រាជធានីភ្នំពេញ ៖ ​ស្ត្រី​២​​នាក់​​បើក​រថយន្ត​ប្រញាប់​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ក្មួយ​នៅ​ ក្នុង​ក្លឹប​ជ្រុល​​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ បណ្តាល​​ឱ្យ​ដួល​រង​​របួស​ធ្ងន់​២​នាក់ ​ស្រាល​ម្នាក់ កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​​២៤ កក្កដា តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ​ស្ថិតក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ហើយ​រថយន្ត​ព្យា​យាម​​​បើក​រត់​គេច​ទៅ​ដល់​មុខ​ក្រសួង​​ធម្ម​ការ ​និង​សាសនា​ ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​​ដូន​ពេញ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ។

ប្រភពព័ត៌​មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​រថយន​្ត​កូរ៉ូឡា​ ស៊េរី​៩៥ ​ពណ៌​ឈាម​ជ្រូក ជិះ​គ្នា​២​នាក់ ជា​ស្ត្រី​ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​​កើត​ ស្រប​ទិស​គ្នា​ជា​មួយ​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​​​២០១២ ​ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​​ជា​យុវ​ជន ខណៈ​​មក​ដល់​ចំណុច​​ខាង​លើ​រថយន្ត​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​ បណ្តាល​ឱ្យ​​ដួល​រង​របួស​ធ្ងន់​២​នាក់ ស្រាល​ម្នាក់។ ជន​រងគ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​​បញ្ជូន​ទៅ​ព្យា​បាល​​នៅមន្ទីរ​ពេទ្យ​កាល់ ​ម៉ែត ។

​ក្រោយ​ពេល​សមត្ថ​កិច្ច​ឃាត់​​ខ្លួន​ជាប់​​ស្ត្រី​ ទាំង​២នាក់​នោះ​មិន​ព្រម​សារ​ភាព​ថា រថយន្ត​របស់​​គេ​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​ទេ ​ថែមទាំង​​ប្រើ​ពាក្យ​មិន​សម​រម្យ​ដាក់​សមត្ថ​កិច្ច​ ហើយ​បាន​​ទូរស័ព្ទ​​ហៅ​អ្នក​ជួយ​អន្តរា​គមន៍​ម្នាក់​ដែល​អះ​អាង​ថា ជា​សមត្ថ​កិច្ច​​ និងជាអ្នក​សារ​ព័ត៌​មាន​​ដែល​មិន​​មាន​អង្គ​ភាព​ច្បាស់​លាស់​បាន​ដក​​កាត​​ មក​គំរាម​សម​ត្ថ​កិច្ច​ និង​អ្នក​សារ​ព័ត៌​មាន​​ដែល​ចុះ​ទៅ​ថត​ទៀត​ផង  ។ ទោះ​បី​ជា​​យ៉ាង​ណា​រថយន្តបង្ក​ហេតុ​ និង​ស្ត្រី​​ទាំង​២​នាក់​នោះ​ត្រូវស​មត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ ល័យ​​ចរា​ចរ​ណ៍​ផ្លូវ​គោក​រង់​ចាំ​​ធ្វើ​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]