នេប៉ាល់៖ សត្វពពែជាច្រើនក្បាល ត្រូវបានអ្នកស្រុក នៃប្រទេសនេប៉ាល់ ចាប់យកមកហែក ទាំងរស់ដោយធ្មេញ និងដៃទទេ របស់ពួកគេ ដើម្បីធ្វើការបូជា នៅក្នុងពិធីបុណ្យសាសនាមួយ ហើយដែលទង្វើទាំងនេះ បានធ្វើឲ្យក្រុមអ្នក ការពារសិទ្ធិសត្វ មានការខឹងសម្បារយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅក្នុងខែសីហា ពិធីបុណ្យ Deopokhari នឹងត្រូវបានប្រារព្ធឡើង ដោយប្រជាជននៅក្នុងភូមិ Khokana ដែលជាភូមិដ៏ចំណាស់បំផុតមួយ នៅតាមជ្រលងភ្នំ Kathamandu របស់ប្រទេសនេប៉ាល់។ ពិធីបុណ្យមួយនេះ មានអាយុកាល៩០០ឆ្នាំ ហើយវាគឺជាការប្រារព្ធឡើង បែបសាសនា នៃជនជាតិ Newari ដែលជាជនជាតិដើម រស់នៅក្នុងតំបន់ជុំវិញ ជ្រលងភ្នំ Kathmandu នេះផ្ទាល់តែម្តង។

នៅក្នុងពិធីបុណ្យបែបសាសនា Deopokhari អ្នកស្រុកទាំងអស់ នាំគ្នារាំលេង ស្តាប់ភ្លេងប្រពៃណី និងបរិភោគអាហារជុំគ្នា តែអ្វីដែលជាចំណុចសំខាន់នោះ គឺសកម្មភាពរបស់អ្នកស្រុក ក្នុងការបូជាសត្វ ជូនទៅដល់សាសនា របស់ពួកគេ។ ដើម្បីធ្វើការបូជាសត្វ អ្នកស្រុកភាគច្រើន ដែលជាបុរសៗ នាំគ្នាចាប់យកសត្វពពែញី ដែលមានអាយុចាប់ពី ៥-៦ខែ យកទៅគ្រវែងនៅក្នុងបឹង Deu ហើយចាប់ជ្រមុជសត្វទាំងនោះ ទៅក្នុងទឹក រួចក្រោយមកពួកគេ នាំគ្នីគ្នាចាប់ពី ៨ទៅ៩នាក់ ដោយអ្នកខ្លះទាញដៃ អ្នកខ្លះទាញជើង និយាយរួមគឺពួកគេ ចាប់ហែកសត្វពពែនោះទាំងរស់ ដោយដៃរបស់ពួកគេផ្ទាល់តែម្តង លើសពីនេះទៀត ពួកគេក៏ប្រើប្រាស់ធ្មេញ ខាំហែករហូតទាល់តែ សត្វពពែត្រូវបាន រហែកជាដុំៗ ដើម្បីអាចធ្វើការបូជា។

ដោយសារតែបែបនេះហើយ ទើបក្រុមអ្នកការពារសិទ្ធិសត្វ មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានចាត់ទុក ពិធីមួយនេះថាជា “អំពើដ៏ឃោរឃៅ” ក៏ព្រោះតែសត្វពពែតូចៗ ជាច្រើនក្បាល ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃបំផុត ដើម្បីធ្វើជាវត្ថុសម្រាប់បូជា។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសនេប៉ាល់ នៅមានពិធីបុណ្យ ផ្សេងៗទៀតដែល តម្រូវឲ្យមាន ការសម្លាប់សត្វ ក្នុងលក្ខណៈបែបសាហាវព្រៃផ្សៃ ដោយក្នុងនោះយើង អាចនៅចាំបានថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំមុននេះ មានការសម្លាប់សត្វក្របី ជាង៥,០០០ក្បាល ដើម្បីទុកជាដង្វាយបូជា ជូនដល់ព្រះ សម្រាប់ពិធីបុណ្យដ៏ធំមួយ របស់ប្រទេស នេប៉ាល់ ផងដែរ៕

ទិដ្ឋភាពរួមនៃពិធីបុណ្យ របស់អ្នកស្រុក នៅប្រទេសនេប៉ាល់ ក្នុងការចាប់ហែក សត្វពពែទាំងរស់៖


















ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]