ភ្នំពេញ៖ តារាចម្រៀង ស្រីដ៏ល្បីល្បាញ និងពេញនិយម មួយរូប គឺកញ្ញា សុគន្ធ និសា ហាក់រក្សាបាន នូវកេរ្តិ៍ឈ្មោះក្នុងទីផ្សារ ចម្រៀងជាតារា លំដាប់កំពូល បានដដែល ដោយសារការ ទទួលបានតំណែង ជាបន្តបន្ទាប់ ក្នុងឋានៈជា អគ្គរាជទូត តំណាងឲ្យ ក្រុមហ៊ុនធំៗ មួយចំនួនក្នុង ប្រទេសកម្ពុជា។

កាលពីម្សិលមិញនេះ កញ្ញា សុគន្ធ និសា ទើបតែទទួល បានតំណែងជា អគ្គរាជទូត តំណាងឲ្យ ក្រុមហ៊ុនធំ មួយ ឈ្មោះថា mjams ដែលផ្តោតទៅ លើកម្មវិធីស្តាប់ និងទាញយកបទ ចម្រៀង តាមទូរស័ព្ទ Smartphone។ ថ្លែងនៅក្នុង សេចក្តីប្រកាស ព័ត៌មាន លោក Adrian Burton ដែលជា COO របស់ក្រុមហ៊ុន មួយនេះបាន បញ្ជាក់ពីមូល ហេតុជាច្រើន ដែលជាដើមចម នាំឲ្យរូបលោកមាន ទំនុកចិត្តជ្រើស រើសយកកញ្ញា សុគន្ធ​ និសា ធ្វើជាអគ្គរាជទូត ដោយមាន ប្រសាសន៍ថា​​៖ "នៅពេលដែល ខ្ញុំធ្វើការបង្ហាញ ពីឱកាសដ៏ ពិសេសនេះជា លើកទីមួយក្នុង ការប្រជុំជាមួយកញ្ញា សុគន្ធ និសា ខ្ញុំពេញចិត្តនឹង ភាពទំនើបនៃ ការរៀបចំខ្លួន ចំណង់ទៅ លើការងារ និងភាពឆ្លាតវៃ ក្នុងការធ្វើឲ្យ ការងារទទួល បានជោគជ័យ របស់នាង ដែលទាំងនេះ សុទ្ធសឹងតែជា គុណសម្បត្តិដែល យើងស្វែងរកសម្រាប់ អ្នកគ្រងតំណែង ជាអគ្គរាជទូត របស់ក្រុមហ៊ុនយើង"។ លោកក៏បាន បន្ថែមទៀតថា៖ "កញ្ញានិសា ជាតារាដែលមាន ឥទ្ធិពលម្នាក់ ហើយក៏ជាតារា ដែលមានកេរ្តិ៍ឈ្មោះ ដ៏គួរឲ្យគោរពមួយ ផងដែរក្នុង ប្រទេសកម្ពុជា។ នាងគឺជាស្រ្តី ដែលទំនើបម្នាក់ ដែលបានបង្ហាញ ពីឥទ្ធិពល និងភាពឯករាជ្យ ដោយមិនមែន មានតែសម្រស់ ប៉ុន្តែមានទាំងប្រាជ្ញាផងដែរ"។ ចំពោះតំណែង អគ្គរាជទូតនេះ បានធ្វើឲ្យបទ ចម្រៀងថ្មីៗ របស់កញ្ញា សុគន្ធ និសា នឹងត្រូវបានដាក់ បញ្ចូលឲ្យទាញ យកដោយគិត ប្រាក់ពីក្នុងកម្មវិធីនេះ ដែលអាចជា ផលវិបាកមួយ ប៉ុន្តែកញ្ញា សុគន្ធ និសា នៅតែបង្ហាញ ពីជំនឿចិត្ត ក្នុងការទទួល បានជោគជ័យ​ ដោយកញ្ញា បានលើកឡើងថា៖ "នាងខ្ញុំបានសម្លឹង ឃើញទឹកចិត្ត កូនខ្មែរបច្ចុប្បន្ន ពួកគេមានឆន្ទះ ខ្ពស់ក្នុងការជ្រោម ជ្រែងអ្វីដែលជា សមិទ្ធផលខ្មែរ ឧទាហរណ៍ដូចជាការគាំទ្រ ទៅលើបាល់ទាត់ ជម្រើសជាតិ កម្ពុជាថ្មីៗនេះ ពួកគេចង់លើក ទឹកចិត្តឲ្យខ្មែរខ្លាំង ដូច្នេះចំពោះ កម្មវិធីនេះ នាងខ្ញុំគិតថា ពួកគេពិតជា ហ៊ានចំណាយ ដើម្បីលើកកំពស់ វិស័យសិល្បៈខ្មែរ និងលើកទឹក ចិត្តដល់តារាចម្រៀង ដែលពួកគេ ពេញចិត្តឲ្យ មានទឹកចិត្ត ក្នុងការជំរុញ ឲ្យវិស័យនេះ កាន់តែលូតលាស់ ទៅមុខផងដែរ"។​

គួរបញ្ជាក់ផង ដែរថាបច្ចុប្បន្ន  កញ្ញា សុគន្ធ និសា នៅតែគ្រងតំណែង លំដាប់កំពូល ក្នុងចំណោមតារា ចម្រៀងស្រី៣រូប ដោយរួម ទាំងកញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធ កញ្ញាផងដែរ ដែលពួកគេ ទាំងបីនាក់ សុទ្ធតែមានលក្ខណៈ ពិសេសរៀងៗខ្លួន។






ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា