ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​ដោយ​សារ​​ខឹង​ប្រាប់​ប្តី​​ឱ្យ​ទៅ​បង់ត្រី​មិន​ព្រម​ទៅ ក៏​កើត​មាន​ការ​ប្រទូស្តរ៉ាយគ្នា ហើយ​ត្រូវ​​ម្តាយ​បង្កើត​​ស្តី​បន្ទោសទៀត ​​ក៏​​តូច​ចិត្ត​​លួច​ផឹក​ថ្នាំ​សម្លាប់​សត្វ​កណ្តៀរ បណ្តាល​ឱ្យ​​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​​​​ចោល​កូន​តូច​ៗ​ចំនួន​២​នាក់​ឱ្យ​ រស់​នៅ​​កំព្រា​ម្តាយ។ ក្រោយ​ពីផឹ​ក​ថ្នាំ​សម្លាប់​ខ្លួន​​​សព​ស្ត្រី​ម្នាក់​នេះ ត្រូវ​គេ​ប្រទះ​ឃើញ​​នា​​វេលា​ម៉ោង​៤​និង​២៣​នាទី​រសៀល​ថ្ងៃ​ទី​២២ កក្កដា ​នៅកណ្តាល​វាល​ស្រែ​ ចម្ងាយជាង​៣០០​​ម៉ែត្រ​ ពី​ភូមិ​ស្រះ​លិច​ ឃុំ​ព្រះ​នេត្រ​ព្រះ ស្រុក​​ព្រះ​នេត្រ​ព្រះ ។

លោក​វរសេនីយ៍​ត្រី កែវ ប៊ុនយឿន អធិការ​​នគរ​បាល​ស្រុក​​ព្រះ​នេត្រ​​ព្រះ​ឱ្យ​ដឹង​ថា​ ស្ត្រី​​ដែល​សម្លាប់​ខ្លួននេះ ឈ្មោះ ម៉ក់ ចាន់​ទី ​អាយុ​២៥​ឆ្នាំ ​មាន​ទី​លំនៅក្នុង​ភូមិ​-ឃុំ​ខាង​លើ ។ តាម​ការ​ស្រាវ​ជ្រាវ​​ជុំ​វិញ​​ករណី​ធ្វើ​អត្ត​ឃាត​​នេះឱ្យ​ដឹង​ថា នៅ​វេ​លា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២២ កក្កដា​  នាង​បានប្រាប់​ប្តី​ឱ្យ​ទៅ​បង់​ត្រី តែ​ប្តី​​​ប្រកែកមិន​ទៅ​ព្រោះ​គាត់​ឈឺ​ពោះ ។ បន្ទាប់​មក​ក៏​មាន​ការ​ប្រវាយ​​ប្រតប់​គ្នា​ជា​មួយ​​ប្តី ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង​ជួយ​​អន្តរាគមន៍​​បំបែក​ពួក​គេ​ទាំង​​២​នាក់ ស្រប​ពេល​នោះ​ម្តាយ​របស់​នាង​ក៏​ស្តី​បន្ទោស​បនិ្តច​បន្តួច​​ធ្វើ​ឱ្យ​នាង​ ខឹង ក៏​ជេរ​ប្តី និង​ម្តាយ​បង្កើត​​របស់​ខ្លួន​យ៉ាង​ចាស់​ដៃ​ផង​ដែរ ។

ប្រភព​​ដដែល​បន្ត​​ទៀត​ថា បន្ទាប់​មក​នាង​ក៏​​ជិះ​ម៉ូតូ​យក​ទៅ​លក់​នៅ​ផ្សារ​ចក្រី ឃុំ​ជប់​វ៉ារី ​ស្រុក​ព្រះ​នេត្រ​ព្រះ ។ នៅ​វេ​លា​ម៉ោង​៨​ព្រឹក​ ពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ​មួយ​ភ្លែត​​ក៏​គេច​ខ្លួន​បាត់​រហូត​​​ប្តី​ដើរ​ រក​មិន​ឃើញ លុះ​ដល់​វេ​លា​​ម៉ោង​៤​និង​២៣​នាទី​រសៀល​ថ្ងៃ​ដដែល ​មាន​ក្មេង​ឃ្វាល​គោ​​រត់​មក​ប្រាប់​ថា ឃើញ​​សព​ស្ត្រី​​ម្នាក់​នៅ​កណ្តាល​វាល​ស្រែ​ ។ បើ​តាមបុរស​ជា​ប្តី​​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ពេល​ដឹង​ថា ​នាង​សម្លាប់​ខ្លួន​ គាត់​​បាន​ដើរ​មក​មើល​ថ្នាំ​​សម្លាប់​សត្វ​កណ្តៀរ​ដែល​ព្យួរ​ទុក​នៅ​នឹង​ ទ្រុង​​ជ្រូក​ ស្រាប់​តែ​បាត់​១​កញ្ចប់ ។

លោក​អធិការ​បញ្ជាក់​ថា ​តាម​ការ​សន្និដ្ឋាន​ទាក់​ទិន​នឹង​ករណី​ធ្វើ​អត្ត​ឃាត​​នេះ គឺ​ស្ត្រី​រូប​នេះ​បាន​ផឹក​ថ្នាំ​កណ្តៀរ​​ តាម​ការ​អះ​អាង​​ពី​ប្តី​​ថា គាត់​បាត់​​ថ្នាំ​សម្លាប់​សត្វ​​កណ្តៀរ​១​កញ្ចប់​ ។ ក្រោយ​ពី​សមត្ថកិច្ច​​ពិនិត្យ​រួចក៏​​បាន​ប្រគល់​​សព​ជូន​ក្រុម​គ្រួ​សារ​​ ចាត់​ចែង​​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]