អាមេរិក៖ កន្លងមកមនុស្សសឹងតែ ទាំងអស់ទៅហើយ ដែលយល់ថាសត្វពស់ថ្លាន់ គឺជាប្រភេទពស់ ដែលធ្វើការ រឹតច្របាច់ខ្លួនប្រាណចំណីរបស់វា ឲ្យហប់ ឬក៏ដាច់ខ្យល់ស្លាប់ មុននឹង វាលេបទាំងមូល តែនេះគឺជាអ្វី ដែលយើងគិតខុស ព្រោះថាអ្នកវិទ្យាសាស្ត្រ ទើបតែលាតត្រដាង នូវចំណុចដែលធ្វើឲ្យចំណី របស់ពស់ថ្លាន់ ដាច់ខ្យល់នោះ គឺបណ្តាលមកពីការគាំងបេះដូង ទៅវិញទេ។

ផ្អែកលើរបាយការណ៍ ស្រាវជ្រាវរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ ការរឹតរួត យ៉ាងណែន របស់សត្វពស់ថ្លាន់ ទៅលើចំណី របស់វា គឺបានកាត់ផ្តាច់នូវចរន្តឈាម ក្នុងការរត់ទៅកាន់ខួរក្បាល និងបេះដូង ដែលនេះជាមូលហេតុដ៏សំខាន់តែមួយគត់ ក្នុងការធ្វើឲ្យភាវៈរស់ ដែលត្រូវបានពស់ថ្លាន់រឹត ហើយនោះ ស្លាប់ដោយសារតែការគាំងបេះដូង។

ក្រុមអ្នកវិទ្យាសាស្ត្រ នៃសហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ ទៅលើសត្វពស់ថ្លាន់ ចំនួន៥០ក្បាល នៅពេលដែលពួកវា ធ្វើការរឹតច្របាច់ សត្វកណ្តុរ ដើម្បីធ្វើជាចំណី ក្នុងនោះពួកគេបានសង្កេតឃើញថា ចលនាបេះដូង និងសម្ពាធឈាមនៅក្នុងខ្លួនសត្វកណ្តុរទាំងនោះ ត្រូវបានបិទ និងកាត់ផ្តាច់ភ្លាមៗ ម្យ៉ាងវិញទៀត ចង្វាក់បេះដូង របស់សត្វទាំងនោះ គឺលោតខុសពីប្រក្រតី មុននឹងពួកវាដាច់ខ្យល់។

បន្ថែមពីនេះផងដែរ លោកវេជ្ជបណ្ឌិត Scott Boback អ្នកស្រាវជ្រាវ ទៅលើសត្វពស់ នៃមហាវិទ្យាល័យ Dickinson នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានពន្យល់ថា “វាអាចជាការពិត ដែលថាភាវៈរស់ ដែលស្ថិតនៅក្នុង ការរួតរឹត របស់សត្វពស់ថ្លាន់ បានដាច់ខ្យល់ស្លាប់មុនពេលដែលគ្រឿងក្នុងទាំងអស់ ត្រូវខ្ទេចខ្ទី ព្រោះតែកម្លាំង រឹតដ៏ខ្លាំងពីសត្វពស់។ ម្យ៉ាងវិញទៀត ស្ថានភាពរបស់ភាវៈរស់ ដែលត្រូវបានពស់ថ្លាន់ កំពុងធ្វើការ​ រឹតច្របាច់នោះ គឺសម្ពាធនៃសរសៃឈាមក្រហម ត្រូវបានធ្លាក់ចុះ រីឯសម្ពាធនៃសរសៃឈាមខ្មៅ បានកើនឡើង ដែលនេះគឺជា សញ្ញាណនៃការកាត់ផ្តាច់នូវចរន្តឈាម ក្នុងការផ្គត់ផ្គង់ទៅកាន់បេះដូង ក៏ដូចជាខួរក្បាល”។

នេះគឺជាការ រកឃើញថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ក្នុងការលាតត្រដាង នូវមូលហេតុដែល​ ធ្វើឲ្យពស់ថ្លាន់ អាចសម្លាប់ចំណីរបស់វា មុននឹង​លេបចូលទាំងមូល ហើយក៏អាចកែតម្រូវ នូវការយល់ខុស របស់មនុស្សភាគច្រើន ដែលយល់ខុស ទៅលើវិធីសម្លាប់ របស់ពស់ថ្លាន់ផងដែរ៕

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]