ភ្នំពេញ៖ ខ្យល់ព្យុះ វីសិនតេ (VICENTE) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះ មានសភាពធម្មតា មិនបង្កឲ្យមានការប៉ះពាល់ ធ្ងន់ធ្ងរនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងធនធានទឹក នឹងតាមដានជាបន្តបន្ទាប់ទៀត។

លោក កែវ វី នាយខុទ្ទកាល័យ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះថា នៅពេលនេះ ខ្យល់ព្យុះ វីសិនតេ មិនបានជះឥទ្ធិពលអ្វីធ្ងន់ធ្ងរ ដល់ខេត្តមួយចំនួន នៅប្រទេសកម្ពុជានោះទេ ដោយមានពពកខ្មៅដុំៗ តែមិនបង្កឲ្យមានជាភ្លៀងខ្យល់ បក់បោកខ្លាំងធ្វើឲ្យខូច ខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ។

លោកបន្តថា កាលពីថ្ងៃម្សិលមិញ មានភ្លៀងខ្យល់ធ្លាក់នៅតាមខេត្តមួយចំនួននៅពេលយប់ ដូចជាខេត្តកោះកុង បណ្ឌលគិរី និងព្រះសីហនុ ប៉ុន្តែមិនបានធ្វើឲ្យខូចខាតអ្វីធ្ងន់ធ្ងរនោះទេ “យ៉ាងណាក៏ដោយក្រសួងធនធានទឹក នឹងធ្វើការតាមដានជាបន្តទៀត ដើម្បីជូនដំណឹងឲ្យប្រជាពលរដ្ឋបានដឹង និងការពារខ្លួន”។

លោក កែវ វី បន្ថែមថា បើទោះបីជាព្យុះនេះ មិនបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរក៏ដោយ តែប្រជាពលរដ្ឋនៅតាមតំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ ជាពិសេសប្រជា នេសាទត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីគ្រោះមហន្តរាយនេះ។

សូមជម្រាបថា សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បានឲ្យដឹងថា ព្យុះវីសិនតេ នឹងមានឥទ្ធិពល មកលើប្រទេសកម្ពុជា មានរយៈពេលពីរថ្ងៃ ដោយបង្កឲ្យ តំបន់ខ្ពង់រាប ភាគខាងជើង និងខ្ពង់រាបភាគឦសាន មានភ្លៀងធ្លាក់ច្រើន និងមានល្បឿន ខ្យល់ខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ តំបន់មាត់សមុទ្រ ដោយខេត្តនៅតាមសមុទ្រ ដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប នឹងមានភ្លៀងធ្លាក់ច្រើន មានខ្យល់ កន្ត្រាក់បក់បោកខ្លាំង។ ទឹកសមុទ្រនឹងមានរលកខ្ពស់ៗ ចាប់ពី១,០០ម៉ែត្រ ទៅ ២,៥០ម៉ែត្រ៕

ដោយៈសេង ផល្លាភ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]