ហុងកុង៖ វាជារឿងដ៏គួរ ឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយ បន្ទាប់ពីស្រ្តី ចិត្តសឿង ជនជាតិ ហុងកុងម្នាក់ ត្រូវបានតុលាការ សម្រេចកាត់ទោស ឲ្យនាងជាប់ពន្ធនាគារ រយៈពេល៣ខែកន្លះ ក្រោមការចោទប្រកាន់ ទៅលើរូបនាង ថាបានយកសុដន់ របស់ខ្លួន ទៅវាយប្រហារ មន្ត្រីប៉ូលីសម្នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាប់ចោទខាងលើ មានឈ្មោះថា Ng Lai-ying អាយុ៣០ឆ្នាំ ត្រូវបានតុលាការ សម្រេចទោស កាលពីព្រឹកមិញនេះ បន្ទាប់ពីនាង ត្រូវបានចាប់ខ្លួន រួមជាមួយនឹង បាតុករ ដទៃទៀត នៅក្នុងបាតុកម្ម ប្រឆាំងតវ៉ា ទៅនឹង "ការចែកចាយលក់ ដោយស្មើភាព" ទៅកាន់ចិនដីគោក កាលពីខែមិនា កន្លងទៅនេះ ដោយសារតែមាន រឿងរ៉ាវចោទប្រកាន់ ទៅវិញទៅមក រវាងមន្ត្រីប៉ូលីសម្នាក់។


Ng Lai-ying ពេលដែលត្រូវ ប៉ូលីសចាប់ខ្លួន ក្នុងអំឡុងពេលធ្វើបាតុកម្ម

ដំបូងឡើយ Lai-ying បានធ្វើការចោទប្រកាន់ ទៅលើមន្ត្រីប៉ូលីសម្នាក់ ថាបានបំពានទៅលើ រូបរាងកាយ របស់នាង ក្នុងអំឡុងពេល ដែលនាង កំពុងធ្វើការតវ៉ា ក្នុងក្រុមបាតុករ តែក្រោយមក មន្ត្រីប៉ូលីសដដែលនោះ បានធ្វើការបដិសេធ ដោយបានអះអាងថា Lai-ying បានយកសុដន់ របស់នាង មកជល់ជាមួយ នឹងរូបគេ ដោយចេតនា យ៉ាងជាក់ស្តែង តែម្តង។

ដោយហេតុនេះហើយ ទើបធ្វើឲ្យលោក Chan អ្នកតំណាង អង្គចៅក្រម សម្រេចកាត់ទោស Lai-ying  ក្រោមចោទប្រកាន់ ចំនួន២ករណី រួមមានការប្រឌិតឡើង នូវការចោទប្រកាន់ ដែលមិនពិតប្រាកដ ព្រមទាំង ទង្វើប៉ុនប៉ងព្យាបាទ ដោយយកសុដន់របស់ខ្លួន ទៅវាយប្រហារ លើមន្ត្រីប៉ូលីសនោះ។


ស្ថានភាពរបស់ Ng ពេលដែលត្រូវបាន ចាប់ខ្លួនដោយសារ​ ការធ្វើបាតុកម្ម

យ៉ាងណាមិញ Lai-ying រួមជាមួយនឹង បាតុករដទៃទៀត ដែលត្រូវបានចាប់ខ្លួន អាចធ្វើការបង់ប្រាក់ ចំនួន ៥,០០០ដុល្លារ ហុងកុង (ជាង៦០០ដុល្លារអាមេរិក) សម្រាប់ការធានាខ្លួន ឲ្យនៅក្រៅឃុំ ដើម្បីធ្វើការ ប្តឹងឧទ្ធរណ៍។

គួរបញ្ជាក់ផងដែរថា ករណីមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែ Lai-ying ត្រូវបានជាប់ទោស ដោយសារតែ សុដន់របស់ខ្លួន៕


មនុស្សជាច្រើន ឈរចាំនៅខាងមុខ តុលាការដើម្បី ចង់ដឹងពីស្ថានភាព ជុំវិញករណីមួយនេះ

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]