ភ្នំពេញ៖ កំពូលតារាសម្តែង ហូលីវូដល្បីឈ្មោះ ប្រចាំប្រទេសអាមេរិក អ្នកនាង Angelina Jolie បានធ្វើដំណើរមកដល់ ទឹកដីប្រទេសកម្ពុជា ជាមួយនឹងកូនប្រុសចិញ្ចឹម របស់ខ្លួន គឺ Maddox ដែលមានវ័យ១៣ឆ្នាំ កាលពីពេលថ្មីៗនេះ និងបានជួបជាមួយផលិតករ ជើងចាស់ លោក រិទ្ធី ប៉ាន់ ដើម្បីសិក្សាពីការថត និងប្រមូលផ្តុំឯកសារផលិតកុន ទាក់ទងទៅនឹងប្រវត្តិ នៃការឈឺចាប់ក្នុងរបប ខ្មែរក្រហម ។

នៅក្នុងដំណើរមកដល់ទឹកដីកម្ពុជានេះ តារាសម្តែង Angelina Jolie បានទៅទស្សនកិច្ច នៅមជ្ឈមណ្ឌល «បុប្ផាណា» ដែលជាកន្លែង ប្រមូលផ្ដុំឯកសារ និងផលិតកុនទាក់ទងនឹងខ្មែរ ក្រហមហើយ នៅក្នុងនោះអ្នកនាង ក៏បានប្រាប់ឲ្យដឹងថា ការដឹកនាំរឿងនេះ គឺផ្អែកតាមសៀវភៅ «First They Killed My Father: A Daughter of Cambodia Remembers» ដែលមានចំណងជើង ជាភាសាខ្មែរថា «ពីដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» របស់ លឿង អ៊ឹង នារីខ្មែរមួយរូប រួចរស់ពីរបបខ្មែរក្រហម ហើយបានសរសេររៀបរាប់ ពីការចងចាំរបស់ខ្លួន ដែលចេញផ្សាយ កាលពីឆ្នាំ២០០០ ។

តារាហូលីវូដ ដែលនាំយកកូនកម្ពុជាទៅចិញ្ចឹម អ្នកនាង Angelina ថ្លែងឲ្យដឹងថា «ខ្ញុំមានកិត្តិយស និងមោទនភាពណាស់ ក្នុងការនាំយករឿងនេះ ខ្សែភាពយន្តនេះ ផ្អែកលើការចងចាំ ដ៏ក្ដុកក្ដួលរបស់អ្នកនិពន្ធ អ្នកនាង លឿង អ៊ឹង ដែលកាលនោះ គាត់មានអាយុ ៥-៨ឆ្នាំ ។ ភាពយន្តនេះ នឹងថតចេញពីការចងចាំ របស់ក្មេងស្រីរូបនេះ វាគឺជាការ មើលឃើញ របស់កុមារម្នាក់ពីសង្គ្រាម ការយល់ និងទស្សនៈរបស់កុមារម្នាក់នោះ អំពីសង្គ្រាម»។

អ្នកនាង Angelina បាននិយាយបន្តទៀតថា «តាមរយៈរឿងនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំជួលចិត្ត យល់កាន់ច្បាស់ពីអារម្មណ៍កុមារ ដែលឆ្លងកាត់ សង្គ្រាម និងត្រូវរងឥទ្ធិពល ដោយសារការចងចាំ ដ៏អាក្រក់នេះ។ ម្យ៉ាង វាបានជួយឲ្យខ្ញុំ មានអារម្មណ៍ កាន់តែស្និទ្ធស្នាលជាមួយ ប្រជាជនកម្ពុជា ដែលជាប្រទេសកំណើត របស់ Maddox កូនប្រុសខ្ញុំ។ វាជាសុបិនខ្ញុំយូរមកហើយ ដែលចង់ឲ្យសាច់រឿង ក្នុងសៀវភៅនេះក្លាយជា ខ្សែភាពយន្ត ហើយក៏ជាកិត្តិយសរបស់ខ្ញុំ ដូចគ្នា ដែលបានសហការ ជាមួយផលិតករជើងចាស់ របស់កម្ពុជា» ។

ក្រុមការងារ របស់តារាហូលីវូដ វ័យជាង៤០ឆ្នាំ ដែលមានរូបសម្រស់ស្រស់ ផូរផង់រូបនេះ ក៏បានបង្ហើបឲ្យដឹងទៀតថា បានរៀបចំចាប់ពី ខែកក្កដានេះទៅ ហើយនឹងចាប់ផ្ដើមថត នៅខែវិច្ឆិកា ដល់ចុងខែមករា។ ខ្សែភាពយន្តនេះ នឹងថតនៅក្នុងស្រុក ជាមួយតួសម្ដែង និងក្រុមការងារកម្ពុជា ហើយនិងនិយាយជាភាសាខ្មែរ។ ខ្សែភាពយន្តនេះ ផលិតឡើងជាមួយប្រជាជនកម្ពុជា និងដើម្បីប្រជាជនកម្ពុជា។ ឱកាសនេះ ដើម្បីរួមការងារជាមួយ ក្រុមផលិតកម្មកម្ពុជា និងសិល្បករ ដ៏មានទេពកោសល្យ របស់កម្ពុជា។

ក្រោយពីខ្សែភាពយន្តនេះ ថតបញ្ចប់ នឹងត្រូវបានចាក់ផ្សាយ តាមបណ្ដាញ អ៊ីនធឺណិត សំខាន់ៗនៅចុងឆ្នាំ២០១៦ ហើយនឹងត្រូវដាក់ បញ្ចាំងផងដែរ តាមមហោស្រពភាពយន្ត អន្តរជាតិធំៗ ជុំវិញពិភពលោក ទៀតផង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]