ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បាន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះស្ដ្រីម្នាក់ ខណៈដែលពួកគេ កំពុងធ្វើ សកម្ម ភាពប្រើ ប្រាស់និងចែកចាយគ្រឿងញៀននៅក្នុង សណ្ឋាគារផ្កាឈូកទិព្វទី២ នៅបន្ទប់លេខ ២៤៧ ដែលមានទីតាំងស្ថិតនៅសង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់ លោក ជួន ណារិន បានមានប្រសាសន៍ ថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលតែងតែធ្វើ សកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏សកម្មខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ ដោយមានការចូលរួមសហការ ពីកម្លាំង នគរបាលខណ្ឌទួលគោក  និងកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមគរ បន្ទាប់ពីសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកជួន ណារិន បានបន្ដថា ក្រោយ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នេះ សមត្ថកិច្ចរបស់លោកបានដកហូតវត្ថុ តាងមួយចំនួន រួមមានគ្រឿងញៀន ៧កញ្ចប់ ថ្នាំគ្រវី ៩៧គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ ។

បើយោងតាមមន្ដ្រីនគរបាលរូបនេះ ជន សង្ស័យទាំង៣ រួមមានទី១ ឈ្មោះសុខ លី ភេទប្រុស អាយុ៣០ឆ្នាំ  មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួល តាម បណ្ដោយផ្លូវលំ ភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ,ទី២ ឈ្មោះសាក់ វ៉ាន់រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជួញដូរ គ្រឿងញៀន បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល តាមផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៣ ឈ្មោះភុំ សុខាបញ្ញា ហៅញ៉ា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ស្រុកកំណើតនៅក្រុងព្រះ សីហនុ ហើយបច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រូបនេះ បានបន្ដទៀតថា ជនសង្ស័យ ទាំង៣ ត្រូវបានសមត្ថកិច្ចរបស់លោកបាននឹង កំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។

ក្រោយសមត្ថកិច្ចចាប់បានមុខសញ្ញាប្រើ ប្រាស់និងចែកចាយគ្រឿងញៀន ក្នុងសណ្ឋា គារផ្កាឈូកទិព្វទី២ ខាងលើនេះ គេរង់ចាំ មើលថា តើអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធ មានវិធានការយ៉ាងដូចម្ដេច ចំពោះសណ្ឋាគារ ដែលមានឈ្មោះល្បីមួយនេះ ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]