រាជធានីភ្នំពេញ​ ៖ រដ្ឋ​មន្ត្រីក្រសួង​​​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ​ពិធី​បុណ្យ​សមុទ្រ​​ឆ្នាំ​នេះ​ នឹង​ត្រូវ​​រៀប​ចំ​ធ្វើ​នៅ​ខេត្ត​​កែប បន្ទាប់​ពី​​ធ្វើ​នៅ​ខេត្តព្រះ​សីហនុ​​កាល​ពី​ឆ្នាំ​មុន​ទទួល​បាន​ជោគ​ជ័យ​ ។ ពិធី​បុណ្យ​ដ៏​អធិក​ធម​នេះ នឹង​​ត្រូវ​​រៀប​ចំ​ធ្វើនៅ​​អំឡុង​​ថ្ងៃ​ទី​៧ដល់​ទី​៩​ ខែ​ធ្នូ ឆ្នាំ​២០១២ ។

លោកថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​​ទេសចរណ៍​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​អង្គ​ប្រជុំ​​ អន្តរក្រសួង​​នៅ​សាលា​ខេត្ត​កែប​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ២០១២ ​។លោករដ្ឋ​មន្ត្រី​ថ្លែង​​ថា ​ខេត្ត​កែប គឺ​មាន​ស្ថាន​ភាព​ល្អ និង​មាន​លទ្ធ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​​សមុទ្រ​​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​​ប្រឈម​​ខ្លាំង​​នោះ គឺ​​កន្លែង​​ស្នាក់​នៅ​ ព្រោះ​​សណ្ឋា​គារ​​ និង​ផ្ទះ​សំណាក់​ទាំង​​ខេត្ត​កែប​ និង​កំពត​ គឺ​មិន​អាច​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ទេ ។

លោក​រដ្ឋ​មន្ត្រី​​​​បញ្ជាក់​​ថា ​​បុណ្យ​សមុទ្រ​​នា​ឆ្នាំ​នេះ ក៏​មាន​ការ​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​​របស់​ក្រសួង​ពាណិជ​្ជ​កម្ម​​ផង​ដែ ​រ​​ ។ ប្រធាន​​បទ​នៃ​ការ​រៀប​ចំ​បុណ្យ​​សមុទ្រ​​​នា​ឆ្នាំ​នេះគឺ «សមុទ្រ​​ទី​ក្រុង​បៃ​តង» ។ ហេតុ​ដែល​លើក​ប្រធាន​បទ​នេះឡើង​ ព្រោះ​វា​មាន​ប្រព័ន្ធ​ប្រតិសកម្ម​​ជា​មួយ​គ្នា​រវាង​សមុទ្រ​​និង​ទី​ក្រុង​ ​ ។លោក ថោង ខុន បន្ថែម​ថា ក្រៅ​ពី​ការ​រៀប​ចំ​​កីឡា​គ្រប់​ប្រភេទ​ដូចជា ​អុំ​ទូកមារ៉ាតុង និង​ជិះ​ម៉ូតូ​​លើ​ទឹក​ជា​ដើម​នោះ បុណ្យ​សមុទ្រ​​ឆ្នាំ​នេះ​ក៏​មាន​រៀប​ចំ​ពិធី​មួយ​ទៀត​គឺ​ព្យុ​ហយាត្រា ដែល​កាល​ពី​ឆ្នាំ​មុន​មិន​មាន​ទេ ។ ព្យុហយាត្រា​​នេះ គឺ​ដើម្បី​ជា​ការ​បង្ហាញ​នូវ​សក្តា​នុពល​វិស័យ​​ទេស​ចរណ៍​នៅ​​មាត់​សមុទ្រ​​ កម្ពុជា រួម​ទាំង​កា​រ​តាំង​​ពិព័រណ៍​ស្តី​ពី​ការ​​អភិរក្ស​​នៅ​បាត​សមុទ្រ​​ផង​ដែរ ។

លោក ណេប សាមុត ​អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មការ​ជាតិ​វាយ​តម្លៃ​​ទី​ក្រុង​​ស្អាត​ នៃ​ក្រសួង​​​ទេសចរណ៍ ​បាន​លើក​ឡើង​អំពី​កម្ម​វិធី​​ និង​សកម្ម​ភាព​ត្រៀម​ចូល​រួម​​បុណ្យ​​សមុទ្រ​​ រួ​ម​មាន​ការ​រំលឹក​ឱ្យ​​ភ្ញៀវ​ទេសចរ​​ដ​ាំ​កូន​ឈើ​មួយ​ដើម​​ម្នាក់​ក្នុង​ ទី​តាំង​​ដែល​កំណត់​ដោយ​អាជ្ញា​ធរ​​ ហើយ​ដើម​ឈើ​ទាំង​នោះ​ជា​ប្រភេទ​​ដែល​មាន​អាយុ​វែង ។ ​ការ​រៀប​ចំ​ធុង​សម្រាប់​ដាក់​សំរាម​ ការ​សម្អាត​ផ្លូវ​ថ្នល់ សម្អាត​ឆ្នេរ និង​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​​ចូល​រួម​ថែ​រក្សា​អនាម័យ​ សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​ រួម​ទាំង​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​ភ្ញៀវ​ទេសចរ​​ដោយ​ប្រកាន់​ខ្ជាប់​ សីលធម៌​​ ប្រពៃ​ណី​ និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​​ផូរ​ផង់​​​របស់​ជន​ជាតិ​ខ្មែរ ។

លោក ហាស់ សារ៉េត ​អភិបាល​​ខេត្ត​កែប ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​បង្ហាញ​នូវ​​មោទ​នភាព​​យ៉ាង​ខ្លាំង​​ក្នុង​​​ ពេល​ដែល​ពិធី​​បុណ្យ​សមុទ្រ​​ត្រូវ​រៀប​ចំ​​នៅ​ខេត្ត​កែប ។ លោក​បញ្ជាក់​ថា ​តាម​ការ​ប៉ាន់​ស្មាន​ ភ្ញៀវ​ទេសចរ​ដែល​នឹង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សមុទ្រ​​នេះ មាន​រហូត​​ដល់​ជាង​៥​ម៉ឺន​នាក់​ឯ​ណោះ ដូច្នេះ​​ខេត្ត​ត្រូវ​ទទួល​បន្ទុក​យ៉ាង​ធ្ងន់​​​លើ​ការ​ងារ​​ជា​ច្រើន​ រួម​មាន​ការ​​ធ្វើ​ចរាចរណ៍​ សណ្តាប់​ធ្នាប់ សន្តិ​សុខ​ ការ​រៀប​ចំ​កន្លែង​ស្នាក់​នៅ ការ​តុប​តែង​កែ​លម្អសោភ័ណ​ភាព អនាម័យ និង​បរិស្ថាន​ជា​ដើម ។ ​

​​លោក​អភិបាល​​ខេត្ត​​កែប ​សន្យា​ថា នឹង​ប្រើប្រាស់​កម្លាំង​សរុប​ វិធានការ​សរុប​ដើម្បី​សម្រេច​កិច្ច​ការ​នេះ​ឱ្យ​បាន​ដើម្បី​លើក​កម្ពស់​មុខ​ មាត់​ និង​កិត្តិ​យស​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ ។គេ​រំពឹង​ថា​បុណ្យ​សមុទ្រ​​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ការ​ចូល​រួម​ពី​ភ្ញៀវ​​ ទេសចរ​​ជាតិ អន្តរ​ជាតិ​យ៉ាង​ច្រើន​កុះ​ករ​​ដូច​កាល​ពី​ឆ្នាំ​មុន បើ​ទោះ​ជា​ការ​​ប្រារព្ធ​ពិធី​បុណ្យ​​មិន​ចំ​ថ្ងៃ​ចូល​ឆ្នាំ​សាកល​ក៏​ ដោយ៕     

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]