ខេត្តសៀមរាប ៖ ស្ដ្រីគ្រូទាយវ័យ៥៥ឆ្នាំម្នាក់កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ នេះ មានការរន្ធត់ចិត្ដរហូតដួលសន្លប់ស្ដូកស្ដឹងនៅក្នុងបរិវេណរបងអគាររដ្ឋបាលសាលាដំបូងខេត្ដសៀមរាប បន្ទាប់ពីកូនស្រី-ប្រុសរបស់ខ្លួន២នាក់ត្រូវបានតុលាការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់២ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំ ពីបទ «ទទួលផលចោរកម្ម» និង«សមគំនិតក្នុងអំពើឃាតកម្មដោយចេតនា» ទៅលើនិស្សិតស្រីនៃសាកលវិទ្យាល័យបៀលប្រាយដែលប្រព្រឹត្តនៅភូមិវត្ដស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាបកាលពីថ្ងៃទី២ កក្កដា ២០១១ កន្លងទៅ។
ស្ដ្រីដែលដួលសន្លប់ទាំងជំហរនោះឈ្មោះជា យ៉ាត អាយុ៥៥ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជាគ្រូទាយ ចំណែកកូនប្រុស-ស្រីរបស់គាត់ទាំងពីរដែលជាជនជាប់ចោទម្នាក់ឈ្មោះគឹម ស្រីដា ភេទស្រី អាយុ៣៧ឆ្នាំជាប់ចោទពីបទ «ទទួលផលចោរកម្ម»ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់គុករយៈពេល២ឆ្នាំ និងម្នាក់ទៀតឈ្មោះគឹម ឡា ភេទប្រុស អាយុ២៩ឆ្នាំ ជាប់ចោទពីបទ «សមគំនិតក្នុងអំពើឃាតកម្ម» ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់គុករយៈពេល២៥ឆ្នាំ។
លោកម៉ន កែវស៊ីវិន មេធាវីការពារក្ដីឱ្យជនជាប់ចោទពីរនាក់ខាងលើ មានប្រសាសន៍អះអាងថា ការដួលសន្លប់របស់ស្ដ្រីជាម្ដាយជនជាប់ចោទដោយសារតែស្ត្រីរូបនេះមានការរន្ធត់ចិត្ដខ្លាំងពេកនៅពេលដែលបានស្ដាប់ឮការសម្រេចរបស់តុលាការ ដោយកូនគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះ ។
លោកបានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌនោះត្រូវបានលោកចៅក្រម ឌុច សារិទ្ធិ ប្រធាន ប្រឹក្សាជំនុំជម្រះលើកយកមកប្រកាសកាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១២ បន្ទាប់ពីបានបើកសវនាការ កាលពីថ្ងៃទី២៦ មករា ២០១២ កន្លងទៅ៕
ដោយ ៖ ប្រុសកោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]