រាជ​ធានី​ភ្នំពេញ ៖ អ្នក​គ្រូ ពេជ្រ កញ្ចនា ​បង្រៀន​​​ថ្នាក់​ទី​៧នៅ​វិទ្យា​ល័យ​បឹង​ត្របែក ត្រូវ​បាន​លោក​គ្រូ​ អ្នក​គ្រូ​​​ និង​ប្រជា​ពល​រដ្ឋ​​ អាជីវ​​ករ​​​មួយ​ក្រុម​ នាំ​គ្នា​ផ្តិត​មេ​ដៃ​សំណូម​ពរ​មក​ការិយា​ល័យ​និព​ន្ធ​​កោះ​សន្តិ​ភាព​​ជួយ​ ចុះ​ផ្សាយ​បង្ហាញ​មុខ​មាត់​គាត់​​ដែល​មាន​សាច់​ទ្រលុក​ទ្រលន់​ ហើយ​បច្ចុប្បន្ន​​គេច​ខ្លួន​បាត់​ដោយ​ប្រមូល​​​យកប្រាក់​​តុង​ទីន​រាប់សែន​​ ដុល្លារ​ទៅ​ជា​មួយ​ផង ព្រោះ​​រូប​គាត់​ធ្វើ​ជា​មេ​តុង​ទីន ។

ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ កាល​ពី​រសៀល​ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០១២ ក្រុម​​លោក​គ្រូ អ្នក​គ្រូ​បង្រៀន​ជា​សមា​ជិក​តុង​ទីន​​ដែល​​កំពុង​ខាត​បង់​ប្រាក់​សន្សំ​ រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​ៗ​បាន​សំណូម​ពរ​តាម​រយៈ​កោះ​ សន្តិ​ភាព ​​អំពាវ​នាវ​​ទៅ​មេ​តុង​ទីន​ឈ្មោះ​ពេជ្រ កញ្ចនា ឱ្យ​​​ចូល​ខ្លួន​មក​ដោះ​ស្រាយ​​ជា​មួយ​សមា​ជិក​តុង​ទីន​ ទើប​រួច​ខ្លួន​ពី​ប្រព័ន្ធ​​ច្បាប់ ។ ក្រុម​អ្នក​ខាត​បង់​ប្រាក់​​ដោយ​សារ​មេ​តុង​ទីន​​វេច​ប្រាក់​រត់​​នេះ​ បាន​សូម​ឱ្យ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ជួយ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ ច្បាប់​​លើ​អ្នក​គ្រូ ពេជ្រ កញ្ចនា ​ដូច​ដែល​មាន​​​រូប​ថត​ភ្ជាប់​ជា​មួយ​នេះ​ផង​​ ព្រោះ​បុគ្គល​រូប​នេះ​ជា​មនុស្ស​​រូប​ស្រស់​ តែ​បង្កប់​ពិស​ពុល​ទុច្ច​រិត​ឆបោក​លុយតុង​ទីន​ដែល​សមា​ជិក​​ម្នាក់​ៗ​ព្យា​ យាម​អត់​ហា៊ន​ស៊ី​ចាយ ​​ដើម្បី​សន្សំ​លុយ​យក​មក​បង់​តុង​ទីន​តាម​ពេល​វេលា​កំណត់​ ប៉ុន្តែ​ទី​បញ្ចប់​ទទួល​បាន​​នូវ​ការ​ខាត​បង់​លុយ​រាប់​ម៉ឺន​ដុុល្លារ​​តាម​ រយៈ​មេ​តុង​ទីន​បោក​ប្រាស់​នេះ​ ។

សូម​បញ្ជាក់​ថា តុង​ទីន​​ដែល​​អ្នក​​គ្រូ កញ្ចនា ​ធ្វើ​មេ​នោះ​មាន​មួយ​ក្បាល​ពី​៥០​ដុល្លារ ទៅ ២០០​ដុល្លារ ហើយ​រយៈ​ពេល​នៃ​ការ​​​ដេញ​ គឺ​មាន​​​​មួយ​ខែ​ម្តង និង​កន្លះ​ខែ​ម្តង ។ មូល​ហេតុ​ដែល​ផ្ទុះ​រឿង​ចោទ​ប្រកាន់​​លើ​មេ​តុងទីន​ប្រមូល​​លុយ​​រត់ ​គឺ​​ដោយ​សារ​ថ្មី​ៗ​នេះ​​មាន​សមា​ជិក​តុង​ទីន​ខ្លះ​​ដេញ​តុង​ទីន​បាន​ហើយ​ អត់​បាន​លុយ ។ លើស​ពី​នេះ​​ទៅ​ទៀត​​ កន្លង​មក​មាន​សមាជិក​តុង​ទី​ន​ខ្លះ​បាន​ប្តឹង​ទៅ​ប៉ូលិស​​ក្រសួង​មហា​ផ្ទៃ​ ចាប់​ខ្លួន​មេតុង​ទីន​ឈ្មោះ​ពេជ្រ កញ្ចនា យក​ទៅ​ឃុំ​ខ្លួន​​ដើម្បី​​បង្ខំ​ទារ​​ប្រាក់​ចំនួន​ពីរ​ដង​រួច​មក​ហើយ ។ ​​បច្ចុប្បន្ន​​ អ្នក​គ្រូ ​ពេជ្រ កញ្ចនា បាន​រត់​គេច​​បាត់​ស្រមោល​​ឈឹង​​ទំន​ង​អត់​ងាក​ក្រោយ​ទេ ។
អ្នក​គ្រូ ពេជ្រ កញ្ចនា ពុំ​អាច​​ទំនាក់​ទំនង​​សុំ​ការ​បំ​ភ្លឺ​​បានទេ ​តាម​រយៈ​ទូរ​ស័ព្ទ​​​ ។ ​

សូម​រំ​លឹក​ថា ​ ការ​លេង​តុង​ទីន​បាន​ផ្ទុះ​​បាតុ​ភាព​ជា​បន្ត​បន្ទាប់ដោយ​សារ​មេ​តុង​ទីន​ មិន​ល្អ​ ​ចេះ​តែ​វេច​សំពាយ​រត់​ដែល​មេ​ខ្លះ​ប្រមូល​បាន​រាប់​សែន​ដុល្លារ​ ពិសេស​​គឺ​នៅ​រាជ​ធានី​ភ្នំពេញ​ ៕ ​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]