ស្កុតឡែន៖ សមាជិកក្នុងក្រុមចម្រៀងបុរស របស់ប្រទេសស្កុតឡែនម្នាក់ ត្រូវគេដឹងថា បានដួលសន្លប់ វិះនឹងស្លាប់ នៅលើយន្តហោះ  បន្ទាប់ពី តារារូបនេះ អស់កម្លាំង និងក្តៅស្អុះខ្លាំងពេក ដោយសារពាក់អាវ ១២ជាន់ និង ស្លៀកខោច្រើនជាន់ ក្នុងពេលធ្វើដំណើរតាមយន្តហោះ។

តារាចម្រៀងរូបនេះ មានឈ្មោះ ​James McElvar ច្រៀងក្នុងក្រុម Rewind  បានសម្រេចចិត្ត ពាក់អាវរហូតដល់ ១២ជាន់ ដើម្បីជៀសវាង ការបង់ប្រាក់ ៤៥ផោន (៧០​ដុល្លារអាមេរិក) បន្ថែមលើថ្លៃលើសឥវ៉ាន់ លើយន្តហោះ អាកាសចរណ៍ EasyJet ។

ប្រភពព័ត៌មានបានឲ្យដឹងថា  McElvar តារាចម្រៀងវ័យ ១៩ឆ្នាំរូបនេះ​ បានធ្វើដំណើរតាមយន្តហោះ របស់អាកាសចរណ៍ EasyJet ពីទីក្រុង Stansted ទៅកាន់ទីក្រុង Glasgow ជាមួយមិត្តរួមក្រុម  ដោយមានបំណង ចង់យកវ៉ាលីមួយ និងកាបូបស្ពាយមួយ តាមខ្លួនពេលឡើងលើយន្តហោះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ អនុញ្ញាតឲ្យ អ្នកដំណើរម្នាក់ អាចយកតែ វ៉ាលី កាន់ជាប់ដៃ មួយប៉ុណ្ណោះ។

ក្រោយមក McElvar ត្រូវបានបុគ្គលិកអាកាសចរណ៍ ឲ្យបង់ថ្លៃបន្ថែម ៧០ដុល្លារ ប្រសិនចង់ស្ពាយកាបូបបន្ថែម មួយទៀត ប៉ុន្តែដោយចិត្តខ្លាំង មិនចង់ចំណាយលុយ  McElvar បានរើសំលៀកបំពាក់ចេញពីកាបូបស្ពាយ និង​យក ពាក់លើខ្លួនរបស់គេ ទាំងអស់។

ពេលនោះ McElvar បានពាក់ អាវយឺតដៃវែង៤ អាវយឺតដៃខ្លី៦ ស្លៀកខោខូវប៉ូយ៣ ស្លៀកខោខ្លីធម្មតា២ ពាក់អាវក្រៅ២ទៀត និងពាក់មួកចំនួន២ ផងដែរ។  ក្រោយមកពេល McElvar កំពុងជិះលើយន្តហោះ ស្រាប់តែមាន អាការៈមិនស្រួលក្នុងខ្លួន ហើយក៏ដួលសន្លប់តែម្តង។

គ្រូពេទ្យ បានប្រាប់ប្រភពព័ត៌មាន ឲ្យដឹងថា នេះជាសំណាងល្អរបស់ McElvar ដែលអាចរួចផុតពីការស្លាប់។ ក្រុមចម្រៀងនេះ បានបង្ហោះសារក្នុងបណ្តាញសង្គម ប្រាប់ទៅអ្នកគាំទ្ររបស់គេ ដោយបញ្ជាក់ថា McElvar ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរួចរាល់ហើយ ពេលនេះ គាត់បានត្រលប់ទៅផ្ទះវិញ នៅទីក្រុង  Glasgow ផងដែរ៕

សមាជិកក្រុមចម្រៀង Rewind និង តារាចម្រៀង McElvar 


សារបង្ហោះក្នុង Twitter ដែល ក្រុម Rewind បានបង្ហោះ

ប្រភព BBC

ដោយ៖ ទីន​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]