ភ្នំពេញ៖ តារាសម្តែង គ្រងតំណែងតួឯក បន្តកន្ទុយគ្នា កញ្ញា ភិន សុដាលីស គឺជាតារាស្រីមួយដួង ដែលពើបប្រទះព័ត៌មាន ស្នេហាចម្រូងចម្រាស មិនឈប់មិនឈរ ជាមួយអតីតគូដណ្តឹង លោក ប៉ែន តុលា ដោយថ្មីៗនេះ សម្រាប់តារាសម្ដែង បែបយុវវ័យ ភិន សុដាលីស បានជួបប្រះនូវ រឿងរ៉ាវថ្មីមួយទៀត គឺបែកធ្លាយរូបភាពឱបថើបជាមួយ និងនិស្សិតម្នាក់កំពុងតែរស់នៅ និងសិក្សានៅអាមេរិក។ ប៉ុន្តែអ្វីដែលភាពភ្ញាក់ផ្អើល ផ្ទុយស្រឡះពីហេតុការណ៍ខាងលើនេះ គឺលោក អ៊ិន សុភិន ឪពុករបស់តារាស្រី ភិន សុដាលី បានចេញមុខអះអាងថា កូនស្រីរបស់លោក និងអតីតគូដណ្តឹង នឹងដឹកដៃគ្នាចូលរោងការ នៅចុងឆ្នាំនេះ ដើម្បីលុបចោល ពាក្យចចាមអារ៉ាមរឿងស្នេហា ដែលធ្លាប់លេចឮកន្លងមក ។

គេសង្កេតឃើញថា តារាសម្តែងស្រីវ័យក្មេង កញ្ញា ភិន សុដាលីស ហាក់ពើបប្រទះនឹង ព័ត៌មានស្នេហាជាច្រើន ជាមួយអ្នកនេះ អ្នកនោះមិនដាច់ តួយ៉ាងដូចពេលថ្មីៗនេះ មានការបែកធ្លាយ រូបភាពមួយចំនួន បង្ហាញឲ្យឃើញ គឺការកៀកកើយឱបរឹតថើបគ្នា ជាមួយប្រុសថ្មី ដែលជានិស្សិតខ្មែរ នៅអាមេរិក ហាក់មានចេតនា បញ្ឈឺចិត្តអតីតគូដណ្តឹង ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន ដែលជាឪពុករបស់ កញ្ញា ភិន សុដាលីស បានប្រាប់ឲ្យដឹងថា តាមរយៈព័ត៌មានលេចឮកន្លងមកថា កូនស្រីលោកមាន ទំនាក់ទំនងជាមួយ បុរសនេះ បុរសនោះ មិនឈប់មិនឈរ ហើយជារឿយលោក តែងតែបកស្រាយថា វាមិនមែនជារឿងពិត ។ ជាក់ស្តែង ដូចរូបថតដែលបែកធ្លាយថ្មីៗនេះ គឺគ្មានទំនាក់ទំនងស្នេហាអីទេ ចំណងមិត្តភាពរបស់ពួកគេ គ្រាន់តែជាមិត្តភក្តិនឹងគ្នា តែប៉ុណ្ណោះ។

លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា «ចំពោះរឿងនេះ ខ្ញុំចង់បកស្រាយថា ដាលីស មិនមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយអ្នកណាឡើយ ហើយដើម្បីធ្វើឲ្យទស្សនិកជន ច្បាស់ក្នុងចិត្តនោះ ខ្ញុំចង់ជម្រាប ជូនថាកូនស្រីខ្ញុំ និង តុលា គ្រោងនឹងដឹកដៃគ្នា ចូលរោងការ នៅចុងឆ្នាំនេះ ហើយដើម្បីលុបចោលព័ត៌មាន មិនល្អទាំងអស់ ខ្ញុំគិតថានាពេលកន្លងមក ដែលកូនៗ គេឈ្លោះគ្នានោះ មិនគ្មានអ្វីធំដុំទេ វាគ្រាន់តែជារឿងធម្មតា ដែលក្មេងៗ គេង៉ក់ងដាក់គ្នាតិចតួចតែប៉ុណ្ណោះ…»។

ម្ចាស់ផលិតកម្មរូបនេះ បានប្រាប់ឲ្យដឹង នៅដើមខែតុលាខាងមុខនេះ លោកនិងក្រុមគ្រួសារ រួមជាមួយ កូន តុលា នឹងទៅដើរកម្សាន្ត នៅក្រៅប្រទេស ចំនួន៣ជាប់ៗគ្នា គឺអាមេរិក,បារាំង និងអង់គ្លេស ហើយពេល ដែលត្រឡប់មកវិញ ទើបគិតគូរឿងរៀបការ ចំពោះកាលបរិច្ឆេទ ច្បាស់លាស់ រឿងរៀបការ គឺរង់ចាំសិន នៅពេលច្បាស់លោក នឹងប្រកាសជាសាធារណៈ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស