សៀមរាប : យោងតាមរបាយការណ៍របស់ វរសេនីយ៍ឯក ថង សាគុណ ស្នងការរង ទទួលការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធ កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី២៣ កក្កដា ឆ្នាំ២០១២ ដែលមានចរិកកាចសាហាវ មានគ្នា ៥នាក់ ក្នុងនោះមានម្នាក់ ជាស្ត្រី បានបើកការវាយប្រហារ មកលើសមត្ថកិច្ច ដែលតាមប្រម៉ាញ់ក្រុមចោរទាំងនោះ បន្ទាប់ពីពួកវាបានប្លន់ អាជីវករ លក់មាស/ប្តូរប្រាក់ នៅក្នុង ផ្សារពួក ស្រុកពួក ខេត្តសៀមរាប។ ហើយក្រុមចោរបានចាប់អ្នកស្រុកយ៉ាងតិច ៦នាក់ធ្វើជាចំណាប់ខ្មាំង រួចបាញ់សម្លាប់ម្នាក់ និង បាញ់ឲ្យរបូស ៣នាក់។ ចំណែកក្រុមជនសង្ស័យស្លាប់នៅនឹងកន្លែងចំនួន ៣នាក់ រងរបួសម្នាក់(បញ្ជូនទៅមន្ទីរពេទ្យខេត្ត)។

ក្នុងអំពើរប្លន់នោះ ក្រុមចោរដែលមានគ្នា ៤នាក់ ប្រដាប់ដោយអាវុធវែងចំនួន ១ដើម អាវុធខ្លីចំនួន ២ដើម គ្រាប់បែកចំនួន ១គ្រាប់ មធ្យោបាយធ្វើ សកម្មភាព មានរថយន្តចំនួន១គ្រឿង ម៉ូតូចំនួនមួយគ្រឿង បានធ្វើសកម្មភាពប្លន់កន្លែង លក់មាស ចំនួន ពីរកន្លែង នៅ ផ្សារពួកក្នុងទឹកដីភូមិ ចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប លើជនរងគ្រោះ ចំនួន ពីរនាក់ គឺ ១-ឈ្មោះ ណៃ សំបូរ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិគោក ឃុំពួក ស្រុកពួក មុខរបរ លក់មាសប្តូរប្រាក់ បាត់បងទ្រព្យសម្បត្តិ ប្រហែល ជាង៣០.០០០$ (បីម៉ឺនដុល្លារអាមេរិក) ២-ឈ្មោះ ចាន់ សារឿប ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ លក់មាសប្តូរប្រាក់ បាត់បងទ្រព្យសម្បត្តិ ប្រហែល ២០.០០០$ (ពីរម៉ឺនដុល្លារអាមេរិក) ដោយជនសង្ស័យ បានបាញ់ចំនួន ពីរគ្រាប់ (ពុំមានរងរបួស)។

ក្រោយទទួលបានសេចក្តីរាយកាណ៍ កម្លាំងនគរបាលបានធ្វើសកម្មភាពបង្ក្រាបភ្លាមៗ ដោយជនសង្ស័យបានជិះម៉ូតូម៉ាក ហុងដា វេវអាលហ្វា ពណ៌ ខ្មៅ គ្មាន ស្លាកលេខ គេចខ្លួនចូលក្នុង ភូមិប្រយុទ្ឋ ឃុំពួក ស្រុកពួក ហើយទុកម៉ូតូនោះចោលនៅត្រង់ចំណុចស្ពានម៉ាឡេ ហើយនាំគ្នាឡើងជិះ រថយន្តម៉ាក Camary ស៊េរីឆ្នាំ ១៩៩៥ ពណ៌ស្ក ចង្កូតឆ្វេង ផ្លាកលេខ (ក្តាប់មិនបាន) ជិះតាមផ្លូវបេតុងភូមិប្រយុទ្ឋខាងលើ រួចបានដកកាំភ្លើង ចេញតាមកញ្ចក់ឡាន គម្រាម សមត្ថកិច្ចដែលតាមពីក្រោយ ដល់ផ្លូវជាតិលេខ ៦ ក៍បាញ់សមត្ថកិច្ច នគរបាលនៅគោលដៅ នោះចំនួន ពីរគ្រាប់ សមត្ថកិច្ចបានបាញ់តបតវិញចំនួន ពីរគ្រាប់ រួចជនសង្ស័យជិះឡានគេចខ្លួនតាមផ្លូវជាតិលេខ៦ ទៅទិសខាងលិច មកដល់ត្រង់ចំណុច ជិតរង្វង់ មូលយាយកាន់កណ្តៀវ (មុខផ្សារពួក)។ បន្ទាប់មកជនសង្ស័យ បានបើករថយន្តបុក សមត្ថកិច្ច រងរបួសជើងឆ្វេងម្នាក់ គឺ ឈ្មោះ ម៉ៃ សុធន់ ភេទប្រុស អាយុ ៤២ឆ្នាំ ដែលកំពុងធ្វើអន្តរាគមន៍ បន្ទាប់មកជនសង្ស័យបាន បើកឡានចូលក្រោយអនុវិទ្យាល័យ ដូនទ្រ ក្នុង ទឹកដី ភូមិដូនទ្រ ឃុំល្វា ស្រុកពួក ដោយបើករថយន្តកាត់វាលស្រែ រួចក៏ទុករថយន្ត ចោលនៅមាត់អូរ ក្នុងទឺកដីភូមិគោកស្រម៉ ឃុំល្វា ហើយនាំគ្នារត់គេចខ្លួនទៅទិសខាងជើង។

កម្លាំងអធិការដ្ឋាននគរបាលស្រុក សហកាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងផ្នែកសឹករងស្រុក ដែលដឹកនាំបញ្ជាដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ និងលោកឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង មេបញ្ជាការផ្នែកសឹករងខេត្ត បានឲ្យកម្លាំងធ្វើការ ហុំព័ទ្ឋក្រុមជនសង្ស័យ ដោយមិនអាចរត់គេចខ្លួនរួច។

ដោយកម្លាំងសមត្ថកិច្ចហ៊ុំព័ទ្ធ ក្រុមចោរជាប់ ទើបក្រុមជនសង្ស័យចាប់ ប្រជាពលរដ្ឋចំនួន ៧នាក់ ដែលកំពុងរកត្រីតាមវាលស្រែ ធ្វើជាចំណាប់ ខ្មាំងគម្រាមកុំឲ្យសមត្ថកិច្ចចូលជិត ហើយបានបាញ់រះ មកលើក្រុមសម្ថកិច្ចជាច្រើនគ្រាប់ និងគ្នាវាម្នាក់បាន យកកាំភ្លើងខ្លីបាញ់ ទៅលើចំណាប់ ខ្មាំងម្នាក់ ចំក្បាលបណ្តាលឲ្យស្លាប់នឹងកន្លែង នៅត្រង់ចំណុចវាលស្រែក្នុងទឹកដីភូមិរការ ឃុំល្វា។ ពេលនោះកម្លាំងសមត្ថកិច្ចបានបើកផ្លូវ ក្រុមជនសង្ស័យបាននាំចំណាប់ខ្មាំងទៅទិសខាងលិច ដល់ទឹក ដីភូមិគោកថ្មី ឃុំល្វា ក្រុមជនសង្ស័យបានបាញ់ចំណាប់ខ្មាំងរងរបួសចំនួន ២នាក់ទៀត និងបានបាញ់រះមកលើសមត្ថកិច្ចជាច្រើនគ្រាប់ ពេលនោះកម្លាំងសមត្ថកិច្ចបានស្រែកឲ្យក្រុមជនសង្ស័យទំលាក់អាវុធចុះ ចូលសារភាព ប៉ុន្តែក្រុមជនសង្ស័យមិនព្រម និងបានគប់គ្រាប់បែកមករកសម្ថកិច្ចចំនួនមួយគ្រាប់(មិនផ្ទុះ) កម្លាំងសមត្ថកិច្ចបានបាញ់ ទៅលើក្រុមជនសង្ស័យ បណ្តាលឲ្យស្លាប់នឹងកន្លែងចំនួន ៣នាក់ រងរបួសម្នាក់ (បញ្ជូនទៅមន្ទីរពេទ្យខេត្ត)។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនោះ មាននគរបាលស្រុកពួករងរបួស ១នាក់ ហើយចំណាប់ខ្មាំងស្លាប់ ១នាក់ របួស ៣នាក់ និងរត់គេចខ្លួន ពីក្រុមចោររួច ១នាក់។ នគរបាលដែលរងរបួស គឺ លោក អនុសេនីយ៍ទោ ម៉ៃ សុធន នាយប៉ុស្តិនគរបាល រដ្ឋបាលពោធិទទ្រាយ អាយុ៤២ឆ្នាំ របួសជើងឆ្វេង។ ជនរងគ្រោះ (ចំណាប់ខ្មាំង) ដែលត្រូវក្រុមចោរ បានចាប់ជាចំណាប់ខ្មាំង រួចបាញ់ឲ្យស្លាប់ ឈ្មោះ ហៃ ហាន ហៅ (ក្ដាន់) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរការ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះ ៣នាក់ ១-ឈ្មោះ ស្រី វិត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរដាល់អំបុកលក់ ២-ឈ្មោះ ធន់ ថេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដាល់អំបុកលក់ ៣-ឈ្មោះ ហល់ ហៃ ភេទប្រុស អាយុ ១៤ឆ្នាំ។ ឯចំណាប់ខ្មាំង៣នាក់ទៀត ត្រូវបានរត់រួចខ្លួន ១-ឈ្មោះ ប៉ាន់ សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ ២-ឈ្មោះ អឿន តុល ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះ វិច វៀត ភេទប្រុស អាយុ ៨ឆ្នាំ អ្នកទាំងអស់ រស់នៅភូមិរការ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

នៅកន្លែងកើតហេតុ សមត្ថកិច្ចរឹបអូសបានអាវុធ AK កាត់ស្វាយ ចំនួនមួយដើម អាវុធខ្លី K59 ចំនួន ពីរដើម គ្រាប់បែកចំនួន មួយគ្រាប់ និងគ្រឿង អលង្កការចំនួនមួយកាបូប។ និងបានធ្វើការឆែកឆេរក្រុមជនសង្ស័យ រកឃើញទូរសព្ទ័ចំនួន ៤គ្រឿង និងលុយខ្មែរមួយចំនួន។ ក្នុងកិច្ចប្រតិបត្តិការ រឹបអូសបានរថយន្តម៉ាក Camary សេរីឆ្នាំ ១៩៩៥ ពណ៌ ស្ក ចង្កូត ឆ្វេង ស្លាកលេខ(ត្រូវជនសង្ស័យកាច់ចោល) និងម៉ូតូមួយគ្រឿងម៉ាក ហុងដា វេវអាលហ្វា ពណ៌ ខ្មៅ គ្មាន ស្លាកលេខ លេខតួ-លេខម៉ាស៊ីន ១០៨២៦៦២ អាវុធ Ak កាត់ស្វាយចំនួនមួយដើម លេខ ១៤០៥១៨៩៧ អាវុធខ្លី K59 ចំនួន ពីរដើមៈ មួយដើម លេខ ១២៥០ គ្មានគ្រាប់ និង មួយដើមទៀត គ្មានលេខ មានគ្រាប់ចំនួន ៤ គ្រាប់ និងរឹបអូសបានទ្រព្យសម្បត្តិ បាត់បង់មកវិញ។

ចំណែកឯប្រជាពលរដ្ឋរងរបួស ពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្ងែកខេត្តសៀមរាប ឯប្រជាពលរដ្ឋចំណាប់ខ្មាំង ចំនួន ២នាក់ទៀតបានរត់ គេចខ្លួនរួចដោយសុវត្ថិភាព។ ហើយ លោក ឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានប្រគល់ប្រាក់ឧបត្ថម្ភដល់ជនរងគ្រោះ ដែលជាចំណាប់ខ្មាំង ទាំង៤នាក់ ក្នុងម្នាក់ៗ ១លានរៀល និងឧបត្ថម្ភជូនក្រុមគ្រួសាររបស់ចំណាប់ខ្មាំង ដែលត្រូវក្រុមចោរបាញ់សម្លាប់ ៤លាន រៀល។ តាមការបញ្ជាក់របស់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ថា បានប្រគល់ទ្រព្យសម្បត្តិដែលរឹបអូសបានឲ្យទៅម្ចាស់ដើមវិញហើយ។
លោកឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការនគរបាលខេត្តសៀមមរាប បានធ្វើសេចក្ដីរាយការណ៍ ជូនគណៈបញ្ជាការឯកភាព នៅក្នុងកិច្ច ប្រជុំត្រួតពិនិត្យការងាររដ្ឋបាលខេត្ត កាលពីព្រឹកមិញ ថា ប្រតិបត្តិការបង្ក្រាបចោរប្លន់ គឺបានទទួលជោគជ័យដ៏ត្រចះ ត្រចង់មួយរបស់ ក្រុមសមត្ថកិច្ចនគរបាល ដែលសហការយ៉ាងល្អជាមួយកម្លាំងអាវុធហត្ថ នឹងតំបន់ប្រតិបត្តិការសឹកខេត្តសៀមរាប បានធ្វើការបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ រហូតប្រមូលទ្រព្យសម្បត្តិដែលប្រជាពលរដ្ឋបាត់បង់ទៅ យកមកប្រគល់ជូនគាត់វិញ សបញ្ជាក់ឲ្យឃើញពីការ យកចិត្តទុក ដាក់របស់សមត្ថកិច្ច លើសន្តិសុខរបស់ប្រជាពលរដ្ឋ។

លោកបន្ដថា ចោរប្លន់ម្នាក់ដែលរងរបួស មុខសញ្ញាជនល្មើស កំពុង ព្យាបាល ឈ្មោះ ចាន់ វ៉ាន់ អាយុ ៣៦ឆ្នាំ ស្រុកកំណើត ភូមិ-ឃុំ-ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរ រត់ម៉ូតូឌុបនៅវត្តភ្នំ (ភ្នំពេញ)។ តែលោកស្នងការបញ្ជាក់ថា ទោះយ៉ាងណា សមត្ថកិច្ច កំពុងនិងបន្តតាមដាន ស្រាវជ្រាវ រកការពិត នៃមុខសញ្ញាទាំងនេះ ហើយ ឈ្មោះ ចាន់ វ៉ាន់ អាចជាមេក្លោង ដឹកនាំក្រុមចោរប្លន់នេះ ព្រោះគេបានឆ្លើយដាក់អ្នកស្លាប់ ម៉្យាងទៀតគេ មិនចង់និយាយជាមួយសមត្ថកិច្ចទេ គឺគេនិយាយតែជាមួយគ្រូពេទ្យ ដែលព្យាបាលគេ ហើយគេម្នាក់នេះ បានធ្វើសន្លប់និងត្រូវរបួសធ្ងន់ធ្ងរ ក្រោយ ពេលប្រតិបត្តិការ គេ គឺទំនងជាអ្នកដែលបានបាញ់ ចំណាប់ខ្មាំងដោយផ្ទាល់ដៃផង។ ចំណែក ៣នាក់ទៀតដែលស្លាប់ឈ្មោះ ទី១-ឈ្មោះ ហន ភេទប្រុស អាយុ៤០ឆ្នាំ ទី២-ឈ្មោះ ថា ហៅអាអៀប អាយុ៣៦ឆ្នាំ ទី៣- ឈ្មោះ អាម៉ាប់ អ្នកទាំង៣នាក់នេះ មានមុខរបរជាកងទ័ព នៅតំបន់អន្លង់វែង។

លោកបញ្ជាក់ថា សមត្ថកិច្ចជំនាញបាននិងកំពុងពិនិត្យ តាមដាន ស្រាវជ្រាវ ស្វែងរក អត្តសញ្ញាណ និងភាពពាក់ព័ន្ធនានាឲ្យបានពិតប្រាកដ ជាបន្តបន្ទាប់ទៀត។ ចំពោះស្ត្រីម្នាក់នោះ សមត្ថកិច កំពុងស្រាវជ្រាវផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ កែវ សុផាត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]