រាជធានី​ភ្នំពេញ​​​ ​៖ យុទ្ធ​នា​ការផ្សព្វ​​​​ផ្សាយ​​​អនុ​​ក្រឹត្យ​​ស្តី​ពី​​​វិធាន​ការ​​​ហាម​​ ឃាត់​ចំពោះ​​ការ​​ផ្សាយ​​ពា​ណិ​ជ្ជ​កម្ម​​​ផលិត​ផល​​ថ្នាំជក់​ មាន​គោល​​បំណង​​ផ្តល់​ព័ត៌​មាន​ និង​ក្រើន​រំលឹក​​ដល់​អ្នក​​លក់​រាយ​​ និង​ដុំ​ផលិត​​ផល​ថ្នាំ​ជក់​​ទាំង​អស់​ កុំ​​ឱ្យ​​បន្ត​រួម​ចំណែក​​នៅ​ក្នុង​​ការ​​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​​ផលិត​ផល​​ ថ្នាំ​ជក់​ ដែល​​ល្មើស​​ទៅ​នឹង​​ខ្លឹម​សារ​អនុ​ក្រឹត្យ​​របស់​​រាជ​រដ្ឋា​ភិបាល​ ។​​

​ក្រោយ​​ពី​ការ​​ដាក់​ចេញ​នូវ​​អនុ​​ក្រឹត្យ​​ស្តីពី​ វិធាន​​កា​រហាម​ឃាត់​​ចំពោះ​​ការ​ផ្សាយ​​ពាណិ​ជ្ជ​កម្ម​​ផលិ​ផល​​ថ្នាំ​ជក់​ ​នៅ​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​មក​ ​ការ​ផ្សាយ​​​ពាណិ​ជ្ជ​កម្ម​​បារី​គ្រប់​រូប​​ភាព​​បាន​​ថយ​ចុះ​​គួរ​ឱ្យ​ កត់​សម្គាល់ ។​ ប៉ុន្តែ​​ទម្រង់​នៃ​​ការ​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​​បារី​មួយ​ចំនួន​​នៅ​តែ​បន្ត ​​រហូត​​ដល​់​បច្ចុ​ប្បន្ន​ រួម​មាន​ផ្ទាំង​​ប៉ា​ណូ ​ប្រអប់​​ភ្លើង ​ផ្ទាំង​រូប​ភាព ​​ផ្ទាំង​បដា ​ប្រតិ​ទិន ​ដែក​កេះ ​ជា​ពិសេស​​ការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​​បារី​នៅ​លើ​​​ធុង​​លក់​បារី​​ និង​ដោយ​​ប្រើ​ប្រាស់​​ស្ត្រី​​​​​​វ័យ​ក្មេង ។​

មាត្រា​​១០​នៃ​អនុ​​ក្រឹត្យ​​បាន​បញ្ជាក់​ថា អ្នក​ដែល​​​ប្រ​ព្រឹត្ត​​ល្មើស​​ទៅ​នឹង​​ខ្លឹម​សារ​​នៃ​អនុ​ក្រឹត្យ​នេះ​ ទាំង​អ្នក​​ផ្តួច​ផ្តើម​​ការ​ផ្សាយ​​ពា​ណិ​ជ្ជ​កម្ម​ ទាំង​អ្នក​​ដែល​ពាក់​ព័ន្ធ​​ដូច​ជា ​ម្ចាស់​​ភោជ​នីយ​ដ្ឋាន​ ម្ចាស់​​ហាង​កាហ្វេ ​ឬ​ម្ចាស់​ផ្ទះ​​ ​ឬ​តូប​លក់​​គ្រឿង​ទេស​​។ល។ ​ត្រូវ​ប្រឈម​​មុខ​នឹង​​ការ​ព្រ​​មាន​​​ជា​លាយ​​លក្ខណ៍​អ​ក្សរ​ ដក​ហូត​​សម្ភារ​​​​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ និង​ឈាន​​ដល់​បិទ​​អាជី​វកម្ម​​ជា​បណ្តោះ​អាសន្ន​​ និង​ជា​ស្ថាពរ​​ក្នុង​ករណី​​មិ​ន​រាង​​ចាល ។​

តាម​របាយ​ការណ៍​របស់​អង្គ​ការ​​​សុខភាព​​ពិ​ភព​លោក​​ ការ​ប្រើ​ប្រាស់​​ថ្នាំជក់​​ប​ណ្តាល​​​ឱ្យ​​មាន​អ្នក​ស្លាប់​​៦​លាន​នាក់​ ក្នុង​ឆ្នាំៗ​​នៅ​លើ​ពិ​ភព​លោក​ ។ ដោយ​ឡែក​​នៅ​កម្ពុជា​​ ប្រជាពល​រដ្ឋ​​ជិត​​១​ម៉ឺន​នាក់​ បាន​ស្លាប់​​ជា​រៀង​រាល់​ឆ្នាំ​​ដោយ​​សារ​ការ​ជក់​​បារី ។ ​មិន​តែ​ប៉ុណ្ណោះ​ ​​មហន្ត​រាយ​​នៃ​ការ​​ស្រូប​​ផ្សែង​​បារី​ពី​គេ​​ និង​បរិមាណ​​ថវិកា​​ជិត​​១០០​លាន​​​ដុល្លារ​ស​ហ​រដ្ឋ​អា​េមរិក​​ដែល​ចំណាយ​​ ទៅ​លើ​​ការ​ទិញ​​បារី​ជក់ ​មាន​ទំហំ​​ធំ​ធេង​​ណាស់ ។​

ការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​​ផលិត​ផល​​ថ្នាំ​ជក់​​ ត្រូវ​បាន​គេ​​ទទួល​ស្គាល់​​ទូ​ទាំង​​ពិ​ភព​លោក​​ថា បាន​ទាក់​ទាញ​​ឱ្យ​មាន​អ្នក​​ជក់​បារី​​ថ្មីៗ​​ ពិសេស​​ក្នុង​ចំណោម​​​កុមារ​ ស្ត្រី​ និង​យុវជន​ ​ព្រម​ទាំង​​​បង្អាក់​​ការ​ចង់​​ផ្តាច់​​បារី​​របស់​អ្នក​​​ជក់​​​ស្រាប់​ ។ ដូច្នេះ​​ហើយ​​ ទើប​​ប្រទេស​​ចំនួន​​១៧៦​​លើ​ពិ​ភព​លោក​​រួម​​មាន​​​ប្រទេស​កម្ពុជា​​ផង​ ដែរ  បាន​ប្តេជ្ញា​ចិត្ត​​តាម​រយៈ​​អនុ​​សញ្ញា​​ស្តី​ពី​ការ​​ត្រួត​ពិនិត្យ​​ ថ្នាំ​ជក់​ កាត់​បន្ថយ​​ការ​ស្លាប់ ​ពិការ​ភាព និង​ជំងឺ​​បណ្តាល​មក​ពី​​កា​រប្រើ​ប្រាស់​​ថ្នាំ​ជក់ ​តាម​រយៈ​​ការ​ហាម​​​​ឃាត់​​ការ​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​​ផលិ​តផល​​​ថ្នាំ​ជក់នេះ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]