វើឡើង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដូច្នេះប្រិយមិត្ត ដែលស្នេហាវិស័យកីឡា បាល់ទាត់ កុំភ្លេចទៅលើកទឹកចិត្ត កីឡាករកម្ពុជា ឲ្យបានច្រើនកុះករ ផង៕

សូមទស្សនាបណ្តុំរូបភាព នៃការប្រកួត រវាងកម្ពុជា និងអូស្ត្រាលី ម្សិលមិញ៖


















អ្នកគាំទ្រនាំគ្នាដើររើសសំរាម ក្រោយការប្រកួតចប់






ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]