ខេត្ត​សៀម​រាប​ និង​បន្ទាយ​មាន​ជ័យ ៖ អំពើ​ប្លន់​​យ៉ាង​ព្រ​ហើន​​ពី​សំណាក់​ក្រុម​ចោរ​​លើ​តូប​អ្នក​លក់​មាស​​ ប្តូរ​ប្រាក់​​នៅ​ផ្សារ​ពួក​​ ខេត្ត​សៀម​រាប និង​ផ្សារ​គត្ត​សត ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ពិត​ជា​​​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​មួយ​ពី​សាធារណ​​មតិ​ ដោយ​សារ​តែ​​ការ​ធ្វើ​សកម្ម​ភាព​ប្លន់​យ៉ាង​​ពេញ​មុខ​ហាក់​ដូច​ជា​គ្មាន​​ កោត​ញញើត​​​សមត្ថ​កិច្ច​បន្តិច​ណា​សោះ ។ ​ចំពោះ​អំពើ​ប្លន់​នៅ​ខេត្ត​សៀម​រាប​​ ទោះ​បី​ត្រូវ​បាន​បង្ក្រាប​ក្នុង​​រយៈ​ពេល​៣​ម៉ោង​ក្រោយ​មក​ក្តី ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​រន្ធត់​​ចិត្ត​ផង​ដែរ ដោយ​សារ​​ប្រជា​ពល​រដ្ឋ​​៤​​នាក់​ដែល​ត្រូវ​ក្រុម​ចោរ​​ចាប់​ជា​ចំណាប់​ ខ្មាំងបាន​​ស្លាប់​​ម្នាក់​ និង​របួស​​២​នាក់ ចំណែក​​ក្រុម​នោះ​​​ស្លាប់​៣​នាក់​ និង​របួស​ម្នាក់ ។

ដោយ​ឡែក​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ឯ​ណោះ​វិញ ថ្វី​បើ​ការ​តាម​ប្រមាញ់​ភ្លាមៗ​​ដែរ​នោះ​​បាន​ត្រឹម​តែ​​ចាប់​ជន​សង្ស័យ​​៤ ​នាក់​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​ដែលក្រោយ​មក​​គ្រាន់​តែ​ជា​ជន​សង្ស័យ​​ ប៉ុណ្ណោះ មិន​មែន​ជា​មុខ​សញ្ញា​​ចោរ​ប្លន់​​អ្ន​ក​លក់​មាស​​ក្នុង​ផ្សារ​​គត្ត​សត ស្រុក​អូរ​ជ្រៅ​នោះ​ទេ ហើយ​ការ​តាម​ប្រមាញ់​​ក្រុម​ចោរ​ដែល​រត់​គេច​ខ្លួន​នោះ ក៏​​បាន​ធ្វើ​ឡើង​​នៅ​ថ្ងៃទី​២៤ កក្កដា ​បន្ត​ទៀត​​ ​និង​បាន​ប្រើ​ប្រាស់​កម្លាំង​សហ​ការ​​រាប់​រយ​នាក់​​ផង​ដែរ ។ ខាង​ក្រោម​នេះ ​ជា​សេចក្តី​រាយ​ការណ៍​​ព័ត៌​មាន​​ពី​ខេត្ត​សៀម​រាប និង​ខេត្ត​បន្ទាយ​មាន​ជ័យ សម្រាប់​ព័ត៌​មាន​បន្ថែម​​ជុំ​វិញ​អំពើ​ប្លន់​អ្នក​លក់​មាស​នេះ ។

កម្លាំង​​​សមត្ថ​កិច្ច​​​ចម្រុះ​រាប់​សិបនាក់​​​តាម​ប្រមាញ់​​​ចោរ​ប្លន់​​​​​​​​ច្រឡំ​យុវ​ជន​ម្នាក់​​រត់​ចេញ​ពី​ព្រៃ​

​​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សមត្ថ​កិច្ច​​​ស្ទើរ​​គ្រប់​អង្គ​ភាព​​​​ពាក់​ព័ន្ធ​​​ បាន​បន្ថែម​​​​​​កម្លាំង​​​យ៉ាង​ច្រើ​​​​​ន​ឆ្ពោះ​ទៅ​​​ភូមិ​​យាង​​​​ដង្គុំ ​ ឃុំ​អូរ​​​បី​ជាន់​​ ស្រុក​អូរ​ជ្រៅ​​ ក្រោយ​ពី​​​បាន​​ឃើញ​​​យុវ​ជន​​​​ម្នាក់​​​រត់​​​ចេញ​ពី​ក្នុង​ព្រៃ​​​ ខណៈ​​សមត្ថ​កិច្ច​​​​​កំពុង​តាម​​​​ប្រមាញ់​​​ពី​ក្រោយ​​​ហើយ​ហៅ​​​មិន​ព្រម ​​ឈប់​​​​ តែ​ធាតុ​ពិត​​ជា​កូន​អ្ន​ក​ភូមិ​​​​ និង​​អះ​អាង​​​ថា ការ​​រត់​នោះ​ ​​ដោយ​សារ​​ខ្លាច​​​​គេ​ចាប់​វះ​​យក​ក្រលៀន​​ ព្រោះ​មាន​​​ពាក្យ​​ចចា​ម​អារ៉ាម​​​ថា មួយ​រយៈ​​​​នេះ​មាន​ប្រមាត់​ប្រមង់​​​ចាប់​វះ​​​យក​ក្រលៀន។​ ​​ករណី​​​នេះ​បាន​​​កើត​​​ឡើង​នៅ​ព្រឹក​​​ថ្ងៃទី​២៤ កក្កដា ​​។
​​​​ការ​ បន្ថែម​​​​​កម្លាំង​សមត្ថ​កិច្ច​​​​​យ៉ាង​ច្រើន​​​ឆ្ពោះ​​ទៅ​ភូមិ​​​ខាង​លើ​ គឺ​​​​​ធ្វើ​ឡើង​​​​បន្ទាប់​ពី​​​មាន​ព័ត៌​មា​ន​​​ពី​ចំណុច​​​កើត​ហេតុ​​​​ ថា មាន​​ជន​​ម្នាក់​​​រត់​​​ចេញ​ពី​ក្នុង​ព្រៃ​​ ហើយ​ហៅ​មិន​ព្រម​ឈប់​​ ខណៈ​សមត្ថ​កិច្ច​​​ជាច្រើន​​​កំពុង​ប្រមាញ់​​​ចាប់​ក្រុម​​ចោរ​​ដែល​​​ចូល​ ប្លន់​​ទូ​មាស​​​​​នៅ​ផ្សារ​​​គត្ត​​សត​ ក្នុង​ឃុំ​​​​កូប​​ ស្រុក​អូរ​ជ្រៅ​​ ​កាល​ពី​រសៀល​​​ថ្ងៃទី​​​​២៣ កក្កដា ។​

​​យុវ​ជន​​​​​ដែល​រត់​​​​​​ចេញ​ពី​ព្រៃ​នោះ​​​ឈ្មោះ​​ ​រ៉ើន​ ​រ៉ា អាយុ​​​២៣​ឆ្នាំ ​​មាន​ទី​លំនៅនៅ​ក្នុង​​ភូមិ​​កើត​ហេតុ​​បាន​ប្រាប់​ថា ​រូប​គេ​ទៅ​មើល​ស្រែ​ ហើយ​ពេល​​ដើរ​​ចេញ​​ពី​ស្រែ​មក​ក៏​ដើរ​​​បាញ់​​សត្វ​តាម​​ព្រៃ លុះ​​ឃើញ​សមត្ថកិច្ច​ច្រើន​​ប្រដាប់​​ទៅ​ដោយ​អាវុធ​​នៅ​​តាម​​ដំបូក​គេ​ក៏​​ ​រត់​មក​ផ្ទះ ព្រោះ​​កន្លង​មក​​ឮ​ពាក្យ​ច​ចាម​អារ៉ាម​​ថា​មាន​ប្រមាត់​ប្រមង់​វះ​យក​ ក្រលៀន​ដោយ​មិន​​ដឹង​ថា ជា​ក្រុម​សមត្ថកិច្ច​តាម​​ចាប់​ចោរ​នោះ​ទេ ។ នៅ​ក្នុង​ភូមិ​​ សមត្ថកិច្ច​បាន​​បន្ថែម​កម្លាំង​​ជា​ច្រើន​នាក់​​ដូច​ជា​​លើក​ទ័ព​ទៅ​សមរ​ ភូមិ​​ដូច្នេះ​ដែរ និង​បាន​ឃាត់​ខ្លួន​​យុវជន​​ខាង​លើ​សួរ​នាំ​ តែ​ដោយ​មាន​ការ​អះ​អាង​​ពី​អ្នក​ស្រុក​ក៏​ដូច​ជា​​ឪពុក​ម្តាយ​ថា ជា​មនុស្សល្អ​ទើប​​សមត្ថកិច្ច​នាំ​គ្នា​ត្រឡប់​​ទៅ​វិញ ។ ​

កម្លាំង​​សមត្ថកិច្ច​ចម្រុះ​ដែល​ឆ្ពោះ​ទៅ​កន្លែង​​កើត ​ហេតុ ​គេ​ឃើញ​មាន​វត្ត​មាន​លោកខេង ស៊ុម ស្នង​ការ​​នគរ​បាល​​ខេត្ត​ លោក​ម៉ែន ភិរម្យ មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ។ ​​ក្រោយ​ពី​​សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​ សាច់​ញាតិ​​​ក៏បាន​នាំ​​គ្នា​​បន់​ស្រន់​​ដោយ​​យក​ស្លឹក​​ឈើ​​សៀត​ត្រចៀក​ តាម​អបិយជំនឿ​និង​បាច​អង្ក​​​របណ្តេញ​គ្រោះ​ចង្រៃ​ផង​ដែរ ។ ​ហេតុការណ៍​ដែល​កើត​មាន​ខាង​លើ​ដោយ​​សារ​តែ​​សមត្ថកិច្ច​​កំពុង​ពង្រឹង​​ កម្លាំង​តាម​ប្រមាញ់​​ក្រុម​ចោរ​​ដែល​ធ្វើ​សកម្ម​ភាព​​ប្លន់​ទូ​​មាស​នៅ​ ផ្សារ​អគ្គ​​សត​ ក្នុង​ឃុំ​​កូប ស្រុក​​អូរ​ជ្រៅ ​។

សូម​រំ​ឭក​ថា ​​កាលពី​រសៀល​ថ្ងៃ​​ទី២៣ កក្កដា​​ ផ្ទះ​លក់​​មាស​និង​លក់​គ្រឿង​​កាឡៃចំនួន​​២ បាន​​ត្រូវ​​​ក្រុម​ចោរ​​ចូល​ប្លន់​​​ក្នុង​នោះ​​ផ្ទះ​​​លក់​មាស​​​របស់​ ឈ្មោះ​​ម៉ៅ តែម ​​អាយុ​៤៨ឆ្នាំ  ប្រពន្ធ​ឈ្មោះ​​​​ហាច  ​សាលីន អាយុ​៣៨ឆ្នាំ​ ក្រុម​ចោរ​ប្លន់​​​យក​អស់​​មាស​សរុប​​ប្រហែល​​២០​តម្លឹង​ ​​​ប្រាក់​​អាមេ​រិក​​​​៥​ពាន់​​ដុល្លារ ព្រម​ទាំង​​លុយ​​​​បាត​​​និង​លុយ​​រៀល​​​​​​មួយ​ចំនួន​ទៀត ​។ ឯផ្ទះ​​លក់​គ្រឿង​​​​​កាឡៃ​មាន​ម្ចាស់​ឈ្មោះ​​ហាយ បូរ៉ា ប្រពន្ធ​ឈ្មោះ​​ឆន សុវណ្ណ ហៅ​​ម៉ាច ត្រូវ​​​ក្រុម​​ចោរ​​យក​​​គ្រឿង​កាឡៃ​​ជា​​ខ្សែ​ដៃ​និង​ខ្សែ.ក​​ សរុប​ជាទឹក​ប្រាក់​​ប្រហែល​ជាង​៣​ពាន់​​ដុល្លារ​ ។ ប៉ុន្តែ​​គ្រួសារ​​​​នេះ​​អះអាង​​ថា ​​យក​​​​បាន​វិញ​៣០% ​ព្រោះ​​​ខណៈ​​​មាន​ការ​បាញ់​​តដៃគ្នា​​​​នោះ ​ក្រុម​ចោរ​បាន​ធ្វើ​ឱ្យ​​ជ្រុះ​​រាយ​ប៉ាយ​​​លើ​ដង​ផ្លូវ​​​ហើយ​​ត្រូវ​​ ប៉ូលិស​រើស​​ឱ្យ​វិញ​ចំនួន​៣​ដុំ ។ ចំណែក​ផ្ទះ​លក់​​មាស​មួយ​កន្លែង​​​​ទៀត​​ប្តី​ឈ្មោះ​​ងួន វណ្ណៈ ​​ប្រព​ន្ធ​​​ឈ្មោះ​​គុណ ថារី ពុំ​ត្រូវ​បាន​​​ចោរ​​ចូល​ប្លន់​​​​ទេ ដោយ​​សារ​ផ្ទះ​មួយ​នេះ​ម្ចាស់​​​​​​ទាញ​​​​ទ្វារ​ចាក់​សោ​​ទាន់ពេល​ ។​

​​​អំពើ​​ប្លន់​​នៅ​ផ្សារ​គត្ត​សតនេះ ក្រុម​ចោរ​និង​​សមត្ថ​​កិច្ច​​បានប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​​​មួយ​ប្រាវ​​​ ​ដែរ និង​បណ្តាលឱ្យ​មន្ត្រី​ប៉េអឹម​​​​ស្រុក​អូរជ្រៅ​​​មួយ​រូប​​ត្រូវ​​ចោរ​បាញ់ ​​​ចំប្រអប់​ជើង​ឆ្វេង​​​របួ​ស​ ហើយ​​រថយន្ត​​របស់​លោក​មេ​បញ្ជាការ​​​ប៉េអឹម​ស្រុក​​​មួយ​រូប​ ក៏​ត្រូវ​​​​ចោរ​បាញ់​ធ្លុះ​​កញ្ចក់​ពី​ម្ខាង​ទៅ​ម្ខាង​ផង​ដែរ​ ។ ​ក្រោយ​ពី​មាន​​អំពើ​ប្លន់​​​​នោះ​ បុរស​៤នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ក្នុ​ង​​នោះ​​ម្នាក់​ជាជន​ ជាតិ​​ថៃ និង​៣នាក់​​ជាជន​ជាតិ​ខ្មែរ​​ ។

តាម​ប្រភព​ពី​​សមត្ថ​កិច្ច​​បង្ហើប​ថា បុរស​ទាំង​៤​​នាក់​អាច​​​មិន​ជាប់​ពាក់​ព័ន្ធ​​​នឹង​អំពើ​​ប្លន់​នេះ​ទេ ដោយ​បុរស​​៣នាក់​ជាមួយ​រថយន្ត​​កាមរី​​ស៊េរី​​១៩៩៥​មួយគ្រឿង​​អះអាង​ថា ​ពួក​ខ្លួ​ន​​ទើប​មក​ពី​ផឹក​ស៊ី​​នៅ​ហាង​បុកល្មុត​​ស្ថិត​នៅក្នុង​​ក្រុង​ សិរី​សោ​ភ័ណ ហើយ​ពេ​​​​​ល​បើក​បរ​​ពី​កើត​​មកលិច​ដល់​ចំណុច​កើតហេតុ​ឃើញ​គេ​ដេញ​បាញ់​ក៏​ បើក​​​រថយន្ត​ចូល​ទៅ​រក​កន្លែង​​ពួន និង​​ត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង​ ។ ឯបុរស​ម្នាក់​ទៀត​​អះអាង​ថា ​ខ្លួន​នៅ​​ភូមិកូប​​ខាង​កើត​​ ហើយ​មុន​ពេល​កើត​ហេតុ​ ​ឪពុក​​​​ដែ​ល​បួស​​ជាសង្ឃ​បាន​ទូរ​ស័ព្ទ​ហៅ​ឱ្យ​មកក៏​ជួប​ពេល​កើតហេតុ​ ការណ៍ និង​​ត្រូវ​​សមត្ថកិច្ច​​​ឃាត់​ខ្លួន​​តែ​ម្តង​​ ​។​ ធាតុ​ពិត​​ក្រុម​ចោរ​​បាន​រត់​​បាត់​ស្រមោល​​ ប៉ុន្តែ​​មក​ដល់​រសៀល​​ថ្ងៃ​២៤ កក្កដា ជន​សង្ស័យ​​ខ្មែរ​​-ថៃ​​ទាំង​៤​នាក់​​ពុំ​ទាន់​​ត្រូវ​បាន​​ដោះ​លែង​​នៅ​ឡើយ ​ទេ​ ដោយ​សមត្ថកិច្ច​​​និយាយ​ថា ទុក​ធ្វើការ​​សួរ​នាំ​បន្ត​​សិន ៕​ 

កម្លាំង​សមត្ថ​កិច្ច​មាន ប៉ូលិស ប៉េអឹម និង​ទាហាន តាម​ប្រមាញ់​ចោរ​ប្លន់

យុវជន​ដែល​រត់​ចេញ​ពី​ព្រៃ​ផ្អើល​សមត្ថ​កិច្ច​បន្ថែម​កម្លាំង

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]