មណ្ឌលគិរី ៖ ជនជាតិ​វៀតណាម​ម្នាក់ ក្នុង​ចំណោម​ជនជាតិ​ខ្មែរ និង​វៀតណាម​៤​នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្រោយ​ពី​ជូ​ប​ហេតុការណ៍​ក្រឡាប់​រថយន្ត​ធន់​តូច​មួយ​គ្រឿង ក្នុង​តំបន់​ព្រៃ​កា​ពារ​អភិរក្ស​ជីវចម្រុះ​សីមា កាលពី​រសៀល​ម៉ោង​ប្រមាណ​ជា​២ និង​៣០​នាទី ថ្ងៃ​ទី​២៧ កក្កដា ២០១៥ ត្រង់​ចំណុច​ទឹក​ខូ​ប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

តាម​ការ​រៀបរាប់​ពី​អ្នកដំណើរ​តាម​ផ្លូវជាតិ​មួយ​នេះ​បាន​និយាយ​ថា គេ​បានឃើញ​រថយន្ត​ខាងលើ​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ទីរួមខេត្ត​មណ្ឌលគិរី ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ផ្លូវ​មាន​ស្ថានភាព​កោង​ខ្លាំង ហើយ​ទំនងជា​អ្នកបើកបរ​អាច​ងងុយដេក ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ទៅ​ជ្រលង​ភ្នំ​ខាងឆ្វេង​ដៃ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ។

ក្នុង​ហេតុការណ៍​នោះ ជន​រង​គ្រោះ​៣​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​ឃើញ​ថា មានការ​សង្គ្រោះ​ភ្លាម​ៗ ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​សមត្ថកិច្ច​ប្រចាំការ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ ។

នគរបាល​ចរាចរណ៍​របស់​អធិការដ្ឋាន​ស្រុក​កែវ​សីមា​បានឱ្យ​ដឹង​ថា រថយន្ត​ក្រឡាប់​ខាងលើ​ម៉ាក​នី​សាន់ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8349 មាន​អ្នក​ជិះ​ចំនួន​៤​នាក់ ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​៣​នាក់​ទៀត​កំពុងធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។

ចំពោះ​អត្តសញ្ញាណ​នោះ សមត្ថកិច្ច​បញ្ជាក់​ថា អ្នក​ស្លាប់​មានឈ្មោះ ហ៊ុយ វាន់​ស៊ុ​ង អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ចំណែក​អ្នក​រងរ​បូស​មាន ទី​១-​ឈ្មោះ លី សុក​នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​រថយន្ត ទី​២-​ឈ្មោះ ម៉​ង គង់ និង​ទី​៣-​ឈ្មោះ យឹ​ង ជនជាតិ​វៀតណាម ។

សូម​រំលឹក​ថា ក្នុង​សិក្ខាសាលា​ស្តី​ពី​ច្បាប់​ផ្លូវថ្នល់ ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៣២​លើក បើ​ប្រៀបធៀប​នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ឃើញ​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ចំនួន​៦​លើក ស្មើ​និង​១២​ភាគរយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់ រង​របួស​ចំនួន​២៥​នាក់ ព្រមទាំង​ខូចខាត​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។ សិក្ខាសាលា​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស​ចំនួន​២៩​ករណី និង​បណ្តា​មក​ពី​កត្តា​ផ្លូវ​ចំនួន​៣​ករណី ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]