កំពង់ចាម ៖ លោក ឃុន រ៉ាន់ ប្រធានសាខាគយ ខេត្ដកំពង់ចាម និងលោក ប៉ោ សួន ប្រធានអង្គភាព គ្រប់គ្រងហានិភ័យ ប្រចាំភូមិសាស្ដ្រ ដោយមានការដឹកនាំពីលោក ព្រះរាជអាជ្ញាសាលាដំបូង ខេត្ដកំពង់ចាម បានចុះឆែកឆេរឃ្លាំងលក់ម៉ូតូ អត់ពន្ធ ចំនួន ២កន្លែង នៅខេត្ដកំពង់ចាម រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២នេះ ។

តាមព័ត៌មានពីមន្ដ្រីគយ បានឱ្យដឹងថា ជាលទ្ធផល នៃការបង្ក្រាបម៉ូតូអត់ពន្ធ គឺបានចំនួន ៦៧ គ្រឿង ជាប្រភេទម៉ូតូចម្រុះ  ដោយទី១ នៅចំណុចផ្សារជីមាន់ ឃុំក្រែក ស្រុកក្រែក បង្ក្រាបបាន ៤៧គ្រឿង និងមួយកន្លែងទៀត នៅក្រុងកំពង់ចាម ខេត្ដកំពង់ចាម បាន ២០គ្រឿង។

មន្ដ្រីគយរូបនោះក៏បានបន្ថែមថា ពាក់ព័ន្ធនឹងការចុះបង្ក្រាបនេះ ស្ថិតក្រោមការណែនាំពីលោកបណ្ឌិត ប៉ែន សំអាត ប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ និងជាប្រធានលេខាធិការដ្ឋានរបស់គយ ជាពិសេសក្រោមការចង្អុលបង្ហាញពីលោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករ កម្ពុជា និងលោកអភិបាលខេត្ដកំពង់ចាម ។

ពាក់ព័ន្ធនឹងការចុះឆែកឆេរម៉ូតូអត់ពន្ធនេះ មន្ដ្រីគយបានឆ្លើយថា ម៉ូតូអត់ពន្ធជាច្រើនគ្រឿង ត្រូវបាននាំចូលមកពីប្រទេស ជិតខាង ហើយយកមកលក់នៅខេត្ដ ដែលជាប់ព្រំដែន ហើយនេះជាលើកទី២ហើយ  នៅក្នុងការចុះបង្ក្រាប ដោយកាលលើកទី១ នៅខែវិច្ឆិកា ឆ្នាំ២០១១ បង្ក្រាបបាន ៣០៣ គ្រឿង ៕

www.dap-news.com

www.dap-news.com

ដោយៈ លឹម​ ជាវុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]