ចិន៖ ទិដ្ឋភាពដ៏កំសត់ បានកើតឡើងមួយទៀតហើយ នៅពេលស្ត្រីជាម្តាយ វ័យក្មេងម្នាក់ ជ្រើសរើសយកវិធីលក់ការអោប នៅស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីរកប្រាក់ សំរាប់ព្យាបាលជំងឺកូនស្រី ដែលកំពុងឈឺធ្ងន់។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា អ្នកស្រី Chen Dejuan អាយុ២៨ឆ្នាំ ជាម្តាយកំសត់ម្នាក់ ដែលត្រូវគេប្រទះឃើញ ឈរកាន់បដាអក្សរ ដែលសរសេរឡើងថា «លក់ការអោប អោបម្តង ១០យ័ន (១.៦០ដុល្លារ)» ។ នៅក្បែរនោះផងដែរ កូនស្រីរបស់គាត់ អាយុ ៤ឆ្នាំ ឈ្មោះ Nana អង្គុយពាក់ម៉ាស និងស្ថិតក្នុងស្ថានភាព សឹងតែគ្មានសក់ នៅលើក្បាល ដោយសារតែជំងឺ។

ផ្អែកលើការរៀបរាប់របស់ អ្នកស្រី Chen បានប្រាប់ថា នាងនិងប្តី ជាអ្នកស្រុកចុងគីង ធ្វើការនៅឯខេត្ត សានទុង។ កាលពីខែឧសភា Nana បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺឈាមស ស៊ីឈាមក្រហម ដែលចាំបាច់ត្រូវការប្រាក់យ៉ាងច្រើន សំរាប់មើលថែទាំកូនស្រី។ ក្នុងនោះដែរ សូម្បីតែប្រាក់ជាង ១ម៉ឺនដុល្លារ ដែលអ្នកទាំងពីរ ខំសំន្សំជាយូរមកហើយ ក៏ត្រូវចំណាយអស់ និងត្រូវខ្ចីប្រាក់គេថែមទៀត ដើម្បីមើលថែកូនស្រី រយៈពេលប៉ុន្មានខែ កន្លងមកនេះ។


Chen ទទួលបានការ បរិច្ចាគប្រាក់ពីសប្បុរសជន ហើយនាងក៏អោបគេវិញ ដើម្បីជាការអរគុណ

ការព្យាបាល ត្រូវការប្រាក់យ៉ាងច្រើន ដូច្នេះអ្នកស្រី Chen និងប្តី ត្រូវចែកការងារគ្នា ក្នុងការស្វែងរកប្រាក់ មកផ្គត់ផ្គង់។ សំរាប់ Chen នាងសម្រេចចិត្ត បង្កើតការលក់អោប ដោយក្នុងចិត្តរំពឹងថា នឹងអាចមានសប្បុរសជន ជួយបរិច្ចាគប្រាក់ ដើម្បីអាចបន្តមើលថែ កូនស្រីកំសត់មួយនេះ តទៅទៀត។ អ្នកស្រី Chen បាននិយាយនូវពាក្យមួយឃ្លាថា «ខ្ញុំពិតជា ត្រូវការភាពក្លាហានច្រើនណាស់ ដើម្បីធ្វើរឿងបែបនេះ»។

គួរបញ្ជាក់ផងដែរថា មានមនុស្សជាច្រើន ជាពិសេសអ្នកដែលបានអានរឿងរ៉ាវនៃជីវិតពិត របស់គ្រួសារមួយនេះបាននាំគ្នាបរិច្ចាគប្រាក់ តាមវិធីរៀងៗខ្លួន ហើយពេលនេះ អ្នកស្រី Chen អាចនាំកូនស្រីរបស់ខ្លួន ទៅទទួលការព្យាបាលនៅឯមន្ទីរពេទ្យបានហើយ៕


Chen កំពុងឈរកាន់ ស្លាកលក់ការអោប ដើម្បីរៃអង្គាសប្រាក់ ជួយកូនស្រីរបស់ខ្លួន

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]