ចិន៖ រថយន្តដំណើរការដោយ ថាមពលអគ្គីសនី ដែលមានទ្វា បើកឡើង (Scissor Doors) ដ៏អស្ចារ្យ ដែលបង្កើតឡើង ដោយនិស្សិត ជនជាតិចិនម្នាក់ បាននិងកំពុងតែ ធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងសរសើរ ពីសមត្ថភាព របស់និស្សិត រូបនោះ យ៉ាងខ្លាំង។


រថយន្តដំណើរការដោយ ថាមពលអគ្គីសនី ដែលមានទ្វា បើកឡើង (Scissor Doors) ដ៏អស្ចារ្យ

ជាមួយនឹង ផ្ទៃខាងក្រៅ ពណ៌ក្រហម ដ៏ស្រស់ស្អាត រថយន្តដំណើរការ ដោយថាមពលអគ្គិសនី មួយគ្រឿងនេះ អាចបើកបរ ក្នុងល្បឿន លឿនបំផុត ប្រហែល ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា និស្សិតជនជាតិចិន វ័យ២៧ឆ្នាំ មានឈ្មោះថា Chen Yinxi បានចំណាយពេល អស់កន្លះឆ្នាំ និងប្រាក់ប្រមាណ ៤,៥០០ដុល្លារអាមេរិក ក្នុងការបង្កើត រថយន្តដ៏អស្ចារ្យ នេះឡើង។

ជាមួយគ្នានេះដែរ សមិទ្ធផលរបស់ Yinxi ក៏បានទាក់ចិត្ត សាធារនៈជន ជាច្រើន ផងដែរ បន្ទាប់ពី Yinxi ត្រូវបានអញ្ជើញ ឲ្យចូលរួម ដាក់បង្ហាញរថយន្ត របស់ខ្លួន នៅក្នុងកម្មវិធី ពិពណ៌រថយន្ត 2015 Hainan International Automotive Industry Exhibition ប្រចាំឆ្នាំ២០១៥ នៅក្នុងទីក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន។

ជាងនេះទៅទៀត រថយន្តប្រភេទស្ព័រ ពណ៌ក្រហម មួយគ្រឿងនេះ បានទាក់ទាញ អ្នកចូលទស្សនា នៅក្នុងកម្មវិធី តាំងពិពណ៌រថយន្តនោះ ជាច្រើននាក់ ខណៈរថយន្ត មួយគ្រឿងនេះ ត្រូវបានធ្វើឡើង ដោយដៃ ដោយនិស្សិត ដែលបញ្ចប់ ការសិក្សា ផ្នែកវិស្វកម្មរថយន្ត រូបនេះ។


លោក Chen Yinxi និងរថយន្ត

យ៉ាងណាមិញ រថយន្តអគ្គីសនី ដែលមានល្បឿនលឿន មួយគ្រឿងនេះ នៅមានផលវិបាក តែមួយប៉ុណ្ណោះ ដោយសារតែ វាមិនទាន់ អាចបើកបរ ស្របច្បាប់ នៅលើផ្លូវជាតិបាន។

គួរបញ្ជាក់ផងដែរថា ដោយសារតែបានសិក្សា ផ្នែកវិស្វកម្មរថយន្ត នៅឯសកលវិទ្យាល័យ លោក Yinxi មានភាពវៃឆ្លាត នៅក្នុងវិស័យ ឧស្សាហកម្មរថយន្ត ថែមទាំងបាន រចនាម៉ូដរថយន្ត ផ្សេងៗទៀត ដើម្បីបង្កើត ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក Yinxi មិនច្បាស់ទេថា តើគាត់អាចបន្ត ចំណង់ចំណូលចិត្ត របស់គាត់ ដល់ពេលណាទៀត ខណៈដែល ក្រុមគ្រួសារ របស់គាត់ ចង់ឲ្យគាត់ទទួល រោងចក្រ មួយកន្លែង ដែលគ្រប់គ្រងដោយ ឪពុករបស់គាត់ ផ្ទាល់តែម្តង។

លោក Chen Ziming ឪពុករបស់ Yinxi បាននិយាយថា យ៉ាងណាក៏ដោយ លោកក៏នៅតែគាំទ្រ ចំពោះចំណង់ ចំណូលចិត្ត កូនដែរ ហើយគាត់សង្ឃឹមថា ការរចនាម៉ូដ រថយន្ត របស់ Yinxi នឹងមានការ ទទួលស្គាល់ ពីក្រុមហ៊ុន ផលិតរថយន្ត នៅថ្ងៃណាមួយ។

ថ្វីបើគ្មានសិទ្ធិ បើកបរ នៅលើផ្លូវជាតិ ក៏ពិតមែន ប៉ុន្តែ Yinxi បានរកវិធី ដើម្បីទទួលបាន ផលចំនេញខ្លះ ដោយលោក បានជួលរថយន្ត អគ្គីសនីមួយគ្រឿងនោះ ឲ្យទៅអ្នកថតរូប ដោយសារតែវា មានការរចនា ដ៏គួរឲ្យ ចាប់អារម្មណ៏ និងមានភាព ទាក់ទាញ ខ្លាំងមែនទែន៕



ប្រភព ៖ ចិន

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ