ចិន៖ ពិតជាគួរឱ្យអាណិតកុមារ អភ័ព្វពីរនាក់បងប្អូនណាស់ ដែលត្រូវបានគេឃើញថា កំពុងតែរស់នៅ ក្នុងជីវិតដ៏សែនតោកយ៉ាក ទាំងខ្លួននៅក្មេងខ្ចី និងអត់ឃ្លានជាទីបំផុត ជាមួយនឹងសត្វឆ្កែ ដែលគេចិញ្ចឹមនៅក្នុងទ្រុង បន្ទាប់ពីម្តាយឪពុករបស់ពួកគេ បានលែងលះគ្នា និងបានបោះបង់ពួកគេ ហើយចាកចេញ ទៅរកអនាគតថ្មីរៀងៗខ្លួន ដោយបន្សល់ទុកនូវ កូនពីរនាក់ ឱ្យរស់នៅ ដោយគ្មានទីពឹង វេទនាជាទីបំផុត។

បន្ទាប់ពីឪពុកម្តាយរបស់ពួកគេ បានលែងលះគ្នា កុមារាអាយុ ៦ឆ្នាំ និងកុមារី អាយុ៤ឆ្នាំ ទាំងពីរនាក់បងប្អូនបង្កើត ក៏បានទៅរស់នៅ ជាមួយជីតារបស់ពួកគេ ដែលរកស៊ីចិញ្ចឹម សត្វឆ្កែលក់ ដែលស្ថិតនៅក្នុង ក្រុងណានជីង ខេត្តចាំងស៊ូ ។

តែជាអកុសល រូបគេទាំងពីនាក់ ដែលជីតារបស់ខ្លួន ហាក់ព្រងើយកន្តើយ ហើយមិនខ្វល់ខ្វាយជាមួយនឹង សុខទុក្ខនិងការរស់នៅប្រចាំថ្ងៃ របស់ពួកគេទាល់តែសោះ ហើយបណ្តោយឱ្យពួកគេ​រស់នៅក្នុងទ្រុង ជាមួយសត្វឆ្កែ និងផឹកទឹកថ្លុកទៅវិញ។

ដោយឡែក អ្នកជិតខាងក្បែរនោះ ក៏បានព្យាយាមជាច្រើនលើកច្រើនសារផងដែរ ដើម្បីបញ្ចុះបញ្ចូលជីតារបស់ពួកគេ ឱ្យនាំកុមារកំសត់ទាំងពីរនាក់នោះ ទៅដាក់នៅមណ្ឌលសង្គ្រោះ សម្រាប់កុមារគ្មានទីស្នាក់អាស្រ័យ ។

បើតាមអ្នកជិតខាងម្នាក់ឈ្មោះ ជុន តេង បានប្រាប់សារព័ត៌មានក្នុងស្រុកថា កន្លែងដែលក្មេងទាំងពីរនាក់កំពុងរស់នៅនោះ គឺមិនអាចទ្រាំបានទេ ដែលកន្លែងទាំងមូលពោរពេញទៅដោយសំរាម លាមកឆ្កែ សត្វរុយ និងសត្វមូសយ៉ាងច្រើន ហើយពួកគេត្រូវដណ្តើមចំណី ពីសត្វឆ្កែ ដើម្បីយកមកទទួលទានទៀតផង ។


ក្មេងតូចទាំងពីរនាក់បងប្អូន រស់នៅនិងទទួលទានក្នុងទ្រុងជាមួយសត្វឆ្កែ

ប៉ុន្តែជីតារូបនោះ មិនបានធ្វើអ្វីដូច ដែលអ្នកជិតខាង បាននិយាយឡើយ បែរជាសុខចិត្តឱ្យពួកគេ នៅជាមួយនឹងស្ថានភាព ដ៏លំបាកដដែលទៅវិញ ។

យ៉ាងណាមិញ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក ក៏បានបរិច្ចាគចំណីអាហារ និងសំលៀកបំពាក់ដល់កុមារទាំងពីរ តែពួកគេ នៅតែមិនអាចយកក្មេងទាំងពីរនាក់នោះចេញ ដោយគ្មានជំនួយសហការណ៍ ពីអាជ្ញាធរបានឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការសប្បុរសធម៌ រំពឹងថា នឹងមានការជ្រោមជ្រែង និងឧបត្ថម្ភ ពីសហគមន៍ក្នុងស្រុក ដើម្បីជួយសម្រួលដល់ការរស់នៅ របស់កុមារទុរគត ទាំងពីរនាក់នោះ ឱ្យមានភាពល្អប្រសើរ ។

បន្ទាប់ពីរឿងគួរឱ្យអាសូរនេះ ត្រូវបានដឹងលឺ  តាមរយៈសារព័ត៌មាន ខាងមន្ត្រីទទួលបន្ទុកកិច្ចការនេះ ក៏បានចេញនូវសេចក្តីថ្លែងការណ៍ ហើយគេរំពឹងថាកុមារបងប្អូនទាំងពីររូបនោះ នឹងត្រូវផ្លាស់ប្តូរទៅស្នាក់នៅកន្លែង ដែលសមរម្យជាពុំខានឡើយ ៕

ប្រភព៖​ មីរ័រ

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]