ភ្នំពេញ៖ មនុស្សម្នាទូទៅ បានគិតថា អ្នកសិល្បៈ ប្រាកដជា មានឱកាសខ្ពស់ ក្នុងការរកស៊ីជាងអ្នកធម្មតា ព្រោះពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកណាក៏ចង់ទិញ និងប្រើប្រាស់សេវាកម្ម របស់តារាល្បីៗដែរ ។ តែផ្ទុយស្រឡះ ការដាក់ទុនរកស៊ីរបស់ តារាល្បីទាំងនោះ ត្រូវបានគេសង្កេតឃើញថា បិទមុខជំនួញ របស់ខ្លួនជាបន្តបន្ទាប់ តារាខ្លះក៏សេងហាងបណ្តើរ ព្រោះតែពួកគេ ហាក់មិនមានពេលគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងហាង រីឯអ្នកសិល្បៈខ្លះបើកហាង ដើម្បីកំដរភាពអផ្សុករបស់ខ្លួនប៉ុណ្ណោះ ។ ហេតុផលមួយទៀត អ្នកសិល្បៈខ្លះ គ្មានបទពិសោធន៍ខាងរកស៊ី ចេះតែបើកតាមគ្នា ទីបំផុតខាតឡុងចុង អស់ទាំងចុងទាំងដើម ក៏បង្ខំចិត្តបិទទាំងពាក់កណ្ដាលទី។

តើតារាសិល្បៈណាខ្លះ ដែលរកស៊ីមិនសូវកាក់កប?
 
១.លោក ព្រាប សុវត្ថិ
តារាចម្រៀងលំដាប់កំពូលរបស់កម្ពុជា លោក ព្រាប សុវត្ថិ លោកធ្លាប់មានអាជីវកម្មជាច្រើន ដូចជា សំអាងការ និង កាត់សក់ ហើយសំអាងការលោកកាលនោះ ល្បីល្បាញណាស់ ។ ក្រោយមកសំអាងការ ព្រាប សុវត្ថិ ក៏បាត់មុខពីពិភពតុបតែងកាយ ក្នុងថ្ងៃមង្គលឈឹងតែម្ដង ដោយគ្មានដំណឹងថា លោកនឹងបើកវាជាថ្មីនៅពេលណាឡើយ ។

២. អ្នកនាង ពេជ្រ សោភា
តារាចម្រៀង អ្នកនាង ពេជ្រ សោភា ក៏ធ្លាប់ជាថៅកែហាង កាត់សក់បុរស ដ៏ល្បីល្បាញ កាលនៅជាកំពូលតារាចម្រៀងល្បីខ្លាំង ។ តែក្រោយមក ពេជ្រ សោភា ក៏សេងហាងឲ្យប្អូនប្រុស តារារ៉េប លោក ធីអូ ហើយក៏បិទហាងចោលតែម្ដង ។ គេចាំបានថា ហាងកាត់សក់ ពេជ្រ សោភា មានភ្ញៀវចេញចូលមិនដាច់ទេ តែនាងក៏បិទទ្វារទាំងមិនដឹងមូលហេតុ ហើយផ្ទះ នៅម្ដុំបឹងកេងកង បច្ចុប្បន្នក៏ចាក់សោរចោលទៀត។

៣. កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស ថ្វីត្បិតថា នាងមិនបានចេញមុខចេញមាត់ថា ហាងនាំចូលថ្នាំលាបសក់ពីប្រទេសអូស្ត្រាលី តែមហាជនដឹងថា ហាងនោះជាហាង ដែលមានចំណែក ទេព បូព្រឹក្ស ក្នុងនោះដែរ តែហាងនាំចូលថ្នាំលាបសក់នោះ បានបិទបានសម្រេច តាំងពីដើមឆ្នាំពី២០១៥ មកម្ល៉េះ ក្រោមហេតុផលរត់មិនរួច ។

៤.កញ្ញា ដួង ហ្សូរីដា
កញ្ញា ដួង ហ្សូរីដា ជាម្ចាស់ហាង «ដាមាណា កាត់ដេរ» ដែលមានទីតាំងដ៏ធំ នៅជិតស្ពានអាកាស៧មករា ។ តារារូបនេះ ធ្លាប់មានហាងជាច្រើនកន្លែង ពិសេសហាង «ហ្សូហ្វេសសិន» ដែលលក់តែរ៉ូបសម័យថ្មី សម្រាប់នារីស៊ីវិល័យ ។ ប៉ុន្តែបានបិទទ្វារជាបន្តបន្ទាប់ ព្រោះនាងគ្មានពេលគ្រប់គ្រង ចុងក្រោយនាងសល់តែហាងមួយជិតស្ពានអាកាសនេះឯង ។

៥. កញ្ញា ញឹម ចាន់ថន
កញ្ញា ញឹម ចាន់ថន ធ្លាប់ជាម្ចាស់ហាងលក់សម្លៀកបំពាក់មួយនៅជិត រោងកុនលុច្ស កាលពីប៉ុន្មានឆ្នាំមុន តែនាងបិទហាងដោយប្រាប់មហាជនថា គ្មានពេលវេលា នៅមើលហាង ។ តែមហាជនដែលនៅជិតហាងនាង ថានាងលក់មិនដាច់ទើបបិទទ្វារ ។

៦. កញ្ញា សុខ ពិសី
តារាចម្រៀងស្រីដ៏ល្បីល្បាញរបស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ធ្លាប់ជាម្ចាស់ហាងលក់សម្លៀកបំពាក់ ដែលសាង ពីញឹម ចាន់ថន តែនាងក៏សាងបន្តទៀត ដូច នាង ញឹម ចាន់ថនដែរ ក្រោមហេតុផលដូចគ្នា គឺគ្មានពេលមើលការខុសត្រូវគ្រប់គ្រាន់ ។ តែថ្មីៗនេះ កញ្ញា សុខ ពិសី ក៏បានបើកហាងលក់សុម្លៀកបំពាក់នេះ ជាថ្មីដែលចំណាយលុយច្រើនជាងមុន ដល់ទៅរាប់ម៉ឺនដុល្លារ តែត្រូវបានប្រភពទម្លាយថា ហាងនាងឥលូវដំណើរការ មិនសូវស្រួលទៀតហើយ ។

៧. លោក អេឡិច ចិន្ត្រា
លោក អេឡិច ចិន្ត្រា តារាសិល្បៈសម្បូរកម្មវិធី ជាងគេ ក្នុងពិភពសិល្បៈ បានបើកហាងនាំចូលគ្រឿង ក្រអូបពីប្រទេសតៃវ៉ាន់។ តារារូបនេះ បានបិទហាងរបស់ខ្លួនជាស្ថាពរហើយ ក្រោយបើកបានប្រមាណជាងមួយឆ្នាំ ។ គេនៅចាំបានថា គ្រាន់តែលោក ធ្វើពិធីសម្ពោធបើកហាងលក់នោះ ស្ទះផ្លូវអស់មួយចំហៀង រាជធានីឯណោះ ព្រោះកម្មវិធីលោក ធ្វើនៅកណ្ដាលក្រុង ប៉ុន្តែវាមិនសំខាន់ លើការសម្ពោធទេ សំខាន់លើដំណើរការ ។

ក្រៅពីតារាសិល្បៈទាំងនេះ គេក៏ឃើញមានតារាសិល្បៈផ្សេងៗទៀត ក៏បរាជ័យក្នុងមុខជំនួញរកស៊ី បែបនេះដូចគ្នា តែតារាសិល្បៈខ្លះ ព្យាយាមបិទបាំងខ្លាចខ្មាសគេ និងខ្លាចគេសើចចំអកថា ខ្លួនរកស៊ីមិនកើត ។ ប៉ុន្តែអ្នកសិល្បៈ ភាគច្រើនចូលចិត្តយកលេសថា គ្មានពេលមើលការខុសត្រូវណាស់ ដើម្បីលុបលាង ភាពអាម៉ាសរបស់ខ្លួន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី