ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​រង​របួស​ពោរ​មុខ​បាន​អះអាង​ថា នាង​ត្រូវ​ បុរស​ម្នាក់​ វាយ​សន្លប់ រួច​រំលោភ​ លើ​ទឹកដី​ថៃ កាលពី​វេលា​ទៀប​ ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ខេត្ត​អាយុ​ធ្យា ខណៈ​ប្ដី​ជាប់ រវល់​ធ្វើការ​ ពេល​យប់ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ អ​.​ភ អាយុ​៣១​ឆ្នាំ ជា​កម្មករ​នៅ​សិប្បកម្ម​ ផលិត​ទឹកកក​ មួយ​កន្លែង​ក្នុង​ ខេត្ត​អាយុ​ធ្យា ប្រទេស​ថៃ និង​មាន​ទីលំនៅ​សង្កាត់​ និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​រង​គ្រោះ​រង​របួស​ផ្ទៃមុខ និង​ដងខ្លួន​មាន​ស្នាម​ជាំ​ជា​ ច្រើន​កន្លែង ព្រមទាំង​មាន​ ស្នាម​ខាំ​ផង​ដែរ បាន​រៀបរាប់​ថា កាលពី​វេលា​ ម៉ោង​ ២​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា​កន្លង​ ទៅ​ថ្មី​ៗ​នេះ ពេល​ប្ដី​រវល់​ ធ្វើការ​ពេល​យប់ នាង​ដេក​ ក្នុង​បន្ទប់​ជួល​ម្នាក់ឯង ស្រាប់តែ​បុរស​ ម្នាក់​ជា​កម្មករ​ ដូច​គ្នា និង​ជា​អ្នកស្រុក​ ភូមិ​ជាមួយគ្នា​ បាន​លបចូល​​ បន្ទប់​​បន្លំធ្វើ ​ជា​ប្ដីរបស់​នាង ហើយ​ចាប់រំលោភ​ នាង​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ដោយសារ​នាង​ដឹង​ថា មិនមែន​ជា​ប្ដី​ ក៏​ប្រតាយ ប្រតប់​ជាមួយ​ បុរស​សង្ស័យ តែ​ត្រូវ​បុរស​នោះ​ដាល់​លើ​ផ្ទៃមុខ និង​ពោះ​ ជា​ច្រើន​ដៃ​ រហូត​សន្លប់ រួច​រំលោភ​ បាន​សម្រេច ។ ក្រោយ​ពី​រំលោភ​ នាង​រួច គេ​បាន​យក​កម្រាលពូក​ រុំ​ក្បាល​នាង​ ទំនងជា​នឹក​ ស្មានថា​នាង​ស្លាប់ ប្រុង​អូស​ចេញ​ ទៅ​ក្រៅ តែ​ចៃដន្យ​ជួប​ ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​ ដែល​ធ្វើការ ​ជាមួយ​គ្នា ជនសង្ស័យ​ក៏​ អូស​នាង​ចូល​ ក្នុង​បន្ទប់​កន្លែង​ កើតហេតុ​វិញ ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​ដែល​រឿងរ៉ាវ​ខាងលើ​បែក​ការណ៍ គាប់​ជួន​ នាង​បាន ដឹង​ខ្លួន​វិញ ក៏​រត់​ទៅ​ហៅ​ប្ដី​នាង​ដែល​ធ្វើការ​ នៅ​ក្បែរ​កន្លែង​កើតហេតុ​ ទាំង​គ្មាន​សំលៀក​បំពាក់ មាន​ត្រឹមតែ​ កម្រាលពូក​ រុំ​ព័ទ្ធ​ខ្លួន​តែ​ប៉ុណ្ណោះ ។ ភ្លាម​ៗ​នោះ​កម្មករ​ រួម​អាជីព​ទាំង​ខ្មែរ ទាំង​ថៃ បាន​ព័ទ្ធ​ចាប់​ បុរស​សង្ស័យ​ប្រគល់​ ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ថៃ ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រ៉ុ​ម សុភា អាយុ​១៨​ឆ្នាំ ជា​កម្មករ​ រួម​អាជីព និង​មាន​ទីលំនៅ​ក្នុងភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​សមត្ថកិច្ច​ ថៃ​ចាប់​ឃុំ​តែ​ មួយ​យប់​ប៉ុណ្ណោះ ក៏​ត្រូវ​ថៅកែ​ នាង​ធានា​ចេញពី​ស្ថានីយ​ តម្រួត​ថៃ ហើយ​បណ្ដេញ​ចេញ ពី​កន្លែងធ្វើការ សង្ស័យ​ខ្លាច​ មានរឿង​រ៉ាវ​ ដល់​ខ្លួន ។ មិនតែប៉ុណ្ណោះ​ថៅកែ​របស់​នាង​បាន​ អង្វរ​សុំ​ឲ្យ​នាង​ ដក​ពាក្យបណ្ដឹង ​ពី​ស្ថានីយ​តម្រួត​ ថៃ​ទៀត​ផង ។

ស្ត្រី​រង​គ្រោះ​ក្រោយ​ពី​ជួប​រឿង​អាក្រក់​បាន​នាំ​ប្ដី​ប្រពន្ធ​មក​ ស្រុក​កំណើត​វិញ​ ដើម្បី​ដាក់​ពាក្យ បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។​ នាង​បន្ត​ថា ពេល​ដែល​នាង និង​ប្ដី​មក​ដល់​ លំនៅ​ដ្ឋា​ន​ភ្លាម ឪពុក​ម្ដាយ​ជន សង្ស័យ​បាន​សុំ​សម្រុះសម្រួល​ ដោយ​សងជម្ងឺ ចិត្ត​នាង​៤.០០០​បាត ប្រាក់​ថៃ តែ​នាង និង​គ្រួសារ​មិន​ព្រម បន្ទាប់​មក​ ឪពុក​ម្ដាយ​ជនសង្ស័យ​បាន​ តម្លើង​ថ្លៃ​ដល់​២០.០០០​បាត​ (២​ម៉ឺន​បាត​)​ នៅផ្ទះ​មេ​ភូមិ ។ តែ​នាង និង​គ្រួសារ ព្រមទាំង​ សាច់ញាតិ មិន​ព្រមយក​ សំណង​នេះ​ ក៏​នាំ​គ្នា​ទៅ​ដាក់​ ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ នគរបាល​ សង្កាត់​និមិត្ត​ កាលពី​ថ្ងៃ​ទី​៥ កក្កដា ទាមទារ​សំណង​ ១០​លាន​រៀល តែ​មក​ដល់​ពេល​នេះ​ ពុំ​ទាន់​មាន​ដំណោះ ស្រាយ​នៅឡើយ​ទេ​។

ជនសង្ស័យ​ឈ្មោះ​រ៉ុ​ម សុភា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ជន​នេះ​ កំពុង​គេចខ្លួន​ នៅ​ឯ​ស្រុក​ថៃ​ មិន​ហ៊ាន​ត្រឡប់​មក​ ស្រុកវិញទេ ។

លោក​ម៉ា​រិ​ន មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​បាន​ប្រាប់​ «​កោះសន្តិភាព​»​ថា ករណី​ខាងលើ​ ពិតជា​កើត​មាន​មែន គឺ​ជន​រង​គ្រោះ​ បាន​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ របស់​លោក​ ដើម្បី​ឲ្យ​ជួយ​ រក​យុ​ត្តិ​ធ​ម៌ ។ ទោះជា​យ៉ាងណា​លោក​ មេ​ប៉ុស្តិ៍​ប្រាប់​ថា បញ្ហា​ខាងលើ​ សមត្ថកិច្ច​ពិបាក​ធ្វើការ​ ណាស់ ព្រោះ​ជនសង្ស័យ​ គេចខ្លួន​នៅ​ថៃ​នៅឡើយ ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ នៅផ្ទះ​ជន​រង​គ្រោះ​ គេ​ឃើញ​មាន​មន្ត្រី នៃ​សមាគម​ការពារ​សិទ្ធ​មនុស្ស​លី​កាដូរ​ បាន​ចុះ​សួរនាំ​ជន​ រង​គ្រោះ​ផង​ដែរ​ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]