នេះជារឿងស្នេហ៍ ដែលទោះ Romeo និង Juliet ក៏ត្រូវស្ញើចស្ញែងដែរ ។ លោកតា Liu កាលអាយុ ១៩ ឆ្នាំបានលង់ស្នេហ៍នឹង ស្រ្ដីមេម៉ាយអាយុ ២៩ ឆ្នាំម្នាក់ឈ្មោះ Xu  ក្នុងកំលុងទសវត្សរ៍ ១៩៦០ ប៉ុន្ដែការស្រលាញ់រវាងបុរសក្មេង និង ស្រ្តីដែលមានវ័យចាស់ជាង គឺខុសពីទំនៀមទំលាប់របស់អ្នកភូមិ ក្នុងកំលុងទសវត្សរ៍នោះ។ លោក Liu និង ស្រ្តីមេម៉ាយ Xu ដោយក្ដីស្រលាញ់មិនអាចបំបែកបាន ក៏នាំគ្នារត់ទៅរស់នៅក្នុងរូង លើភ្នំមួយ នៅឃុំ Jiangjin ក្នុងតំបន់ ChongQing ខាងត្បូង ឆ្ងាយពីភ្នែកអ្នកដ៏ទៃ។

ដំបូងឡើយពូកគាត់ទាំងពីរ គ្មានអ្វីបរិភោគគ្រប់គ្រាន់ឡើយ ហើយត្រូវដើររកផ្លែឈើ និង ស្លឹកឈើដែលអាចបរិភោគបាន ជាអាហារ ។ ជីវិតរបស់គាត់ ចេះតែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ពេលគាត់ទាំងពីរចាប់ផ្ដើមរានដីធ្វើចំការ និង សាងសង់ផ្ទះ ហើយនឹងចេះសម្របនឹងជីវិត ព្រៃភ្នំ ។ លោក Liu ដោយចង់ឲ្យប្រពន្ធ វ័យចំណាស់របស់គាត់ ធ្វើដំណើរចុះឡើងភ្នំស្រួល និង​ មិនមានគ្រោះថ្នាក់ បានជីកដីកាយធ្វើជា ថ្នាក់ជណ្ដើរដោយដៃទាំងពីររបស់គាត់ផ្ទាល់ ពីលើភ្នំចុះមកក្រោមបានចំនួន ៦០០០ ថ្នាក់ ។

ក្នុងឆ្នាំ ២០០១ ក្រុមអ្នកដើរលេងក្នុងព្រៃមួយក្រុម បានប្រទះឃើញប្ដីប្រពន្ធទាំងពីរ រស់នៅលើភ្នំ និង ជណ្ដើរចំនួន ៦០០០ ថ្នាក់ ហើយបានផ្សព្វផ្សាយជីវិតគេទាំងពីរដល់មហាជន។

លោក  Liu MingSheng ដែលជាកូនមួយនៃកូនទាំង ៧ របស់គាត់បានប្រាប់ថា គាត់ទាំងពីរនាក់ មិនដែលរស់ឆ្ងាយពីគ្នាមួយថ្ងៃណាឡើយ ។ គាត់បានរស់នៅជាមួយគ្នា ដោយមានសេចក្ដីសុខ ជាង ៥០ ឆ្នាំមកហើយ ប៉ុន្ដែថ្មីៗនេះលោកតា Liu បានដួលសន្លប់ពេលកំពុងធ្វើការក្នុងចំការរបស់គាត់ គាត់បានចែកឋានក្នុងដៃយាយ Xu ដោយមុនពេលស្លាប់លោកតាក្ដាប់ដៃលោក យាយ Xu ជាប់បេះសឹងតែមិនចេញ។ ក្រោយពីលោកតា Liu ស្លាប់បាត់ទៅ លោកយាយ Xu ចេះតែទន្ទេញឃ្លាដដែលៗ៖

បងសន្យាថានឹងថែរក្សាអូន រហូតដល់អូនស្លាប់ ហេតុអ្វីក៏បងចាកចោលអូនឲ្យនៅម្នាក់ឯង តើឲ្យអូនរស់នៅក្នុងលោកនេះដោយគ្មានបងបានយ៉ាងណា?

រឿងស្នេហ៍របស់គាត់ បានប្រទេសចិនចាត់ទុក ជារឿងស្នេហ៍កំពូលទាំងដប់ ក្នុងប្រទេសចិន ។ រដ្ឋាភិបាលចិន សម្រេចចិត្តរក្សាជណ្ដើរទាំង ៦០០០ ថ្នាក់ និង កន្លែងដែលយាយតាទាំងពីរបានរស់នៅ ជាសារមន្ទីរសម្រាប់ភ្ញៀវទេសចរ និង ដើម្បីជានិមិត្តសញ្ញាស្នេហាអមតរបស់គូទាំងពីរ។

បើប្រិយមិត្តមាន រឿងស្នេហ៍រំជូលចិត្តពិត ដូចនេះ ប្រិយមិត្តអាចផ្ញើមក [email protected] ដើម្បីចុះផ្សាយ៕

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]