រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែង ដោយ​សារ​រថយន្ត​​​ដឹក​ស្រា​បៀរ​ធុន​ធំ​មួយ​គ្រឿង​បើក​វ៉ា​រថយន្ត​​មួយ​​ គ្រឿង​ទៀត​ហៀរ​ទៅ​បុក​កិន​ម៉ូតូ​​​ក្រោម​រថយន្ត និង​កិន​អ្នក​បើក​ម៉ូតូ​បែក​ក្បាល​​ខ្ទេច​ និង​បាក់​ជើង​ស្តាំ​​ ដែល​គ្រោះ​ថ្នាក់​​ដ៏​​គួរ​ឱ្យ​រន្ធត់​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩​ យប់​ថ្ងៃទី​២៥ កក្កដា តាម​​​បណ្តោយ​ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម បើក​តាម​ផ្លូវវេង​ស្រេង ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​​ដឹក​ស្រា​បៀរ បើក​ពី​ជើង​ទៅ​ត្បូងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ហើយ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​​ទៀត​ក៏​ហៀរ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញ​ ទំហឹង​កិន​ពី​ក្រោម​រថយន្ត និង​កិន​អ្នក​បើក​​ម៉ូតូ​បែក​ក្បាល និង​បាក់​ជើង​ស្លាប់​​ភ្លាមៗ រីឯ​អ្នក​បើក​រថយន្ត​​បង្ក​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ជន​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​​មាន​ឈ្មោះ​យ៉ុង ​ប៊ិន ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាអ្នក​​រត់​ម៉ូតូ​ឌុប​ស្នាក់​នៅ​​ម្តុំ​បឹង​ក្រពើ ស្ថិត​ក្នុងភូមិ​ដី​ថ្មី មាន​ស្រុក​កំណើត​​នៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ​មាន​ប្រពន្ធ​ឈ្មោះ​​ដាំ​ យ៉ា ​អាយុ​២០​ឆ្នាំ ជា​កម្ម​ការិនី​កាត់ដេរ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​កប្បាស ​ឃុំ​បាកាន ​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]