ខេត្តកំពង់ចាម ៖ ស្ត្រីសង្ស័យ២នាក់ម្តាយ និងកូនត្រូវបានកម្លាំង សមត្ថកិច្ចឡោមព័ទ្ធ ចាប់ខ្លួនបានដោយពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនដ៏សកម្ម ។ ប្រតិបត្តិការបង្ក្រាបនេះបាន ធ្វើឡើងកាលពីវេលា ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ កក្កដា ២០១៥ ស្ថិតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយដកហូតបានថ្នាំញៀន៣កញ្ចប់ ឧបករណ៍វេចខ្ចប់ជាច្រើន ។
លោកវរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាល ស្រុកស្រីសន្ធរបានប្រាប់ឲ្យដឹងថា ស្ត្រី២នាក់ម្តាយកូន ដែលត្រូវបានចាប់ខ្លួន នេះមានឈ្មោះ សុំ គឹមអីុ អាយុ៥១ឆ្នាំ ជាម្តាយ និងកូនស្រីឈ្មោះ សៅ ចាន់ធូ អាយុ២២ឆ្នាំ គឺជាមុខសញ្ញាដ៏សកម្មខាង ជួញដូរថ្នាំញៀននៅភូមិ-ឃុំរបស់ខ្លួន ដោយបានទៅទិញថ្នាំញៀន ពីរាជធានីភ្នំពេញមកចែក ចាយលក់ឲ្យអ្នកភូមិ ព្រមទាំងសិស្ស សាលាផងដែរ ។
លោកវរសេនីយ៍ត្រី ខេង ស្រេង បន្តទៀតថា ប្រជាពលរដ្ឋនៅ មូលដ្ឋានបានរាយការណ៍ពី សកម្មភាពជួញដូរថ្នាំញៀនរបស់ម្តាយ និងកូនស្រីខាងលើទៅ លោកស្នងការនគរបាលខេត្ត ក៏ដូចជាជារាយការណ៍ មករូបលោកផ្ទាល់ ឲ្យមានវិធានការ ចុះបង្ក្រាបជាបន្ទាន់ ។
បន្ទាប់ពីទទួលបាន ការរាយការណ៍បែបនេះ កាលពីថ្ងៃទី១៦ កក្កដា កន្លងទៅ សមត្ថកិច្ចបាន ប្រើវិធានការញុះញង់ទិញថ្នាំញៀនបានចំនួន ២កញ្ចប់តម្លៃ១២ម៉ឺនរៀល ពីឈ្មោះ ចាន់ធូ ក្រោយមកទៀត នៅព្រឹកថ្ងៃទី៣០ កក្កដា រូបលោកបានប្រើវិធីសាស្ត្រ ញុះញង់ទិញថ្នាំ១កញ្ចប់ តម្លៃ៦ម៉ឺនរៀល ស្របពេលដែលប្រគល់ ឲ្យនោះក៏ចាប់ខ្លួន និងបាននាំទៅឆែកឆេរផ្ទះ រឹបអូសបានថ្នាំញៀន ២កញ្ចប់បន្ថែមទៀត និងលុយមួយចំនួន ព្រមទាំងប្រដាប់វេចខ្ចប់ជាច្រើនទៀត ។ ដោយមានការអនុញ្ញាតពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចបានប្រឹងប្រែងរកថ្នាំញៀនក្នុងទូរ និងគន្លៀតជញ្ជាំង តែមិនប្រទះឃើញ ថ្នាំញៀនឡើយ ។
លោកអធិការនគរបាល ស្រុកស្រីសន្ធរបញ្ជាក់ថា ក្រោយពីរូបលោកដឹកនាំកម្លាំង ចុះចាប់ខ្លួនស្ត្រី២នាក់ម្តាយនិងកូនស្រីខាងលើនេះ អាជ្ញាធរមូលដ្ឋាន ពិសេសឪពុកម្តាយរបស់សិស្ស ដែលធ្លាប់តែកូនរបស់គាត់ នាំគ្នាទៅទិញថ្នាំញៀនមកជក់នោះ មានការត្រេកអរជាខ្លាំង ហើយក៏សំណូមពរឲ្យ កម្លាំងសមត្ថកិច្ចបន្តយុទ្ធនាការ ចុះបង្ក្រាបគ្រឿងញៀននៅកន្លែងផ្សេងទៀត ឲ្យបានដូចភ្លៀងរលឹម ស្របតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ ក្រសួងមហាផ្ទៃ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]