អេហ្ស៊ីប៖ យ៉ាងហោចណាស់មាន មនុស្ស២៥នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ គ្រោះអគ្គីភ័យឆេះ រោងចក្រមួយកន្លែង នៅក្នុងប្រទេសអេហ្ស៊ីប។

យោងតាមប្រភពព័ត៌មាន BBC ចុះផ្សាយម្សិលមិញ បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់ មួយនេះបានកើតឡើង នៅក្នុងទីក្រុង Cairo ភាគខាងជើងនៃ ប្រទេសអេហ្ស៊ីប ដែលមានរោងចក្រ ផលិតគ្រឿងសង្ហារឹម មួយកន្លែងត្រូវបាន អគ្គីភ័យលេបត្របាក់ ហើយក្នុងនោះក៏បាន ធ្វើឲ្យកម្មករយ៉ាងតិច ២៥នាក់ ត្រូវបានស្លាប់ និងច្រើនជាង២០នាក់ ផ្សេងទៀត រងរបួសដោយសារ ការរលាកភ្លើង និងការឈ្លក់ផ្សែង។

យ៉ាងណាមិញក្រុមសង្រ្គោះ ក៏ដូចជារថយន្តពន្លត់អគ្គីភ័យ ជាង២០គ្រឿងត្រូវបាន បញ្ជូនទៅចំណុចកើតហេតុ ហើយជាលទ្ធផល ក្រុមពន្លត់អគ្គីភ័យអាច គ្រប់គ្រងស្ថានភាព អណ្តាតភ្លើងឆេះ ដ៏សន្ធោសន្ធៅនោះហើយ និងព្យាយាមពន្លត់វា ឲ្យបានសម្រេច១០០%។

ក្រុមអាជ្ញាធរបានធ្វើការសន្និដ្ឋានថា អណ្តាតភ្លើងអាច ចាប់ផ្តើមឆាបឆេះឡើង បន្ទាប់ពីមានការផ្ទុះ នូវធុងហ្គាសមួយ ខណៈពេលដែលវា ត្រូវបានគេដឹកបញ្ជូនឡើងទៅលើ។ បន្ថែមពីនេះទៀត បណ្តាញផ្សព្វផ្សាយជាតិ របស់ប្រទេសអេហ្ស៊ីប ក៏បានរាយការណ៍ មកផងដែរថា រោងចក្រមួយនេះគឺ មិនទាន់ទទួលបាននូវ លិខិតបញ្ជាក់អំពីសុវត្ថិភាព ពីខាងរដ្ឋាភិបាលប្រទេស អេហ្ស៊ីប នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ មិនទាន់មានរបាយការណ៍ សរុបចុងក្រោយអំពី ចំនួននៃមនុស្ស ដែលបានស្លាប់ និងរងរបួស ក៏ដូចជាទំហំនៃការខូចខាត នៅឡើយនោះទេ ដោយសារតែគ្រោះ អគ្គីភ័យនេះនៅឡើយទេ។ ម្យ៉ាងវិញទៀតករណីដែល មានការឆេះរោងចក្របែបនេះ ត្រូវបានកើតឡើង ជារឿយៗនៅតាម ប្រទេសមួយចំនួន ក្នុងពិភពលោក ហើយកាលពីប៉ុន្មានខែមុននេះ ក៏ធ្លាប់មានការឆេះរោងចក្រ នៅប្រទេសហ្វីលីពីន ផងដែរនិងបានឆក់យក ជីវិតមនុស្សអស់យ៉ាងតិច ៧២នាក់៕

ទិដ្ឋភាពមួយចំនួន នៃហេតុការណ៍គ្រោះអគ្គីភ័យ ដែលបានកើតឡើង នៅក្នុងប្រទេស អេហ្ស៊ីប៖



ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]