ខេត្ត​កំពង់​ឆ្នាំង​​​ ៖ ការ​ជ្រើស​រើស​គូ​ស្រក​​រ​មិន​មែន​ជា​ការ​ងាយ​ និង​អាច​លេង​សើច​បាន​ឡើយ ​ដូច​ពាក្យ​ចាស់​លោក​ថា ធ្វើ​ស្រែ​ខុស​មួយ​ឆ្នាំ​​ នៅ​មួយ​ឆ្នាំ​ទៀត​ ប៉ុន្តែ​​បើ​យក​ប្រពន្ធ​​ខុស​គឺ​ខុស​មួយ​ជីវិត​ ។ យ៉ាង​ណា​មិញ បុរស​ពោះ​ម៉ាយ​ អាយុ​៣៥​ឆ្នាំម្នាក់ ​បាន​រៀប​ការ​ពេញ​ច្បាប់​​ជា​មួយ​នាង​ក្រមុំ​ដ៏​ស្រស់​ស្អាត​ អាយុ​​១៨​ឆ្នាំម្នាក់ និង​បាន​រួម​រស់​​ក្រេប​ទឹក​ឃ្មុំ​បាន​តែ​១០​ថ្ងៃ​ ស្រាប់​តែ​​​នាង​ជា​ភរិយា​​ក្មេង​​បាន​រត់​ចោល​ប្រុស​ថ្លៃ​ដែល​​ស្រឡាញ់​ ស្មោះ​អស់​ពី​ដួង​​ចិត្ត ពុំ​ដឹង​ថា​នាង​ទៅ​ទី​ណា ? ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា នាង​​ទំនង​ជា​​រត់​ទៅ​ជា​មួយ​និង​អន្ទិត​​ម្នាក់​ដែល​​ទើប​លាចាក​សិក្ខា​បទ ។

នេះ​មិន​មែន​ជា​ការ​លេង​សើច ឬ​មាន​ចេតនា​​បង្អោន​បង្អាប់​លើ​គូ​ស្នេហ៍​មួយ​គូ​នេះ​​ ឬ​តួ​អង្គ​ណា​ម្នាក់​របស់​គូ​ស្នេហ៍​នេះ​ឡើយ​ ប៉ុន្តែ​​វា​ជា​រឿង​​ពិត​​មួយ​បាន​កើត​ឡើង​​​រវាង​កូន​កំលោះ​ពោះ​ម៉ាយ​​ អាយុ​៣៥​ឆ្នាំ រៀប​ការ​ និង​កូន​ក្រមុំ​​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ភ្នៀត​ ឃុំ​ផ្សារ​ ស្រុក​បរិបូណ៍ ​ដែល​ក្រោយ​រៀប​ការ​​រួម​រស់​​ជា​មួយ​គ្នា​បាន​១០​ថ្ងៃ ស្រី​ថ្លៃ​បាន​ចុះ​​ចោល​ដោយ​គ្មាន​​ការ​​អាឡោះ​អាល័យ ឱ្យ​ដេក​ឱប​រូប​ថត​មង្គល​ការ​មមើ​មមាយ​ជា​រៀង​រាល់​យប់ ។ ពិត​ណាស់ទស្សនៈ​​មួយ​បាន​និយាយ​ថា ​យើង​គប្បី​រៀប​ការ​​ជា​មួយ​នរណា​​ដែល​ស្រលាញ់​យើង​ ជា​ជាង​​រៀប​ការ​​ជា​មួយ​អ្នក​ដែល​​មិន​​ស្រលាញ់​យើង។

ជួប​ជា​មួយ​កូន​កំលោះ​អភ័ព្វ​ស្នេហ៍​វ័យ​៣០​ ប្លាយឆ្នាំ​ បាន​និយាយ​រៀប​រាប់​ពី​ដំណើរ​រឿង​​រហូត​ដល់​ចុង​បញ្ចប់​​ កើត​ក្តី​ឈឺ​ចាប់ប្រាប់​កោះ​សន្តិ​ភាព​​ថា រូប​គេ​​ឈ្មោះ ញង់ ​ជឿន អាយុ​៣៥​ឆ្នាំ​ រស់​នៅ​ជា​មួយ​ម្តាយ​ជា​ស្ត្រីមេ​ម៉ាយ ឈ្មោះ កុក​ រីន អាយុ​៥៥​ឆ្នាំ ​ក្នុង​​ភូមិ​ភ្នៀត ឃុំ​ផ្សារ​ ក្រុង​កំពង់​ឆ្នាំង​ បាន​ស្រលាញ់​នារី​​ម្នាក់​ឈ្មោះ ស៊ុន ​ស៊ី​ថៃ ​អាយុ​១៨​ឆ្នាំ ដែល​មាន​ផ្ទះ​​នៅ​ក្នុង​​ភូមិ​ជា​មួយ​គ្នា​​ ។ ដោយ​ការ​ស្រលាញ់​ទប់​ចិត្ត​មិន​បាន​ក៏​ឱ្យ​ម្តាយ​​នាំ​ចាស់​ទុំ​ទៅ​ចូល​ស្តី ​​ដណ្តឹង​​តាម​ប្រពៃ​ណី និង​បាន​រៀប​ការ​​កាល​ពី​ដើម​ខែ​កក្កដា ​នេះ ។ ​បុរស​​រូប​នោះ​បាន​បន្ត​ថា ​នៅ​ពេល​​ចូល​ស្តី​ដណ្តឹង​ នាង​ឈ្មោះ ស៊ុន ស៊ី​ថៃ ​ហាក់​មាន​ការ​អល់​អែក​ខ្លះ​ដែរ​ ដោយ​សុំ​ពេល​មួយ​ថ្ងៃ​​ដើម្បី​គិត ។​​​ លុះ​​ស្អែក​ឡើង​​ក៏​បាន​ទៅ​រក​គ្រូ​ទស្សន៍ទាយ​ដឹង​ថា​​ល្អ​ ក៏​ត្រឡប់​មក​វិញ ក៏​យល់​ព្រម​រៀប​ការ​ ហើយ​ពិធី​រៀប​ការ​ក៏​​បាន​ចាប់​ផ្តើម​ឡើង​យ៉ាង​​ឆាប់​រហ័ស​ដោយ​មិន​បង្អង់​ យូរ​​ទេ ដោយ​ខាង​ប្រុស​​ គឺ​រូប​គាត់​ជា​អ្នក​ចេញ​ថ្លៃ​រៀប​មង្គល​ការ​​ទាំង​អស់ ។ ​ការ​ចំណាយ​អស់​ប្រហែល​​ជាង​៨​លាន​រៀល​ គឺ​ស្មើនឹង​​២.០០០ដុល្លារ​ ដោយ​មាន​ភ្ញៀវ​​ចូល​រួម​​យ៉ាង​ច្រើន​​កុះ​ករ​ទៀត​​ផង​ ។ ក្រោយ​ពេល​រៀប​ការ​​ហើយ​កូន​ក្រមុំ​បាន​មក​រស់​នៅ​លើ​ផ្ទះ​របស់​គាត់​ជា​ ប្តី​​ ព្រោះ​តែ​គាត់​មាន​តែ​២​នាក់​ម្តាយ​ចំណាស់ ។

បុរស​ពោះ​ម៉ាយ​ប៉ះ​​ប្រពន្ធ​ក្មេង​ខ្ចី​​ បាន​តែ​មួយ​រយៈ​ពេល​ខ្លី​រូប​នោះ បាន​បន្ត​​​រៀប​រាប់​ដោយ​ក្តី​ឈឺ​ចាប់​ថា ក្រោយ​ពេល​រៀប​ការ​ហើយ​គឺ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​ជា​ធម្មតា​ដូច​ប្តី​ -ប្រពន្ធ​​រៀប​ការ​ថ្មី​ថ្មោង​​ឯ​ទៀត​ដែរ ​គ្រាន់​តែ​នាង​ក្មេង​​មាន​ភាព​ខ្មាស​់​អៀន​បន្តិ​ច​បន្តួច​​ជា​ទម្លាប់​ របស់​នារី​ខ្មែរ​ ។ ប៉ុន្តែ​​បាន​ត្រឹម​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃ​​ចន្ទ​ទី​១៨ ខែ​កក្កដា ប្រពន្ធ​ជា​ទី​ស្រលាញ់​ដែល​ទើប​បាន​រួម​រស់​ជា​មួយ​គ្នា​១០​ថ្ងៃ​ បាន​រត់​ចោល​រូប​​គាត់​ដោយ​គ្មាន​អាល័យ​ និង​គ្មាន​កំហុស ។

​នៅ​ព្រឹក​ថ្ងៃ​នោះ​គឺ​នាង​បាន​ទៅ​ផ្សារ​ទិញ​ត្រី​ សាច់​​មក​ធ្វើ​ម្ហូប​ជា​ធម្ម​តា ប៉ុន្តែ​រហូត​​ដល់​ម៉ោង​ជាង​១១​ថ្ងៃ​ត្រង់​ទៅ​ហើយ​ នៅ​តែ​មិន​ឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ទៀត​ រូប​គាត់​ក៏​ទៅ​រក​ ហើយ​ក៏​បាន​ប្រទះ​ឃើញ​តែ​​កង់​ដែល​នាង​ជិះ​ទៅ​ផ្សារ ដែល​កង់​នោះ​នាង​បាន​ដាក់​ផ្ញើ​នៅ​ផ្ទះ​គេ​ជិត​ផ្សារ​​បរិបូរណ៍ ដោយ​មាន​កន្ត្រ​កមួយ​ភ្ជួរ​នៅ​ដៃ​កង់ និង​មាន​ត្រី​ប្រា​​១​ក្បាល ផ្លែ​ត្រឡាច​​១ ដាក់​ក្នុង​កន្ត្រក​សម្រាប់​ធ្វើ​ម្ហូប ។ ចំពោះ​ស្រមោល​ប្រពន្ធ​​បាន​បាត់​ទៅ​​ហើយ​មិន​ដឹង​ទៅ​ទី​ណា​ទេ ។ ​គាត់​បាន​យល់​ថា​ ប្រពន្ធ​គាត់​គឺ​ពិត​​ជា​រត់​ចោល​គាត់​ទៅ​ហើយ ។ ប្រភព​ដដែល​បាន​បន្ត​ថា ​ប៉ុន្មាន​ថ្ងៃ​មុន​​ពេ​ល​នាង​ចាក​ចេញ​ទៅ​ ពេល​យប់​ៗ​ប្រពន្ធ​​គាត់​តែង​​បាន​ទទួល​​ទូរស័ព្ទ​​ដែល​គាត់​ជា​ប្តី​មិន​ បាន​ស្គាល់​​ ព្រោះ​ពេល​ទទួល​ទូរស័ព្ទ​​នាងតែង​​រត់​ចុះ​ដី​ទៅ​និយាយឆ្លង​ឆ្លើយ​គ្នា ហើយ​ពេល​នាង​ឡើង​មក​លើ​ផ្ទះ​វិញ​​​នាង​ប្រាប់​ថា ទៅ​បត់​ជើង ។ បុរស​​រូប​នេះ​បាន​កត់​សម្គាល់​ថា ​នៅ​យប់​ថ្ងៃ​ទី​១៧ កក្កដា ​ប្រពន្ធ​គាត់​បាន​ចុះ​ដី​ទៅ​និយាយ​ទូរស័ព្ទ​​មាន​រយៈ​ពេល​ជិត​២​ម៉ោង ទើប​ឡើង​​មក​​លើ​ផ្ទះ​វិញ លុះ​ស្អែក​​ឡើង​​ស្រាប់​តែ​នាង​រត់​ចោល​គាត់​​តែ​ម្តង។

បុរស​រូប​នោះ​បាន​ដាក់​ការ​សង្ស័យ​ថា គាត់​មាន​ការ​សង្ស័យ​​លើ​ប្រពន្ធថ្មី​​របស់​គាត់​​បាន​រត់​​ទៅ​តាម​ប្រុស​​ ម្នាក់​ដែល​ធ្វើ​ជា​មេ​ជាង​សំណង់​ នៅ​វត្ត​​ព្រះ​ឥន្ធ​ទេព ក្នុង​ឃុំ​​មេ​លុំ ស្រុក​បរិបូរណ៍ ​ដែល​អន្ទិត​រូប​នោះ​ជា​អតី​ត​​ភិក្ខុ​​បួស​រៀន​នៅ​វត្ត​នេះ និង​ពេល​សឹក​វិញ​ធ្វើ​ជា​​ជាង​សំណង់ និង​រស់​នៅ​ក្នុង​វត្ត​នេះ​ទៀត ហើយ​ធ្លាប់​​ជួប​គ្នា​ជា​មួយ​ប្រពន្ធ​​គាត់ ។ លុះ​បាត់​ប្រពន្ធ​​​ អន្ទិត​​រូប​នោះ​ក៏​​បាត់​ពី​វត្ត​​ដែរ ។ ទោះ​ជា​យ៉ាង​ណា​គាត់​គ្រាន់​តែ​ដាក់​ការ​សង្ស័យ​​តែ​ប៉ុណ្ណោះ ​ហើយ​បើ​ទុក​ណា​ពេល​នេះ​​រូប​គាត់​ស្រឡាញ់​ផ្កាប់​មុខ​ ដេក​រវើ​រវាយ​ជា​មួយ​រូប​ថត​​មង្គល​ការ​ យ៉ាង​ណា​​ក៏​ដោយ​ចុះ​​ តែ​ប្រសិន​​នាង​ជា​ប្រពន្ធ​​ត្រឡប់​មក​វិញ​ក៏​គាត់​មិន​ទទួល​​យក​ធ្វើ​ជា​ ប្រពន្ធ​​ទៀត​ដែរ ​សុំ​តែ​ថ្លៃ​បណ្ណា​ការ​ជាង​​២​ពាន់​ដុល្លារ​​មក​វិញតែ​ប៉ុណ្ណោះ​ ។

ស្ត្រី​ឈ្មោះ សឹង ឃា អាយុ​៤៥ ឆ្នាំ ដែល​ត្រូវ​​ជា​ម្តាយ​​នាង​​ប្រពន្ធ​ក្មេង​ បាន​និយាយ​​ថា គាត់​មិន​បាន​ដឹង​ថា​កូន​ស្រី​​គាត់​រត់​ទៅ​ទី​ណា​ទេ​។ ​នៅ​ពេល​គេ​ចូល​ស្តី​ដណ្តឹង​​ កូន​ស្រីប្រាប់​ថា​សុំ​ពេល​មួយ​យប់​​គិត​​មើល​សិន​ លុះ​ស្អែក​​ឡើង​ក៏​​បាន​មក​សុំ​ប្រាក់​​គាត់​៥​ពាន់​រៀល​ទៅ​ឱ្យ​គ្រូ​ទស្សន៍ ​ទាយ ហើយ​ពេល​ត្រឡប់​មក​វិញ​ក៏​ប្រាប់​ថា យល់​ព្រម​​ ទើប​គាត់​ប្រាប់​ទៅ​ដន្លង​​ខាង​ប្រុស​ថា ព្រម​លើក​ឱ្យ​ហើយ ​ដោយ​ខាង​ប្រុស​ជា​អ្នក​ចាត់​ចែង​ចេញ​ថ្លៃ​មង្គល​ការ​ទាំង​អស់ ។ ​ប៉ុន្តែ​​ការ​ហើយ​បាន​១០​ថ្ងៃ​កូន​ស្រី​គាត់​​ស្រាប់​តែ​រត់​ចោល​គេ​ គាត់​ក៏​មិន​ដឹង​ដែរ ​មិន​ដឹង​ជា​កូន​ស្រី​អាក់​អន់​ស្រពន់​ចិត្ត​រឿង​​អ្វី ឬ​​ក៏ដូច​គេ​សង្ស័យ​​មែន​ក៏​មិន​ដឹង​ ព្រោះ​ពេល​ការ​ហើយ​​កូន​ទៅ​នៅ​ខាង​​ប្រុស​រហូត​ដល់​ពេល​បាត់​ខ្លួន ។ ចំពោះ​រឿង​​ខាង​ប្រុស​ទារ​ថ្លៃ​បណ្ណាការ​នោះ គាត់​ថា​គ្មាន​ទេ​ គាត់​សព្វ​ថ្ងៃ​​ក្រ​ណាស់​​ រក​អង្ករ​ច្រក​ឆ្នាំង​សឹង​មិន​បាន ដូច​ដន្លង​​ខាង​ប្រុស​​ឃើញ​ស្រាប់​​ហើយ ទើប​គេ​យក​ទៅ​រៀប​ការ​​ខ្លួន​គេ​ ។ សព្វ​ថ្ងៃ​​គាត់​មាន​ប្តី​​ដូច​ស្រី​មេ​ម៉ាយ ព្រោះ​ប្តី​​ទៅ​​ធ្វើ​ការ​នៅ​ថៃ​បាត់​ស្រមោល​ឈឹង​តែ​ម្តង ។

ដោយ​ឡែក​​ស្រ្តី​ឈ្មោះ កុក រីន ​អាយុ​៥៥​ឆ្នាំ ដែល​ត្រូវ​ជា​ម្តាយ​ខាង​ប្រុស​វិញ បាន​និយាយ​ថា ​គាត់​បាន​ប្តឹង​​ទៅ​នគរ​បាល​​ប៉ុស្តិ៍​រួច​ហើយ គឺ​សុំ​​ទារ​ថ្លៃ​បណ្តា​ការ​វិញ​ចំនួន​២​ពាន់​ដុល្លារ ។ ព្រោះ​តែ​ខាង​​ស្រី​ធ្វើ​នេះ​ដូច​មក​បោក​កូន​ប្រុស​គាត់​​ និង​គាត់​ទាំង​​ភ្នែក​ស្រស់ ។ គាត់​មិន​បាន​ទៅ​បង្ខិត​​បង្ខំ​នោះ​ទេ គឺ​ទៅ​ដណ្តឹង​​តាម​ប្រពៃ​ណី តាម​ច្បាប់ ​បើ​មិន​ពេញ​ចិត្ត​ម៉េច​មិន​ប្រកែក ។ លុះ​ដល់​​​ការ​ហើយ​ម៉េច​​ចាំ​រត់​ចោល​គ្នា នេះ​មិន​ដូច​ជា​បោក​ទេ​ឬ ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ភាព​មិន​ចុះ​សម្រុង​​គ្នា​ក្រោយ​ពេល​រៀប​ការ​នេះ​ តែង​កើត​​មាន​ហូរ​ហែ​ដែរ ប៉ុន្តែ​​ការ​សម្រេច​​ឈ្នះ​ចាញ់​មាន​តែ​ផ្លូវ​ច្បាប់​នោះ​ទេ​ដែល​អាច​កាត់​ សេចក្តី​បែប​ណានោះ ។

គួរ​រំលឹក​​ដែរ​ថា ​ការ​បរាជ័យ​ជីវិត​​គូ​ស្រករ​សម្រាប់​លោក ញង់​ ជឿន ​ជា​លើក​ទី​២​នេះ មិន​ដឹង​ថា​ធ្វើ​ឱ្យ​លោក​ចុះ​ចាញ់​ចំពោះ​​ព្រហ្មលិខិត​នេះ ឬ​បែប​ណា​ទេ ដែល​ស្នេហ៍​ទី​១​របស់​​លោក​គឺ​បាន​បញ្ចប់​គ្នា​ដោយ​ការ​​លែង​លះ​​ ដោយ​សារ​តែ​ការ​រស់​នៅ​ជា​មួយ​ប្រពន្ធមុន​នោះ​១​ឆ្នាំ​គ្មាន​កូន។ លោក​បាន​លែង​លះ​ប្រពន្ធ​ទី​១​មក​ដល់​ពេល​នេះ​មាន​រយៈ​​ពេល​៤​ឆ្នាំ​ហើយ ៕

រូប​ភាព​នៅ​ថ្ងៃ​​រៀប​អាពាហ៍​ពិពាហ៍​រវាង​កូន​កំលោះ និងកូន​ក្រមុំ

ស្ត្រី​ជា​​ម្តាយ​ខាង​​កូន​ក្រមុំ​

ម្តាយ​ខាង​កូន​កំលោះ​

រូប​ភាព​នៅ​ថ្ងៃ​​រៀប​អាពាហ៍​ពិពាហ៍​រវាង​កូន​កំលោះ និងកូន​ក្រមុំ

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]