ស្វាយរៀង៖ បុគ្គលិកកាស៊ីណូពិភពថ្មីម្នាក់ ត្រូវបានពួកលក់ថ្នាំញៀន កាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ បន្ទាប់ពីបានចេញពីធ្វើការ នៅកាស៊ីណូ ហើយបានទៅរកហូបអ្វី នៅជិតកាស៊ីណូដែលខ្លួនធ្វើការ។ ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងបរិវេណកាស៊ីណូពិភពថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមក្រុមគ្រួសារ របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពៅ សារ៉ាន អាយុ ២៣ឆ្នាំ រស់នៅក្នុងឃុំចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាបុគ្គលិក របស់ការស៊ីណូពិភពថ្មី ត្រូវជនដៃដល់កាប់ត្រូវចំនួន ៤កាំបិត ដោយមួយកាំបិតត្រូវចំដៃឆ្វេង ដាច់អស់ម្រាម៤ និងបីកាំបិតទៀត ត្រូវចំក្បាលផុងលលាដ៍ រងរបួស ជាទម្ងន់ ហើយបន្ទាប់ពីកាប់រួច ត្រូវបានមិត្តភក្តិ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។

នៅក្នុងមន្ទីរពេទ្យ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានចេញពីធ្វើការ ហើយទៅរកហូបអ្វីនៅក្រៅកាស៊ីណូ ក៏បានជួបនឹងជនដៃដល់ រួចបាន ដេញកាប់គាត់។ បន្ទាប់មករូបគាត់ ក៏បានរត់ចូលមកដល់បរិវេណកាស៊ីណូពិភពថ្មី ដែលខ្លួនធ្វើការ ក៏ត្រូវជននោះកាប់ត្រូវចំនួន ៤កាំបិត សន្លប់ស្ដូកស្ដឹងតែម្ដង។

បើតាមជនរងគ្រោះ ជនដែលបានកាប់រូបគាត់នោះ គឺជាមនុស្សញៀនថ្នាំ និងជាអ្នកចែកចាយថ្នាំញឿន នៅតាមរង្គសាល និងនៅក្នុងកាស៊ីណូមួយចំនួនទៀត នៅក្រុងបាវិតផង ដែរ។ ទាក់ទងទៅនិងករណីនេះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខ្លួនមិនអាចប្រាប់បានទេ ព្រោះនគរបាលកំពុងតែ ស៊ើបអង្កេតករណីនេះ។

យោងតាមប្រភព ពីប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាវិត បាននាំគ្នារិះគន់ថា ករណីនេះ ប្រសិនបើកាស៊ីណូពិភពថ្មី ចង់សហការជាមួយសមត្ថកិច្ចនោះ គឺអាចរកមុខ អ្នកកាប់ជនរងគ្រោះ បានដោយងាយបំផុត ព្រោះអីកាស៊ីណូនីមួយៗមានសន្តិសុខ និងនគរបាលសន្តិសុខផ្ទៃ ក្នុងយាមការពារនៅទីនោះ យ៉ាងតឹងរ៉ឹងបំផុត។ ដូច្នោះ គេអាចចាប់ជនដៃដល់បានភ្លាមៗ ហើយម្យ៉ាងទៀត បើចាប់មិនបាន ពិតជាមានរូបភាពមិនខាន ព្រោះកាស៊ីណូនីមួយៗ មានបំពាក់កាមេរ៉ាគ្រប់ទីកន្លែង។ តែករណី នេះ ការស៊ីណូពិភពថ្មី របស់លោកឧកញ៉ា លី ប៉ោយូ មិនចង់ឲ្យបែកធ្លាយទេ ព្រោះជនដៃដល់ ជាអ្នកលក់ថ្នាំញៀន នៅតាមកាស៊ីណូមួយចំនួន នៅក្រុងបាវិតនេះ ហើយអាចលក់ នៅក្នុងកាស៊ីណូពិភពថ្មី របស់លោកឧកញ៉ា លី ប៉ោយូ ផងក៏មិនដឹង៕

www.dap-news.com

www.dap-news.com

ដោយៈ គុជ វិភាគ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]