បរទេស៖ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល និងជាទីការចាប់អារម្មណ៍ យ៉ាងខ្លាំងជាពិសេស គឺប្រជាជនខ្មែរ ផ្ទាល់តែម្តង ដែលតារាស្រីហូលីវូដ ដ៏ល្បីឈ្មោះនិង ជានិមិត្តរូបរបស់ មនុស្សជាច្រើន គឺអ្នកនាង Angelina Jolie Pitt បានសម្រេចចិត្ត ដឹកនាំរឿង ថ្មីមួយ ដែលផ្តោតសំខាន់ ទៅលើជីវិត របស់មនុស្ស ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាក្រុមហ៊ុន Netflix ដែលជា ស្ទូឌីយ៉ូផលិត ខ្សែភាពយន្តដ៏ធំមួយ របស់សហរដ្ឋអាមេរិក បានធ្វើការប្រកាស នូវគម្រោងថ្មីរបស់ខ្លួន ក្នុងការផលិតខ្សែភាពយន្ត ផ្អែកលើជីវិតពិតមួយ ដែលមានចំណងជើងថា “First They Killed My Father” (មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ) ក្រោមការដឹកនាំពី តារាស្រីហូលីវូដដ៏ល្បី គឺនាង Angelina Jolie Pitt និងមានការសហការ សរសេរសាច់រឿង ពីអ្នកស្រី លឿង អ៊ឹង (Loung Ung) ដែលជាអ្នកនិពន្ធ និងជាសកម្មជន សិទ្ធិមនុស្ស កម្ពុជា ហើយក៏ធ្លាប់ជា ក្មេងស្រីម្នាក់ដែល ធ្លាប់ឆ្លង កាត់ទុក្ខវេទនា ព្រាត់ប្រាសគ្រួសារ និងឪពុកម្តាយ នៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

បើតាមការបញ្ជាក់បន្ថែម សាច់រឿងមួយនេះ នឹងត្រូវផលិតឡើង ទៅតាមប្រវត្តិពិត និងសាច់រឿង របស់អ្នកស្រី លឿង អ៊ឹង ដែលបាន និពន្ធឡើង នៅក្នុងសៀវភៅរបស់គាត់។ នាង Angelina Jolie Pitt បាននិយាយនៅក្នុង ស្ទូឌីយ៉ូរបស់ Netflix មកថា “ខ្ញុំពិតជា រំជួលចិត្ត យ៉ាងខ្លាំងក្រោយពី បានអាននូវ សាច់រឿង របស់អ្នកស្រី លឿងអ៊ឹង រួចមកហើយ វាក៏បាន ធ្វើឲ្យខ្ញុំរឹតតែ យល់ច្បាស់ ថែមទៀតពីបទ ពិសោធន៍  ក៏ដូចជាអារម្មណ៍ របស់កុមារដែល ធ្លាប់ហែល កាត់ភ្លើងសង្រ្គាម។ លើសពីនេះទៀត វាក៏បានជួយ ឲ្យខ្ញុំ រឹតតែបង្កើន ភាពស្និទ្ធស្នាល កាន់តែខ្លាំងជាមួយនឹង ប្រជាជននៃ ប្រទេស កម្ពុជា ទាំងអស់ដែលជា ប្រទេសកំណើត របស់កូនប្រុសខ្ញុំ។ ពេលនេះសុបិន្តរបស់ខ្ញុំ ក្នុងការនាំយកសាច់រឿង នៃសៀវភៅមួយនេះ មកធ្វើជាភាពយន្ត បានក្លាយជា ការពិតហើយ ជាចុងក្រោយខ្ញុំចង់ បញ្ជាក់ថាខ្ញុំពិតជា មានកិត្តិយស ខ្លាំងជាទីបំផុត ដែលបានធ្វើការ សហការ ផលិតភាពយន្ត ជាមួយនឹងអ្នកស្រី លឿង អ៊ឹង ព្រមទាំងលោក រិទ្ធី ប៉ាន់”។

 
គ្របមុខនៃសៀវភៅ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ដែលជាការនិពន្ធ របស់អ្នកស្រី លឿង អ៊ឹង

Netflix មានគម្រោងនឹងចាក់ បញ្ចាំងរឿង First They Killed My Father នៅចុងឆ្នាំ២០១៦ ហើយក៏មានគម្រោង ដាក់បញ្ចូលរឿង មួយនេះ ទៅក្នុងពិធីបុណ្យ ភាពយន្តអន្តរជាតិ ទៀតផង។ គួរបញ្ជាក់ផងដែរថា ភាពយន្តមួយនេះ នឹងផលិតទៅតាម សាច់រឿងនៃសៀវភៅ ដ៏ល្បីដែលមាន ចំណងជើងថា “First They Killed My Father” ដែលជាការនិពន្ធ របស់អ្នកស្រី លឿង អ៊ឹង ហើយក្នុងនោះគឺជា ការបរិយាយផ្ទាល់ នូវជីវិតលំបាកវេទនា របស់អ្នកស្រីដែល កាលនោះគឺជា កុមារីវ័យ ៥ឆ្នាំម្នាក់ ដែលជួបភាពវេទនា កំសត់លំបាក យ៉ាងក្រៃលែង និងត្រូវបាន ព្រាត់ប្រាស ពីឪពុកម្តាយ ដែលត្រូវបាន គេសម្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ អ្វីដែលរឹតតែ អស្ចារ្យទៀតនោះ គឺថាភាពយន្តមួយនេះ នឹងត្រូវចូលរួម ផលិតឡើង ពីលោក រិទ្ធី ប៉ាន់ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Missing Picture ព្រមទាំង Maddox ដែលជាកូនប្រុស របស់នាង Angelina Jolie Pitt និងអ្នកល្បីៗ ជាច្រើនទៀតផងដែរ៕


Angelina Jolie Pitt នឹងចូលរួមដឹកនាំ​ ភាពយន្តថ្មី


អ្នកស្រី លឿង អ៊ឹង អ្នកនិពន្ធ និងជាសកម្មជន សិទ្ធិមនុស្សកម្ពុជា


លោក រិទ្ធី ប៉ាន់ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Missing Picture


Maddox កូនប្រុសរបស់ Angelina Jolie Pitt ដែលមានសញ្ជាតិខ្មែរ

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]