រាជ​ធានីភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ​និង​២​នាក់​ទៀត​រត់គេច​ខ្លួន បន្ទាប់​ពី​ពលករ​ចំនួន​១៨​នាក់ ប្តឹង​ពី​បទ​ជួញដូរ​មនុស្ស​ទៅ​ធ្វើការ​ប្រទេស​ចិន​ដោយ​ខុសច្បាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង​១១​យប់ ​ថ្ងៃ​ទី​២៩ ​កក្កដា នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពលករ​ដែល​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ពលករ​ទាំងអស់​មក​ពី​ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង មាន​គ្នា​២០​នាក់​សុទ្ធតែ​ប្រុស បាន​ចាញ់បោក​មេខ្យល់​ដែល​ជា​ជនជាតិ​ចិន​ និង​អ្នកបកប្រែ​ភាសា​ចិន​ដែល​ធានា​អះអាង​នាំ​ពលករ​ទៅ​ធ្វើការ​រោងចក្រ​នៅ​ប្រទេស​ចិនថា ​នឹង​ទទួល​បាន​ប្រាក់ខែ​គោល​ចំនួន​៣៥០​ដុល្លារ ក្នុង​មួយ​ខែ ហើយ​សរុប​ទាំង​ធ្វើការ​ថែម​ម៉ោង​អាច​ទទួល​បាន​ពី​១០០០​ទៅ​២០០០​ដុល្លារ ក្នុង​នោះ​ជនជាតិ​ចិន​​ជា​អ្នក​ចេញថ្លៃ​សំបុត្រ​យន្តហោះ ​និង​ចំណាយ​ការ​ស្នាក់​នៅ និង​ហូប​ចុក​ទាំងអស់ ដោយ​ពលករ​ចេញ​ប្រាក់​អស់​តែ​១០​ដុល្លារ​ទេ​ក្នុង​ម្នាក់​សម្រាប់​ទៅ​ពិនិត្យ​ឈាម​មុន​នឹង ចាក​ចេញ​​ដំណើរ​ទៅ ។

លុះដល់​ថ្ងៃ​ត្រូវ​ចេញដំណើរ​នៅ​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២៩ ​កក្កដា​​ មាន​ពលករ​២​នាក់​ហាក់ដូចជា​មានការ​សង្ស័យ​ថា ​ត្រូវ​ចាញ់បោក​ជនជាតិ​ចិន ពួក​គាត់​បាន​ប្រាប់​ជនជាតិ​ចិនថាអត់​ព្រមទៅ​ធ្វើការ​ទេ ត្រូវ​បាន​ជនជាតិ​ចិន​តម្រូវ​ឲ្យ​ពលករ​ម្នាក់សង​សំណង​ចំនួន​៧០០​ដុល្លារ ពលករ​យល់ព្រម​សង​ តែ​មិន​ទាន់​បាន​សង​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ជនជាតិចិន​៣​នាក់ ​និង​ពលករ​១៨​នាក់ ព្រមទាំង​អ្នក​បកប្រែ​ដែល​ជា​មេខ្យល់​បាន​នាំ​ពលករ​ចូល​ទៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលាម៉ោង​៨​យប់ ពេល​ដែល​ចូល​ដល់​កន្លែង​Check In សំបុត្រ​យន្តហោះ ស្រាប់តែ​ជនជាតិ​ចិន​ម្នាក់​បាន​ចូល​ទៅ​ក្នុង​យន្តហោះ​ហើយ ចំណែក​លិខិតឆ្លងដែន​របស់​ពលករ​ទៅ​ប្រទេស​ចិនក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​​មាន​សុពលភាព​រយៈពេល​តែ​១០​ថ្ងៃ និង​មាន​តែ​ទៅ មិន​មានត្រឡប់​មក​វិញ​ទេ ​​គេមាន​ការ​សង្ស័យ​ក៏ធ្វើការ​សាកសួរ​​ទើបពលករ​ដឹង​ថា ​ចាញ់បោក​ជនជាតិចិន​ជួញដូរ​មនុស្ស​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​មេ​ខ្លោង​បាន​ម្នាក់ ចំណែក​ជនជាតិ​ចិន​២​នាក់​ទៀតបាន​រត់គេច​ខ្លួន ។

ជនជាតិ​ចិន​ម្នាក់​ដែល​ជា​មេខ្លោង​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]