ភ្នំពេញ៖ អស់រយៈពេលជាយូរមកហើយ ដែលប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញភាគច្រើន តែងតែនាំគ្នា រអ៊ូរទាំ និងមានការធុញទ្រាន់ ជាមួយការរិះគន់ធ្ងន់ៗ រាល់ពេលដែលពួកគាត់ ធ្វើដំណើរឆ្លងកាត់ ផ្លូវ២០០៤ ឬផ្លូវសូឡា ដែលមានទីតាំង ចាប់ពីកែងផ្លូវ លេខ២៧១ មកភ្ជាប់ជាមួយនឹង ផ្លូវសហព័ន្ធរុស្ស៊ី ឆ្លងកាត់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដែលមានប្រវែងប្រហែលជិត ២គីឡូម៉ែត្រ។

ការរិះគន់ និងរអ៊ូរទាំរបស់ប្រជាពលរដ្ឋមានឡើង ក៏ព្រោះតែផ្លូវ២០០៤នេះ ធ្លាប់មានសភាពដីហុយទ្រលោម សំបូរទៅដោយគ្រលុកធំៗ ហើយជាពិសេស នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ គឺផ្លូវលិចសឹងតែ ដល់ចង្កេះមនុស្សចាស់ឯណោះ ដែលបង្កភាពលំបាកយ៉ាងខ្លាំងទៅដល់ អ្នកដែលធ្វើដំណើរឆ្លងកាត់។


ស្ថានភាពផ្លូវ ២០០៤ ដែលជួសជុល ជិតរួចរាល់

បើយោងទៅតាមប្រសាសន៍ របស់លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានប្រាប់ដល់ អ្នកសារព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនឯកជន BOT នឹងត្រូវទទួលខុសត្រូវ ក្នុងការជួសជុល ក៏ដូចជាស្ថាបនាឡើងវិញ នូវផ្លូវមួយខ្សែនេះ ដែលមានប្រវែង១,៥៧៨ម៉ែត្រ ទទឹង១៥ម៉ែត្រ ដោយការចាក់បេតុង ដាក់ឆ្អឹងដែក កម្រាស់២តឹក ព្រមទាំងការដាក់ប្រព័ន្ធ លូមេទំហំ១ម៉ែត្រកន្លះ អមសងខាងផ្លូវ ដើម្បីបញ្ចៀសការ លិចទឹករាល់ពេលដែល មានភ្លៀងធ្លាក់ខ្លាំងម្តងៗ ជាពិសេសគឺនៅរដូវវស្សា បន្ថែមពីនេះក៏មាន ការបំពាក់បង្គោលភ្លើង សម្រាប់បំភ្លឺផ្លូវផងដែរ ហើយដែលមកទល់នឹងពេលនេះ ការសាងសង់ និងជួសជុលទាំងអស់ ត្រូវបានសម្រេច ប្រមាណជា ៧០%ហើយ។

ក្នុងនោះផងដែរ ក៏មានការបញ្ចប់កិច្ចសន្យា ជាមួយក្រុមហ៊ុនឯកជន ដែលធ្លាប់ធ្វើការ វិនិយោគនៅលើផ្លូវ២០០៤ ដូច្នេះនឹងលែងមាន ការយកប្រាក់ពីរថយន្ត ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវមួយខ្សែនេះ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥នេះតទៅ ហើយនេះគឺជាចំណុច ដ៏ល្អប្រសើរបន្ថែមពីលើ ការជួសជុលផ្លូវមួយខ្សែ នេះថែមទៀត។

ជួបជាមួយនឹងបងប្រុសឈ្មោះ ភក្ត្រា ដែលមានអាជីព ជាអ្នកម៉ៅការសំណង់ និងជាអ្នកដែល ធ្វើដំណើរឆ្លងកាត់ ផ្លូវ២០០៤ ឬផ្លូវសូឡា ជាប្រចាំនោះ បានប្រាប់ក្រុមការងារខ្មែរឡូត អំពីអារម្មណ៍របស់គាត់ឲ្យដឹងថា៖ «ថ្វីបើសព្វថ្ងៃនេះ ផ្លូវ២០០៤ មិនទាន់បានជួសជុល រួចរាល់១០០% ក៏ដោយតែវា ក៏ត្រូវបានកែលំអ យ៉ាងច្រើនណាស់ហើយ ព្រោះថាវាលែងមាន គ្រលុកធំៗ ហុយដីសំពោង ដូចពីមុនទៀតដែរ និយាយត្រង់ចុះ កាលពីមុន ពេលខ្ញុំធ្វើដំណើរតាមផ្លូវហ្នឹង ខ្ញុំតែងតែធុញទ្រាន់យ៉ាងខ្លាំង ហើយណាមួយបារម្ភ ពីសុវត្ថិភាពណាស់ ព្រោះពេលខ្លះរវល់ តែបើកគេចគ្រលុក ភ្លេចមើលឡានធំៗ ដែលជិះមកពីក្រោយ ដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុគ្រប់ពេលវេលា»។គាត់បានបន្ថែមទៀតថា «ខ្ញុំពិតជារីករាយណាស់ ហើយក៏សូមអរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានសម្រេច ធ្វើការជួសជុលផ្លូវមួយខ្សែនេះ»។

លើកឡើងស្រដៀងគ្នានេះដែរ បងស្រី សាខន ជាអាជីវករលក់ដូរ ហើយក៏ជាអ្នក ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវ២០០៤ ជាប្រចាំ បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរឡូត ឲ្យដឹងផងដែរថា «កាលពីមុនអូនអើយ! ឲ្យតែជិះមកដល់ផ្លូវហ្នឹង ដូចជាមានអារម្មណ៍ថា កំពុងជិះកាត់ផ្លូវនរក មួយអញ្ចឹង និយាយឲ្យចំ គឺធុញទ្រាន់តែម្តង ម្យ៉ាងដីហុយជុកពេញក្បាល ហើយបើពេលភ្លៀងវិញ មិនបាច់និយាយពេលខ្លះជិះៗ រលត់ម៉ូតូបណ្តើរពេញហ្នឹង ព្រោះតែទឹកវា ច្រើនពេកលិចសឹងតែ ដល់កែបម៉ូតូ តែពេលនេះវិញ ធូរច្រើនផ្លូវល្អហើយស្រួលជិះ តែហុយបន្តិច ប្រហែលជាមកពីមិនទាន់ ធ្វើហើយមើលទៅ។ ចំណែកឯការកកស្ទះវិញ ហាក់មិនសូវមាន ដូចពេលមុនៗឡើយ។ បងឃើញអញ្ចឹង បងពិតជារីករាយណាស់ ព្រោះបានផ្លូវល្អធ្វើដំណើរ វាស្រួលចិត្ត»។

ទាំងនេះគឺជាការលើកឡើង អំពីទឹកចិត្ត ក៏ដូចជាអារម្មណ៍ របស់ប្រជាជនមួយចំនួន ដែលពួកគាត់ឧស្សាហ៍ធ្វើដំណើរ ឆ្លងកាត់ផ្លូវ២០០៤ ឬក៏ផ្លូវសូឡា នៅពេលដែលមានការជួសជុលផ្លូវឡើងវិញបែបនេះ ព្រោះថា ពេលនេះពួកគាត់ មានភាពងាយស្រួល ច្រើនមែនទែន ក្នុងការធ្វើដំណើរទៅមក ជាពិសេសគឺឆ្លងកាត់ ផ្លូវមួយខ្សែនោះ ផ្ទាល់តែម្តង៕

ទស្សនាវីដេអូ៖

 

តោះមកទស្សនា ស្ថានភាពផ្លូវ២០០៤ និងការធ្វើដំណើរទៅមក របស់ប្រជាជននៅលើផ្លូវនេះ ជាមួយខ្មែរឡូត ទាំងអស់គ្នា៖







ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]